ទម្លាប់អាក្រក់ទាំង ៨ ដែលនិស្សិតសាកលវិទ្យាល័យ គួរជៀសវាង ដើម្បីលទ្ធផលល្អប្រសើរ​



ការសិក្សានៅសាកលវិទ្យាល័យ អាចនិយាយបានថាជាពេលវេលាដ៏សំខាន់សម្រាប់យើងក្នុងការអភិវឌ្ឍន៍ចំណេះដឹង និង ជំនាញ ដើម្បីយកទៅបំពេញការងារឬប្រកបរបរចិញ្ចឹមជីវិត។ បើលទ្ធផលនៃការសិក្សាមានលក្ខណៈល្អប្រសើរ នោះយើងក៏មានភាពភាពងាយស្រួល​ ក្នុងការស្វែងរកការងារផងដែរ។ ដូច្នេះនិស្សិតសាកលវិទ្យាល័យគួរប្រកាន់នូវ ទម្លាប់ល្អៗ ដែលអាចជួយពួកគេក្នុង​ការ​អភិវឌ្ឍខ្លួនឯង ហើយត្រូវជៀសវាងទម្លាប់មិនល្អមួយចំនួន។

បើតាមការចុះផ្សាយរបស់គេហៈទំព័រ www.oxford-royale.co.uk មានទម្លាប់អាក្រក់ចំនួន ៨ ដែលនិស្សិតសាកលវិទ្យាល័យ មិនគួរធ្វើដាច់ខាត បើចង់ក្លាយខ្លួនជានិស្សិតឆ្លើម និង ជោគជ័យក្នុងពេលអនាគត៖

១.ទុកការងាររហូតដល់ថ្ងៃកំណត់ទើបធ្វើ៖ ការពន្យាពេលធ្វើកិច្ចការរបស់ខ្លួន ជាទម្លាប់ដែលនិស្សិតភាគច្រើន អនុវត្តនៅពេលសាស្រ្តាចារ្យដាក់កិច្ចការឲ្យខ្លួនបំពេញ។ តែសូមចាំថាការធ្វើការងារក្នុងពេលវេលាចុងក្រោយ មិនអាចជួយអ្នកឲ្យធ្វើវាបានល្អប្រសើរឡើយ ទោះជាអ្នកធ្វើវាទាន់ពេលកំណត់ក៏ដោយ។ ឧទាហរណ៍ថា សាស្រ្តាចារ្យ កំណត់ឲ្យអ្នកសរសេរអត្ថបទ​ ១០០០ពាក្យ អ្នកត្រូវបន្ថយមកត្រឹម ៥០០ ទៅ៧០០ពាក្យប៉ុណ្ណោះ ហើយអ្នកក៏គ្មានពេលគ្រប់គ្រាន់ក្នុងការពិនិត្យវាឡើងវិញដែរ។ ការដំអក់ចាំថ្ងៃកំណត់ នឹងធ្វើឲ្យអ្នកមានទម្លាប់ធ្វើការងារទាំងមិនយល់ មិនគ្រប់បរិមាណ ព្រមទាំងមិនមានគុណភាពទៀតផង។

២.ប្រើសារធាតុការហ្វេអ៊ីនមកជំនួយការសិក្សា៖ នៅពេលនឿយហត់ ឬ ស្មុគស្មាញខ្លាំង និស្សិតភាគច្រើនចូលចិត្តញ៉ាំកាហ្វេ ឬ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដើម្បីជំនួយកម្លាំង​ និង​ខួរក្បាយរបស់ពួកគេ។ តែទម្លាប់នេះផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់ពួកគេព្រោះ សារធាតុការហ្វេអ៊ីន នឹងធ្វើឲ្យពួកគេគេងមិនលក់នៅពេលយប់ ហើយក៏ធ្វើឲ្យប៉ះពាល់ដល់ការចងចាំផងដែរ។

៣.ធ្វើកិច្ចការឬស្រាវជ្រាវដាច់យប់៖ ទម្លាប់មួយនេះជាទូទៅទាក់ទងទៅនឹងទម្លាប់២ខាងលើ។ នៅពេលមានកិច្ចការច្រើនដែលត្រូវធ្វើ និស្សិតតែងតែញ៉ាំកាហ្វេឬ ភេសជ្ជសៈប៉ូវកម្លាំងដើម្បីធ្វើការនោះពេញមួយយប់។ ការមិនបានសម្រាកសោះ នៅពេលយប់នឹងធ្វើឲ្យរាងកាយគេចុះខ្សោយ ហើយពួកគេមិនមានស្មារតីគ្រប់គ្រាន់សម្រាប់មេរៀនថ្ងៃស្អែកឡើយ។ មួយវិញទៀត វាកាន់តែមិនល្អបើវាជាថ្ងៃប្រឡងសម្រាប់ពួកគេ។

