សកម្មភាព​ចំនួន​៥​ដែល​អ្នក​អាច​​អនុវត្ត ដើម្បី​បង្កើន​ថាមពល​របស់​អ្នក នៅ​ពេល​សម្រាក​បាយ​ថ្ងៃ​ត្រង់​



នៅ​ពេល​អ្នក​បាន​ប្រឹងប្រែង​ធ្វើការ​អស់​មួយ​ព្រឹក​រួច​មក វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​គួរតែ​ស្វែងរក​សកម្មភាព​ណា​ដែល​បង្កើន​ថាមពល​របស់​អ្នក​ឡើង​វិញ ជាជាង​ចំណាយ​ពេល​ធ្វើ​សកម្មភាព​ដែល​បង្ខាត​ថាមពល​របស់​អ្នក​ដូចជា​ការ​លេង​ទូរស័ព្ទ​ជាដើម។ ខាងក្រោម​នេះ​គឺជា​សកម្មភាព​ចំនួន​៥​ដែល​អ្នក​អាច​សាកល្បង​អនុវត្ត ដើម្បី​បង្កើន​ថាមពល​របស់​អ្នក នៅ​ពេល​សម្រាក​បាយ​ថ្ងៃ​ត្រង់៖

១) ឆ្លៀត​ពេល​ធ្វើ​លំហាត់​ប្រាណ​រាងកាយ ដែល​អាច​គ្រាន់តែ​ជា​ការ​ដើរ ឬ​ពត់​ខ្លួន​ជាដើម ដើម្បី​ដាស់​ខួរក្បាល​របស់​អ្នក​ឲ្យ​មាន​ភាព​ស្វាហាប់​និង​មាន​ថាមពល និង​អាច​បំផុស​ភាព​ច្នៃប្រឌិត​របស់​អ្នក

២) ឬ​ក៏​អ្នក​អាច​ឆ្លៀត​ពេល​ទម្រេត​ខ្លួន​សម្រាក​គេង​បន្តិច ដើម្បី​ឲ្យ​ខួរក្បាល​បាន​សម្រាក និង​បង្កើន​ថាមពល​ឡើង​វិញ ហើយ​អ្នក​នឹង​អាច​ចាប់ផ្ដើម​ធ្វើការ​ត​ទៀត​ជាមួយ​នឹង​ភាព​ស្រស់ស្រាយ​បន្ទាប់​ពី​ភ្ញាក់​ពី​គេង

៣) ចៀស​ចេញ​ពី​ភាព​រំខាន​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​បរិយាកាស​ធ្វើការ​របស់​អ្នក និង​ឧបករណ៍​អេឡិចត្រូនិក​របស់​អ្នក ហើយ​ដើរ​ចេញ​ទៅ​ក្រៅ​រក​កន្លែង​ដែល​មាន​បរិយាកាស​បែប​ធម្មជាតិ ហើយ​អង្គុយ​នៅ​ស្ងៀម​មិន​ធ្វើ​អ្វី​សោះ និង​ស្រូប​យក​ខ្យល់​អាកាស ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង​ពី​ការងារ​ឲ្យ​ធូរស្រាល

៤) អាន​សៀវភៅ​ដែល​អ្នក​ពេញចិត្ត ដើម្បី​ផ្ដល់​កម្លាំង​ជំរុញ​ចិត្ត​ដល់​អ្នក និង​ធ្វើឲ្យ​អារម្មណ៍​អ្នក​រីករាយ​ឡើង​វិញ

៥) ជជែក​សន្ទនា​គ្នា​លែង​ជាមួយ​មិត្ត​រួម​ការងារ ដើម្បី​បង្កើន​ចំណង​មិត្តភាព​របស់​អ្នក​កាន់តែ​ស្និទ្ធស្នាល​ជាង​មុន៕

ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ ៣ចំណុចដែលជាលក្ខណៈរបស់​អ្នកដឹកនាំ​ប្រកប​ដោយ​ក្ដី​មេត្តា​

X
5s