FTB ទទួលបានលិខិតអនុញ្ញាតពីធនាគារ​ជាតិ​ដើម្បី​សហការជាមួយ អម្រឹត ​ផ្តល់សេវាផ្ទេរប្រាក់ចូលពីក្រៅប្រទេស​



ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០១៨ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានទទួលលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា (លេខ ធ៧.០១៨.២៩៣ ឆត) ដើម្បីធ្វើជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក្នុងការផ្តល់សេវាផ្ទេរប្រាក់ក្រៅប្រទេស ទៅដល់អតិថិជនទាំងអស់របស់ អម្រឹត។ សេវានេះនឹងផ្តល់លទ្ធភាពដល់អតិថិជនទាំងអស់ ក្នុងការផ្ញើ និងទទួលប្រាក់នៅទូទាំងពិភពលោក ពីគ្រួសារ សាច់ញាតិ ឬដៃគូរបស់ពួកគាត់។ ភាពជាដៃគូក្នុងការផ្តល់សេវាផ្ទេរប្រាក់ក្រៅប្រទេសនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ទាំងឡាយ ដែលទទួលប្រាក់ជាប្រចាំពីមិត្តភ័ក្រ/សាច់ញាតិរបស់ពួកគាត់ ដូចជាភាពងាយស្រួល ឆាប់រហ័ស ភាពបត់បែន តម្លៃសមរម្យ និងសុវត្ថិភាពខ្ពស់។ វាក៏អាចជួយសម្រួលអ្នកទទួល និងអ្នកផ្ញើ ដើម្បីទទួលបានសេវានេះតាមរយៈសាខារបស់ អម្រឹត ដែលមាននៅទូទាំងប្រទេសជាមួយនឹងបុគ្គលិកប្រកបទៅដោយវិជ្ជាជីវៈខ្ពស់។ ឯកឧត្តម ហ្គី អានវ៉ានិថ ដែលជាអគ្គនាយក និងជាសមាជិកក្រុមប្រឹក្សាភិបាល របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានមានប្រសាសន៍ថា "យើងមានសេចក្តីរំភើបរីករាយដែលបានសហការជាមួយ អម្រឹត ដែលអម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំមួយ ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុធំៗ ដែលគិតអំពីចំនួនទ្រព្យសកម្ម បណ្តាញសាខា និងចំនួនអតិថិជន។ តាមរយៈបណ្តាញសាខាចែកចាយដ៏ទូលំទូលាយរបស់ អម្រឹត អតិថិជននឹងមានភាពរីករាយក្នុងការទទួលបានការផ្ទេរប្រាក់ប្រកបដោយប្រសិទ្ធភាព។ លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏បានមានប្រសាសន៍ផងដែរថា ៖«យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់ការអនុញ្ញាតនេះ។ ឥឡូវនេះយើងអាចបង្កើនសេវាកម្មហិរញ្ញវត្ថុបន្ថែមទៀតដល់សាធារណជន។ វាកាន់តែមានតម្លៃសម្រាប់ទីផ្សារផ្ទេរប្រាក់ក្រៅប្រទេសមួយនេះ ដោយយើងអាចពង្រីកលទ្ធភាពផ្ញើប្រាក់ក្រៅប្រទេសដល់អតិថិជនរបស់យើងនៅទូទាំងប្រទេស។ កូនរបស់អតិថិជនដែលធ្វើការក្រៅប្រទេស ជាពិសេសនៅប្រទេសកូរ៉េ ឥឡូវនេះពួកគាត់អាចផ្ញើប្រាក់ទៅផ្ទះ/ឪពុកម្តាយរបស់ពួកគាត់ដែលរស់នៅតាមទីជនបទបាន តាមរយៈសេវាដែលមានភាពរហ័ស និងមានតម្លៃសមរម្យ។ យើងជឿជាក់ថា សេវាហិរញ្ញវត្ថុនេះ នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង ប្រកបទៅដោយនិរន្តរភាព»
X
5s