៤.ប្រើប្រាស់បណ្ដាញសង្គមពេលកំពុងរៀន៖ បណ្ដាញសង្គមដូចជា Facebook, Twitter, និង Youtube ជាដើមពិតជាដើរតួយ៉ាងសំខាន់ក្នុងវិស័យអប់រំ តែការប្រើប្រាស់វាក្នុងថ្នាក់រៀនមិនមែនជារឿងល្អឡើយ។ ខួរក្បាលរបស់មនុស្សមានមុខងារពីរផ្សេងគ្នា ទីមួយគឺទទួលព័ត៌មានដែលកើតឡើងនៅជុំវិញខ្លួន ហើយឆ្លើយតបទៅវិញយ៉ាងរហ័ស។ ប៉ុន្ដែចំពោះការសម្រេចចិត្ត ឬ ការស្វែងយល់អ្វីដែលមានលក្ខណៈស្មុគស្មាញខួរមិនអាចធ្វើបានភ្លាមៗឡើយ។ ដូច្នេះការចំណាយពេលកាន់តែច្រើនជាមួយបណ្ដាញសង្គមនឹងធ្វើឲ្យខួរក្បាលរបស់អ្នកកាន់តែពិបាកក្នុងការសិក្សាស្វែងយល់មេរៀន។

៥.រៀនក្នុងបន្ទប់គេង៖ អ្នកអាចគិតថាបន្ទប់គេងជាកន្លែងដ៏ប្រសើរសម្រាប់រៀន ព្រោះវាស្ងប់ស្ងាត់។ តែតាមការពិត វាអាចធ្វើឲ្យអ្នកកាន់តែធុញថប់ និងមានអារម្មណ៍ឯកាទៅវិញទេ ហើយជួនកាលអ្នកត្រូវគេងលក់មុនពេលដែលអ្នកបញ្ចប់ទំព័រទី១នៃសៀវភៅរបស់ក៏ថាបាន។ ដូច្នេះអ្នកគួររៀននៅបណ្ណាល័យល្អជាជាង។

៦.គេចវេសពីបញ្ហា៖ ជាទូទៅនិស្សិតសាកលវិទ្យាល័យមិនសូវមានទម្លាប់សួរនាំច្រើនដូចសិស្សវិទ្យាល័យទេ ទោះជាគេមិនយល់មេរៀនក៏ដោយ។ ហើយបើមានកិច្ចការដាក់ឲ្យធ្វើហើយជ្រើសរើសប្រធានបទដោយសេរី នោះពួកគេនឹងជ្រើសយកតែប្រធានបទណាដែលងាយៗមកស្រាវជ្រាវប៉ុណ្ណោះ ព្រោះពួកគេមិនចង់ឲ្យវានាំភាពស្មុគស្មាញដល់ខ្លួនឡើយ។ តែនៅពេលធ្វើការងារក្នុងសង្គម អ្នកមិនអាចធ្វើតែការងារស្រួលៗ ហើយដើរចេញពីបញ្ហាឡើយ ។ដូចនេះអ្នកគួរទម្លាប់ប្រឈមនឹងការងារលំបាកៗបណ្ដើរៗក្នុងជីវិតជានិស្សិត។

៧.មិនរៀនសូត្របន្ថែមពីខាងក្រៅ៖ វត្តមានក្នុងថ្នាក់ជារឿងមួយសំខាន់ តែទ្រឹស្រ្ដីសៀវភៅក្នុងមិនគ្រប់គ្រាន់ឡើយសម្រាប់អ្នក។ ដូច្នេះកុំរំពឹងតែមេរៀន ដែលសាស្រ្តារ្យបង្រៀនអ្នកក្នុងថ្នាក់ ក្នុងនាមជានិស្សិតអ្នកត្រូវស្រាវជ្រាវបន្ថែម ដូចជា អានឲ្យបានច្រើន ចូលរួមការជជែកពិភាក្សាដេញដោល និង ស្ដាប់បាឋកថាផ្សេងៗ ជាដើម។

៨.ធុញថប់ពេលប្រឡងធ្លាក់៖ គ្រប់គ្នាសុទ្ធតែមានអារម្មណ៍បែបនេះ នោះពេលដែលខ្លួនប្រឡងធ្លាក់ ឬទទួលបានលទ្ធផលមិនល្អ។ ទម្លាប់បែបនេះអាចធ្វើឲ្យពួកគេបាក់ទឹកចិត្ត ហើយអាចឈានដល់បោះបង់ការសិក្សាទៀតផង។ ប៉ុន្តែអ្នកត្រូវមានទំនុកចិត្តស្វែងយល់ពីកំហុស និង បរាជ័យរបស់ខ្លួន បន្ទាប់មកធ្វើការកែប្រែដើម្បីទទួលបានលទ្ធផលល្អឡើងវិញ៕

ដោយ៖ រឿន វាសនា

X
5s