អ្នក​ជំនាញ​ចិត្តសាស្រ្ត​ការងារ​លោក រ៉េត ធារុម៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កុំ​ជ្រើស​រើស​បុគ្គលិក​តាម​រយៈ​ការ​លម្អៀង​ផ្នែក​ចិត្ត​រំភើប​​



បុគ្គលិក​ប្រៀប​ដូច​ជា​សរសៃ​ឈាម​របស់​​ក្រុមហ៊ុន​ ដូច្នេះ​ការ​ជ្រើស​រើស​បុគ្គលិក​ គឺ​ជា​រឿង​សំខាន់​ណាស់​ប្រសិន​បើ​យើង​ជ្រើស​រើស​បុគ្គលិក​ខុស​នោះ ​នៅ​ក្នុង​ក្រុមហ៊ុន​ និង​ជួប​ប្រទះ​នូវ​បញ្ហា​និង​ការ​រាំង​ស្ទះ​មិន​ខាន។ លោក រ៉េត ធារុម  (RET Thearom) សាស្រ្តាចារ្យ​ផ្នែក​ចិត្ត​វិទ្យា បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​ វេទិកា​អ្នក​គ្រប់​គ្រង​ធនធាន​មនុស្ស​កម្ពុជា​នៅ​ឯ​សណ្ឋាគារ​ The Great Duke Phnom Penh កាល​ពីពេល​ថ្មីៗ​នេះ​ថា អ្នក​គ្រប់​គ្រង​ធនធាន​មនុស្ស​មិន​គួរ​ជ្រើស​រើស​បុគ្គលិក​ទៅ​តាម​ការ​លម្អៀង​ផ្នែក​ចិត្ត​រំភើប​របស់​ខ្លួន​នោះ​ទេ។

សាស្រ្តាចារ្យ​រូប​នេះ​បាន​លើក​ឡើង​ថា អំឡុង​ពេល​សម្ភាសន៍​ការ​ងារ​គឺ​ជា​ពេល​ដ៏​សំខាន់​ ដែល​អ្នក​គ្រប់​គ្រង​ធនធាន​មនុស្ស​គួរ​មាន​ជំនាញ​នៅ​ក្នុង​ការ​សង្កេត​ ដោយ​ត្រូវ​ចេះ​​មើល​ទៅ​លើ​​ អាកប្បកិរិយា ​ការ​សម្ដែង ​និង​ការ​និយាយ ត្រូវ​ព្យាយាម​កុំ​ឲ្យ​មាន​ការ​លម្អៀង​ផ្នែក​ចិត្ត​រំភើប​ដែល​គេ​ហៅ​ថា​ Subjectivity គឺ​ត្រូវ​ព្យាយាម​ស្ដាប់​ហើយ​កុំ​ធ្វើ​ការ​វាយ​តម្លៃ​ឬ​សន្និដ្ឋាន​ភ្លាម​ៗ​ពេក។ ជួន​កាល​អ្នក​ខ្លះ​ជ្រើស​រើស​យក​បុគ្គលិក​ម្នាក់​ ​ដោយ​សារ​តែ​ការ​ពេញ​ចិត្ត​​ ​អត្តចរិត​របស់​គេ​ ឬ​មួយ​បុគ្គល​ម្នាក់​​ហ្នឹង​​មាន​មុខ​មាត់​ដូច​គ្រួសារ​ឬ​សាច់​ញាត្តិ​របស់​ខ្លួន​ជា​ដើម​ដោយ​មិន​បាន​គិត​អំពី​ភាព​​សក្ដិសម​នៅ​ក្នុង​តួនាទី​ការងារ​នោះ​ឡើយ​។

​ការ​នេះ​ ​ធ្វើ​ឲ្យ​គាត់​ជ្រើស​រើស​យក​បុគ្គល​នោះ ​មក​ធ្វើ​ជា​បុគ្គលិក ​ដោយ​​មាន​ការ​លម្អៀង​ផ្នែក​ចិត្ ត​រំភើប​ ដោយ​យើង​មិន​បាន​វិភាគ​និង​វាយ​តម្លៃ​ដោយ​ផ្អែក​ទៅ​លើ​ហេតុផល​រួម​ ទ្រឹស្ដី​ឬ​វិជ្ជាជីវៈ​នោះ​ឡើយ។  អ្នក​ជំនាញ​រូប​នេះ បាន​បន្តទៀត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​លម្អៀង​ផ្នែក​ចិត្ត​រំភើប​ច្រើន​ជាង​គេ​គឺ​ដោយ​សារ​តែ​ពេល​ខ្លះ​អ្នក​គ្រប់​គ្រង​ធនធាន​មនុស្ស​ឬ​អ្នក​សម្ភាន៍​ការងារ​អាច​​មាន​សម្ពាធ​ការងារ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​​ មាន​ទំនោរ​សួរ​តែ​សំណួរ​បិទ​រូម​ជា​មួយ​​ការ​លម្អៀង​ផ្នែក​ចិត្ត​រំភើប​ផង​ រួច​ធ្វើ​ការ​វិនិច្ឆ័យ​ទៅ​លើ​បុគ្គលិក ដែល​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​កំហុស​ឆ្គង​កើត​ឡើង ឧទាហរណ៍​ គាត់​ជា​មនុស្ស​មិន​ពូកែ​និយាយ​ស្ដី​ប៉ុន្តែ​តួនាទី​ការ​ងារ​របស់​គាត់ ​គឺ​មិន​ទាក់​ទង​​នឹងមនុស្ស​ដែល​ពូកែ​និយាយ​ស្ដី​នោះ​ទេ។

