ការ​តាំង​ពិព័រណ៌​អាជីវកម្ម ខ្នាតតូច និងមធ្យម នៅកម្ពុជា​



ការចាប់ផ្ដើមអាជីវកម្មមួយ​ មិនមែនជារឿងដែលងាយស្រួលនោះឡើយ ​ពោល​គឺ​មាន​បញ្ហាជាច្រើនដែលត្រូវប្រឈមពិសេសគឺបញ្ហាដើមទុនបានក្លាយជាបញ្ហាដ៏ធំមួយសម្រាប់ការដំណើរការអាជីវកម្ម។ ដោយសម្លឹងឃើញពីបញ្ហាទាំងនេះ ទើបក្រុមហ៊ុន Anussa សហការជាមួយក្រុមហ៊ុននានារៀបចំជាកម្មវិធី ការតាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា ក្នុងគោលបំណងផ្ដល់ឱកាសដល់សហគ្រិននិងអ្នកដែលមានបំណងបង្កើតអាជីវកម្មដោយខ្លួនឯងអាចសិក្សាស្វែងយល់កាន់តែច្បាស់ទាក់ទន​វិស័យនេះ ដែលកម្មវិធី​នេះ​ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០១-០២ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៨ល្ងាច នៅមជ្ឈមណ្ឌលកោះពេជ្រអគារ L។ លោក សេង ពិសិដ្ឋ ស្ថាបនិកក្រុមហ៊ុន Anussa បានមានប្រសាសន៍នៅក្នុងកម្មវិធីសន្និសីទ​សារព័ត៌មាន​​ កន្លងទៅនេះថា សម្រាប់ការចាប់ផ្ដើមអាជីវកម្មគឺពិតជារឿងដែលលំបាកខ្លាំងណាស់ ទីមួយគឺពិបាករឿងលុយប្រសិនបើយើងចាប់ផ្ដើមដោយគ្មានលុយ ៣ ទៅ ៤មឺនដុល្លាពឹងផ្អែកទេ​ពិតជាពិបាកក្នុងការរកស៊ីណាស់ ម្យ៉ាងយើងតែងតែបារម្ភខ្លាចថា ផលិតផលដែលយើងលក់ទៅគ្មានគេទិញ មួយទៀតរឿងអាយុបើយើងនៅក្មេងៗពេក​ក៏​ពិបាក​ម្យ៉ាង​ដែរ។ ដូច្នេះ តាមរយៈកម្មវិធីនេះ​ នឹង​ផ្ដល់ភាពងាយស្រួលដល់ពួកគាត់​ ផ្ដល់ឱកាសឲ្យពួកគាត់មានទំនាក់ទំនង​ និង​ស្គាល់​គ្នា​បាន​កាន់​តែ​ស្អិត​ល្មួត។ ក្នុងកម្មវិធីនេះផងដែរ លោក សោម សម្បត្តិ អង្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ CAMPAINT មានប្រសាសន៍ថា ការហក់ចូលទៅក្នុងវិស័យសហគ្រិន គឺជាការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិឲ្យរីកចម្រើនបានលឿន បើយើងមើលទៅប្រទេសសិង្ហបូរី ក្នុងរយៈពេល ២០-៣០ឆ្នាំ គឺយុវជនគេបានចូលរួមយ៉ាងច្រើននៅក្នុងវិស័យជំនួញធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសមួយនៅក្នុងអាស៊ីអាគ្នេយ៍ដែលមានសេដ្ឋីវ័យក្មេងច្រើន ដែលធ្វើឲ្យប្រទេសនេះក្លាយទៅជាប្រទេស​មាន​ចំណូល​ខ្ពស់បំផុត។ ​កម្មវិធី​នេះ​បើក​ឱ្យ​មាន​ការ​ចូលរូមដោយសេរី​​ ​ដើម្បីមានឱកាសជួបជាមួយសហគ្រិន និងម្ចាស់អាជីវកម្មមកពីវិស័យផ្សេងៗគ្នាចែករម្លែកនូវបទពិសោធន៍ល្អៗទាក់ទង​នឹង​វិស័យនេះ និងចូលរួមស្វែងយល់ពីផលិតផល និងសេវាកម្មថ្មីៗដែលបង្កើតពីសហគ្រិនកម្ពុជា ពីវិស័យសំខាន់ៗដូចជា៖ បច្ចេកវិទ្យា​ ស្ថាបត្យកម្ម​  អប់រំ​ ទេសចរណ៍​ សិប្បកម្ម​ ចំណីអាហារ​ សម្លៀកបំពាក់​​ ដឹកជញ្ជូន​ ធនាគារ​ កសិកម្ម​ ផ្សព្វផ្សាយ, អាជីវកម្ម franchise៕
X
5s