គន្លឹះ ៨ចំណុចដើម្បីធ្វើឱ្យអ្នក ឈប់ស្ទាក់ស្ទើររឿងបើកអាជីវកម្ម
មនុស្សជាច្រើនមានក្ដីស្រមៃចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន ដោយមិនចង់ធ្វើការឲ្យគេអស់មួយជីវិតនោះឡើយ។ ការបង្កើតអាជីវកម្មមួយមិនមែនជារឿងដែលពិបាកនោះទេប្រសិនបើអ្នកមានគោលដៅ គម្រោងច្បាស់លាស់ និងចំណង់ចង់ធ្វើវាពិតប្រាកដនោះ។ BizKhmer សូមនាំជូននូវគន្លឹះ ៨ចំណុចក្នុងការធ្វើអាជីវកម្មដែលដកស្រង់ពី entrepreneur.com៖
១) ពេលដ៏ល្អ៖ កាលពី៣០ឆ្នាំមុន ការធ្វើពាណិជ្ជកម្មមានភាពខុសប្លែកខ្លាំងណាស់ ហើយការរកស៊ីទៀតសោតពិតជាពិបាក។ ប៉ុន្តែបច្ចុប្បន្នអ្វីៗបានផ្លាស់ប្ដូរ។ ឧបសគ្គក្នុងការលោតចូលក្នុងទីផ្សារមានតិចជាងមុនដ៏រាបណាអ្នកចេះបង្កើតភាពខុសប្លែកនៅលើទីផ្សារ។ ដូចនេះ អ្នកមិនចាំបាច់មានអ្នកវិនិយោគទុនច្រើន ឬក៏ត្រូវការទីតាំងល្អនោះទេ អ្នកអាចចាប់ផ្ដើមរកស៊ីថ្ងៃនេះជាមួយនឹងគំនិតនិង Facebook Pageតែប៉ុណ្ណោះ។
២) មិនចាំបាច់មានសញ្ញាប័ត្រ៖ អ្នកមិនចាំបាច់ទាល់តែមានសញ្ញាប័ត្រអនុបណ្ឌិត ឬបណ្ឌិតទើបអាចរកស៊ីបាននោះទេ។ អ្នកគ្រាន់តែមានគោលដៅច្បាស់លាស់ និងមានបំណងចង់រកស៊ីពិតប្រាកដ អ្នកក៏អាចចេញរកស៊ីបានដែរ។
៣) ដោះស្រាយបញ្ហា៖ អាជីវកម្មរបស់អ្នកគួរតែបង្កើតឡើងដើម្បីជួយដោះស្រាយបញ្ហារបស់មនុស្ស។ អ្នកត្រូវគិតពីតម្រូវការ និងបញ្ហាដែលត្រូវដោះស្រាយ ឬចំណុចខ្វះខាតនៅលើទីផ្សារ មិនមែនផ្ដោតតែទៅលើផលិតផល ឬសេវាកម្មដែលមានលក្ខណៈដូចគេដូចឯងនោះទេ។ នេះគឺជាការផ្ដល់តម្លៃទៅដល់អាជីវកម្មរបស់អ្នក។
៤) ធ្វើជាមួយអ្វីដែលអ្នកមាន៖ វិធីដ៏ល្អក្នុងការបង្កើតអាជីវកម្មនោះគឺការចាប់ផ្ដើមជាមួយអ្វីដែលអ្នកមានរួចមកហើយ ដូចជាបទពិសោធន៍ ចំណេះដឹងពីអាជីវកម្មរបស់អ្នកជាដើម។ ប្រសិនបើអ្នកដឹងថាអ្វីដែលអ្នកត្រូវការសម្រាប់អាជីវកម្មរបស់អ្នក នោះអ្នកអាចជួយអ្នកសន្សំសំចៃបានជាច្រើន។ ត្រូវចាំថា បទពិសោធន៍សំខាន់ជាង លុយកាក់ទៅទៀត ហើយត្រូវប្រាកដថា អ្នកមានគ្រប់គ្រាន់ដើម្បីអាចដំណើរការអាជីវកម្មបាន។
៥) អាជីវកម្មជាការបង្កើតលុយ៖ ភាពខុសគ្នារវាងអាជីវកម្ម និងការកម្សាន្តគឺថាអាជីវកម្មបង្កើតលុយឲ្យអ្នក ប៉ុន្តែការកម្សាន្តធ្វើឲ្យអ្នកអស់លុយ។ អាជីវកម្មគឺជាការយកលុយទៅបង្កើតលុយ មិនមែនជារឿងកម្សាន្តនោះទេ។ ដូចនេះអ្នកត្រូវខិតខំធ្វើវាឲ្យអស់ពីសមត្ថភាព។
៦) ចាត់ចែងលុយកាក់៖ អាជីវកម្មត្រូវតែមានគណនីលុយកាក់ដាច់ដោយឡែក ជាជាងច្របូកច្របល់ជាមួយនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក។ ពេលអ្នកបែងចែកលុយកាក់របស់អ្នកដោយឡែកៗ អ្នកនឹងមានភាពងាយស្រួលក្នុងការគ្រប់គ្រង។
៧) មានគម្រោង៖ ត្រូវមានគម្រោងច្បាស់លាស់ពេលអ្នកចង់រកស៊ី។ ការមានគម្រោងអាជីវកម្មច្បាស់លាស់ធ្វើឲ្យអ្នកអាចគិតឲ្យលម្អិតទៅលើអ្វីៗដែលអ្នកត្រូវការក្នុងអាជីវកម្ម និងរបៀបដែលអ្នកនឹងដំណើរការអាជីវកម្មរបស់អ្នក។ ការមានគម្រោងច្បាស់លាស់ធ្វើឲ្យអ្នកមានការផ្ដោតអារម្មណ៍ និងការគ្រប់គ្រងច្បាស់លាស់។
៨) កុំខ្លាច៖ មនុស្សជាច្រើនមានសុបិន្តក្នុងការធ្វើអ្វីមួយ ប៉ុន្តែពួកគេជាប់គាំងពីព្រោះតែភាពភ័យខ្លាច។ ប្រសិនបើអ្នករវល់តែរង់ចាំពេលល្អមកដល់ អ្នកនឹងមិនអាចក្លាយជាអ្នករកស៊ីបានឡើយ។ ដូចនេះអ្នកត្រូវតែចាប់ផ្ដើមធ្វើវាឥឡូវនេះ ដោយជំនះភាពភ័យខ្លាចឲ្យបាន៕
ចុចអាន៖ លេសទាំង ៥ ដែលទាញជើងទាញដៃរបស់អ្នក មិនឱ្យចាប់ផ្ដើមអាជីវកម្ម
ដោយ៖ លង់ វណ្ណៈ