អត្ថប្រយោជន៍សំខាន់ៗទាំង៣ដែលអ្នកគួរយល់ដឹងអំពីសារធាតុបេតាការ៉ូទីនចំពោះសុខភាពរបស់យើង
បេតាការ៉ូទីនគឺជាសារធាតុម្យ៉ាងដែលផ្ដល់ពណ៌ដល់ផ្លែឈើនិងបន្លែទាំងឡាយណាដែលមានពណ៌លឿងនិងទឹកក្រូច។ វាត្រូវបានបម្លែងទៅជាវីតាមីនអានៅពេលចូលក្នុងរាងកាយរបស់យើង។ វីតាមីនអានេះមានសារសំខាន់ណាស់សម្រាប់ថែទាំសុខភាពស្បែក ភ្នែក និងដំណើរការប្រព័ន្ធប្រសាទ។ អាហារកំពូលៗដែលល្អសម្រាប់ទទួលយកសារធាតុបេតាការ៉ូទីនមានដូចជា ការ៉ុត ល្ពៅ ដំឡូងជ្វា ត្រសក់ស្រូវ និងស្វាយទុំជាដើម។
តើអត្ថប្រយោជន៍អ្វីខ្លះដែលសារធាតុបេតាការ៉ូទីនមានចំពោះសុខភាពរបស់យើង ? ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗទាំង៣ដែលអ្នកគួរយល់ដឹង៖
១) គាំទ្រដល់ការពពោះឲ្យមានសុខភាពល្អ៖ វីតាមីនអាគឺជាវីតាមីនដ៏សំខាន់បំផុតមួយសម្រាប់ស្ត្រីក្នុងអំឡុងពេលពពោះនិងបំបៅដោះកូន។ វាដើរតួយ៉ាងសំខាន់នៅក្នុងការលូតលាស់របស់ទារកក្នុងផ្ទៃនិងទារកទើបនឹងកើតឲ្យមានសុខភាពល្អ និងចាំបាច់សម្រាប់ក្មេងៗក្នុងការសាងសង់ប្រព័ន្ធភាពស៊ាំរបស់ពួកគេឲ្យរឹងមាំ។ ហេតុនេះស្ត្រីដែលកំពុងពពោះនិងបំបៅដោះកូនគួរទទួលទានបន្លែនិងផ្លែឈើណាដែលមានពណ៌លឿងនិងទឹកក្រូចឲ្យបានច្រើន ដើម្បីទទួលយកសារធាតុបេតាការ៉ូទីនពីអាហារទាំងនោះ។
២) ការពារភ្នែករបស់អ្នក៖ សារធាតុបេតាការ៉ូទីននិងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដទៃទៀត អាចជួយពន្យឺតដំណើរការចុះខ្សោយទៅនៃចក្ខុប្រសាទ ដែលអាចនាំទៅរកការប្រែប្រួលនៃការមើល និងអាចឈានដល់ការងងឹតភ្នែកបានទៀតផង។ តាមការសិក្សាបានរកឃើញថា ការលាយចូលផ្សំគ្នារវាងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មច្រើនមុខបញ្ចូលគ្នាដូចជា ស័ង្កសី បេតាការ៉ូទីន វីតាមីនសេ និងវីតាមីនអឺ អាចពន្យឺតដំណើរការចុះខ្សោយទៅនៃចក្ខុប្រសាទយ៉ាងមានប្រសិទ្ធភាពបាន។
៣) ជួយធ្វើឲ្យសុខភាពផ្លូវដង្ហើមបានប្រសើរឡើង៖ ការស្រាវជ្រាវមួយដែលបានចេញផ្សាយនៅ the European Respiratory Journal បានលើកឡើងថា ការទទួលទានផ្លែឈើដែលមានផ្ទុកសារធាតុបេតាការ៉ូទីនអាចជួយធ្វើឲ្យដំណើរការរបស់ផ្លូវដង្ហើមនិងសួតបានប្រសើរឡើង។ ប្រៀបជាមួយអ្នកដែលមិនទទួលទានផ្លែឈើដែលមានសារធាតុនេះ អ្នកដែលបានទទួលទានយ៉ាងតិចម្ដងក្នុង១ថ្ងៃបានកាត់បន្ថយរោគសញ្ញាផ្លូវដង្ហើមដូចជា ស្លេស្ម ដង្ហើមខ្លីៗ និងពិបាកក្នុងការដកដង្ហើម។ ផ្លែឈើដែលជួយដល់ផ្លូវដង្ហើមមានដូចជា ល្ហុង ត្រសក់ស្រូវ និងស្វាយទុំជាដើម៕
ដោយ៖ ស្រីពៅ