រោគសញ្ញា ៣យ៉ាងដែលអាចបញ្ជាក់ថាអ្នកកំពុងទទួលទានអំបិលលើសការកំណត់
អំបិលផ្សំឡើងពីសូដ្យូម៤០%និងក្លរ៦០%។ បើយោងតាមអង្គការសុខភាពធំៗជាច្រើន បានណែនាំឲ្យទទួលទានសូដ្យូមចំនួន១៥០០មីលីក្រាម ដែលស្មើនឹងអំបិល៣.៧៥ក្រាម និងមិនត្រូវលើសពី២៣០០មីលីក្រាម ដែលស្មើនឹងអំបិល៦ក្រាមជារៀងរាល់ថ្ងៃនោះឡើយ។ ប៉ុន្តែតាមរយៈអាហារប្រចាំថ្ងៃនេះ មនុស្សភាគច្រើនបានទទួលទានលើសពីកម្រិតដែលបានកំណត់នេះច្រើនណាស់ ដែលអាចធ្វើឲ្យពួកគេងាយប្រឈមមុខនឹងជំងឺផ្សេងៗបាន។
ខាងក្រោមនេះគឺជារោគសញ្ញា៣យ៉ាងដែលអាចបញ្ជាក់ថាអ្នកកំពុងទទួលទានអំបិលលើសការកំណត់៖
១) ហើម៖ បើអ្នកសង្កេតឃើញថាជើងរបស់អ្នកឡើងហើម ឬក៏ហើមភ្នែក នោះក៏អាចជាសញ្ញាណមួយដែលបញ្ជាក់ថាអ្នកកំពុងតែទទួលទានអំបិលច្រើនពេកហើយ។ បើអ្នកមានរោគសញ្ញាបែបនេះ ហើយអ្នកពិតជាបានទទួលទានអាហារដែលមានជាតិប្រៃច្រើនពេកមែន នោះអ្នកគួរតែចាប់ផ្ដើមផ្លាស់ប្ដូររបបអាហារប្រចាំថ្ងៃរបស់អ្នកហើយ។
២) ឧស្សាហ៍ស្រេកទឹក៖ អំបិលជួយរក្សាលំនឹងរបស់ជាតិទឹកនៅក្នុងរាងកាយរបស់អ្នក។ បើសិនជាអ្នកទទួលទានអំបិលច្រើនពេក នោះរាងកាយរបស់អ្នកក៏ត្រូវការជាតិទឹកច្រើនប៉ុននោះដែរដើម្បីលាងសម្អាតប្រព័ន្ធរបស់អ្នក នោះសាច់ដុំនិងសរីរាង្គដទៃទៀតអាចដំណើរការដោយប្រក្រតីបាន។ នៅពេលអ្នកទទួលទានអាហារប្រៃច្រើន ហើយទទួលទានទឹកមិនបានគ្រប់គ្រាន់ទៀត នោះវានឹងទាញយកជាតិទឹកចេញពីក្នុងកោសិការបស់អ្នក ដែលជាមូលហេតុនាំឲ្យអ្នកខ្សោះជាតិទឹក ហើយឧស្សាហ៍ស្រេកទឹកនេះឯង។
៣) ឈឺក្បាល៖ ការទទួលទានអំបិលលើសកម្រិត នឹងធ្វើឲ្យសរសៃឈាមរីកធំជាងមុន។ នៅពេលសរសៃឈាមរីកធំ នោះវានឹងធ្វើឲ្យសម្ពាធឈាមក៏កើនឡើងដែរ ដែលអាចបណ្ដាលឲ្យអ្នកជួបរោគសញ្ញាឈឺក្បាលធ្ងន់ធ្ងរបាន៕