រោគសញ្ញារបស់មនុស្សមានជំងឺធ្លាក់ទឹកចិត្ត (Depression) ដែលអ្នកគួរដឹង
ជំងឺធ្លាក់ទឹកចិត្ត (Depression)គឺជាជំងឺដ៏កាចសាហាវដែលមានមនុស្សជាច្រើនកំពុងប្រឈមមុខនឹងវា។ ចំនួននៃអ្នកជំងឺធ្លាក់ទឹកចិត្តមានការកើនឡើងគួរឲ្យកត់សម្គាល់ជារៀងរាល់ថ្ងៃ។ ជំងឺធ្លាក់ទឹកចិត្តធ្វើឲ្យអ្វីៗក្នុងជីវិតរបស់អ្នកផ្លាស់ប្ដូរ ដូចជាអាកប្បកិរិយា ទម្លាប់ញ៉ាំ ទម្លាប់គេង និងរបៀបរស់នៅរបស់អ្នកជាដើម។ ជំងឺនេះបំផ្លាញទំនុកចិត្ត ការស្រលាញ់ខ្លួន ធ្វើឲ្យអ្នកធ្លាក់ទៅក្នុងចំនុចដុនដាបបំផុតក្នុងជីវិតរបស់អ្នកដោយអ្នកមិនដឹងខ្លួន។
ជំងឺធ្លាក់ទឹកចិត្តគឺធ្វើឲ្យអ្នកធ្លាក់ក្នុងភាពអស់សង្ឃឹមដែលស្ទើរតែមិនអាចងើបរកផ្លូវចេញមកវិញបាន។ មនុស្សដែលមានជំងឺធ្លាក់ទឹកចិត្តមានការផ្លាស់ប្ដូរអាកប្បកិរិយារបស់ពួកគេ ដោយពួកគេតែងតែចូលចិត្តនៅម្នាក់ឯង មិនសូវមានទំនាក់ទំនាក់ជាមួយអ្នកដទៃ ឆាប់ផ្លាស់ប្ដូរអារម្មណ៍ ចូលចិត្តយំ និងឆាប់ខឹងជាដើម។ ការទំនាក់ទំនងជាមួយអ្នកដទៃក៏មានការផ្លាស់ប្ដូរផងដែរ ដែលអ្នកអាចកំណត់សម្គាល់បានតាមរយៈរបៀបដែលពួកគេបញ្ចេញគំនិត ឬសកម្មភាព។
អ្នកក៏អាចសង្កេតនិងសម្គាល់ពីភាពចម្លែកៗតាមរយៈការសរសេរផងដែរ ដែលគេឲ្យឈ្មោះថា ភាសាមនុស្សធ្លាក់ទឹកចិត្ត។ អ្នកវិភាគភាសាវិទ្យាបានធ្វើការសិក្សាស្រាវជ្រាវជាច្រើន ដោយពួកគេបានធ្វើការតាមដានការប្រើប្រាស់ពាក្យប្រចាំថ្ងៃរបស់មនុស្សដែលមានជំងឺធ្លាក់ទឹកចិត្ត ហើយពួកគេបានធ្វើការបែងចែកភាពខុសគ្នារវាងការប្រើប្រាស់ពាក្យរបស់មនុស្សដែលមានជំងឺធ្លាក់ទឹកចិត្ត និងមនុស្សធម្មតា។
ភាសាទាំងនោះត្រូវបានបែងចែកជាពីរផ្នែកមាន ធាតុផ្សំនៃពាក្យនិងរចនាបទ។ មនុស្សដែលមានជំងឺធ្លាក់ទឹកចិត្តប្រើប្រាស់ពាក្យអវិជ្ជមានជាច្រើនដែលមានគុណនាមនិងគុណកិរិយាដូចជា ឯកកោ (Lonely) ទុក្ខព្រួយ (pathetic) កើតទុក្ខ (sad) អាក្រក់ (bad) មិនសប្បាយចិត្ត (Miserable) ជាដើម។ ពួកគេទំនងជាប្រើប្រាស់ពាក្យសព្វនាមដូចជា ខ្ញុំ (I) ខ្ញុំ (Me) ខ្លួនខ្ញុំ (Myself) ជាដើម។
ការប្រើប្រាស់នៃពាក្យទាំងនេះបង្ហាញពីរោគសញ្ញាដែលប្រាប់ថាមនុស្សណាម្នាក់មានជំងឺធ្លាក់ទឹកចិត្តឬអត់។ ពាក្យទាំងនេះស្ថិតក្នុងខួរក្បាលរបស់ពួកគេច្រើនពេកដែលធ្វើឲ្យគេគិតច្រើនអំពីខ្លួនរបស់គេ ហើយមិនសូវមានទំនាក់ទំនងទៅកាន់មនុស្សខាងក្រៅ។ ការដឹងពីភាសារបស់មនុស្សដែលមានជំងឺធ្លាក់ទឹកចិត្តអាចធ្វើឲ្យអ្នកយល់ដឹងពីរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តផងដែរ៕
ចុចអាន៖ គន្លឹះ ៤យ៉ាងក្នុងការថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នក ឲ្យរឹងមាំ
ដោយ៖ លង់ វណ្ណៈ