លោក​បាន​បន្ថែម​ទៀត​ថា​ មនុស្ស​ម្នាក់​ៗ​មាន​ការ​យល់​ឃើញ​ខុសៗ​គ្នា​អាស្រ័យ​ទៅ​តាម​បទ​ពិសោធន៍​នៃ​ការ​រស់​នៅ​ ដូច្នេះ​មនុស្ស​មួយ​ចំនួន​​ ​មាន​ទំនោរ​និយាយ​ច្រើន​ជាង​ស្ដាប់ ​ហើយ​និយាយ​លើក​ខ្លួន​ឯង​និយាយ​ការពារ​ខ្លួន​ឯង​ជាង​អ្នក​ដ​ទៃ តាម​ពិត​មនុស្ស​មិន​មាន​ល្អ​ឬ​អាក្រក់​នោះ​ទេ​ប៉ុន្តែ​ទង្វើ​របស់​គាត់​គឺ​ឆ្លុះ​បញ្ចាំង​ពី​យន្តការ​ការ​ពារ​​ខ្លួន​របស់​ពួកគាត់​ដែល​ធ្វើ​ឲ្យ​គាត់​ត្រូវ​បាន​គេ​ទទួល​យក​ឬ​មិនត្រូវ​បាន​គេ​ទទួល​យក​នៅ​ក្នុង​ស្ថាន​ភាព​ណា​មួយ​ជាក់​លាក់​ជា​ដើម​។ ដូច្នេះ​យើង​ត្រូវ​ព្យាយាម​ស្ដាប់​និង​សង្កេត​ឲ្យ​បាន​ហ្មត់ចត់​នោះ​យើង​និង​អាច​មើល​ឃើញ​ពី​ធម្មជាតិ​នៃ​បាតុភូត​ផ្លូវ​ចិត្ត​របស់​គាត់។

ដើម្បី​កុំ​ឲ្យ​មាន​ភាព​លម្អៀង​ផ្នែក​ចិត្ត​រំភើប​យើង​ត្រូវ​ផ្ដោត​ទៅ​លើ​ការ​វាយ​ដោយ​ផ្អែក​លើ ​Objectivity​ ដែល​ជា​ការ​វាយ​តម្លៃ​ដោយ​ផ្ដោត​ទៅ​លើ​គោល​ការណ៍​ជា​រួម​ទូទៅ​ ដោយ​យើង​វាយ​តម្លៃ​ថា​អាច​ជ្រើស​រើស​យក​ឬ​មិន​ជ្រើស​យក​បុគ្គល​ណា​ម្នាក់​ មក​ធ្វើ​ការ​គឺ​ដោយ​ផ្នែក​លើ​ហេតុ​ផល​និង​ការ​សម្អាង​ត្រឹម​ត្រូវ​ សួរ​នូវ​សំណួរ​ដែល​មាន​ទម្រង់​បើក​ និង​ព្យាយាម​ស្ដាប់​គាត់​ឲ្យ​បាន​ច្រើន ពិសេស​គឺ​ប្រើ​ក្រសែភ្នែក​និង​ចលនា​ភ្នែក​ដើម្បី​សង្កេត​។

សាស្រ្តាចារ្យ​ផ្នែក​ចិត្តវិទ្យា​ លោក រ៉េត ធារុម៖ «នៅ​ក្នុង​មជ្ឈដ្ឋាន​ការ​ងារ ​អ្នក​ត្រូវ​ជឿ​ថា ​មនុស្ស​នៅ​តែ​ជា​មនុស្ស​ កុំ​មើល​មនុស្ស​តែ​សំបក​ក្រៅ​»

អត្ថបទ៖ ជួប ស្រីរ័ត្ន

X
5s