​រោគសញ្ញា​ទាំង​ ៨​យ៉ាង​ដែល​ជា​ការ​ដាស់តឿន​ថា​នរណា​ម្នាក់​មាន​ជំងឺ​វង្វេង​ភ្លេចភ្លាំង​



ជំងឺ​វង្វេង​ភ្លេចភ្លាំង​ច្រើន​តែ​កើតឡើង​ចំពោះ​មនុស្ស​ចាស់។ អ្នក​ជំងឺ​ដែល​មាន​ជំងឺ​នេះ​តែង​មាន​ការ​ចងចាំ​ចុះ​ខ្សោយ ដែល​មាន​ផល​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់។ បើ​យោង​តាម​គេហទំព័រ www.alz.org ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​ទាំង​៨​យ៉ាង​ដែល​ជា​ការ​ដាស់តឿន​ថា​នរណា​ម្នាក់​មាន​ជំងឺ​វង្វេង​ភ្លេចភ្លាំង៖

១) បាត់បង់​ការ​ចងចាំ​ដែល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​គាត់ ដូចជា​ភ្លេច​ពី​ព័ត៌មាន​ទាំងឡាយ​ដែល​ទើប​នឹង​ទទួល​ដឹង​ថ្មីៗ ភ្លេច​ពី​ថ្ងៃ​ខែ​ឬ​ព្រឹត្តិការណ៍​សំខាន់ៗ និង​សាកសួរ​ព័ត៌មាន​ដដែលៗ​ម្ដង​ហើយ​ម្ដង​ទៀត

២) មាន​ការ​លំបាក​នៅ​ក្នុង​ការ​បង្កើន​ផែនការ​និង​ដោះស្រាយ​បញ្ហា ពិបាក​នៅ​ក្នុង​ការ​ផ្ចង់​ស្មារតី​ធ្វើ​កិច្ចការ​ផ្សេងៗ និង​ចំណាយ​ពេល​ធ្វើ​កិច្ចការ​អ្វីៗ​យូរ​ជាង​មុន

៣) វង្វេង​មិន​ដឹង​ថា​ខ្លួនឯង​កំពុង​នៅ​ទីណា និង​ភ្លេច​ថា​មក​ដល់​ទីនោះ​ដោយ​របៀប​ណា

៤) ពិបាក​នៅ​ក្នុង​ការ​អាន ស្មាន​ពី​ចម្ងាយ និង​កំណត់​ដឹង​ពី​ពណ៌​ផ្សេងៗ ដែល​អាច​ផ្ដល់​ជា​បញ្ហា​ដល់​ពួកគេ​ក្នុង​ការ​បើកបរ​បាន

៥) ជួនកាល​ពួកគេ​បញ្ឈប់​ការ​និយាយ​នៅ​ពាក់​កណ្ដាល​នៃ​ការ​សន្ទនា ហើយ​មិន​ដឹង​ថា​ត្រូវ​និយាយ​បន្ត​ទៀត​ដោយ​របៀប​ណា ឬ​ក៏​អាច​និយាយ​សារ​ដើម​ឡើង​វិញ។ ពួកគេ​ក៏​អាច​ហៅ​ឈ្មោះ​វត្ថុ​ផ្សេងៗ​ខុស​ដែរ។

៦) មិន​ចំណាំ​កន្លែង​ដែល​ខ្លួន​ឯង​បាន​ទុក​ដាក់​វត្ថុ

៧) ចៀសវាង​ពី​សកម្មភាព​នៅ​ក្នុង​សង្គម ដក​ខ្លួន​ចេញ​ពី​សកម្មភាព​ដែល​ពួកគេ​ធ្លាប់​ចូលចិត្ត​ធ្វើ​នៅ​ពេល​ទំនេរ

៨) ផ្លាស់ប្ដូរ​បុគ្គលិកលក្ខណៈ ពួកគេ​អាច​ក្លាយ​ជា​វង្វេង សង្ស័យ ធ្លាក់​ទឹកចិត្ត ភ័យខ្លាច អន្ទះអន្ទែង និង​ឆាប់​ខឹង៕

ដោយ៖ ស្រីពៅ

X
5s