ហេតុអ្វីអ្នកគួរឈប់ទទួលទានទឹកសូដា?​



ទឹក​សូដា​ឬ​ទឹក​ក្រូច​កំប៉ុង បាន​ក្លាយ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​មួយ​ប្រភេទ​ដែល​ជាទី​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក។ ប៉ុន្តែ ការ​សិក្សា​ជាច្រើន​សុទ្ធតែ​បាន​អះអាង​ពី​ផល​វិបត្តិ​ដ៏​ច្រើន​របស់​វា​ចំពោះ​សុខភាព​របស់​អ្នក​ទទួលទាន និង​បាន​ណែនាំ​ឲ្យ​បញ្ឈប់​ការ​ទទួលទាន​ភេសជ្ជៈ​នេះ​ទៀត​ផង។ តើ​ទឹក​សូដា​ឬ​ទឹក​ក្រូច​កំប៉ុង​នេះ​មាន​គុណ​វិបត្តិ​អ្វីខ្លះ ដែល​អ្នក​គួរ​ឈប់​ទទួលទាន ?

១) ធ្វើឲ្យ​អ្នក​បាត់បង់​ជីវជាតិ​បំប៉ន​សំខាន់ៗ៖ អ្នក​ដែល​ទទួលទាន​ទឹក​សូដា​ច្រើន​ជាជាង​ភេសជ្ជៈ​ដែល​នាំឲ្យ​សុខភាព​ល្អ​ដូចជា​ទឹកដោះគោ​និង​ទឹក​ផ្លែឈើ​ស្រស់​ជាដើម ច្រើន​តែ​ខ្វះ​វីតាមីនA កាល់ស្យូម និង​ម៉ាញេស្យូម។ ម្យ៉ាងទៀត ទឹក​សូដា​ទាំងនោះ​សុទ្ធតែ​មាន​អាស៊ីដ​ផូស្វ័រិច​ជា​សារធាតុ​ផ្សំ ដែល​អាស៊ីដ​នេះ​មាន​ឥទ្ធិពល​ទៅ​បំផ្លាញ​ជាតិ​កាល់ស្យូម​និង​ម៉ាញេស្យូម​នៅ​ក្នុង​រាងកាយ​របស់​អ្នក​ឲ្យ​បាត់បង់​បាន ដែល​ជីវជាតិ​បំប៉ន​ទាំង​ពីរ​នេះ​ឯង​ដែល​បាន​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ឲ្យ​ដំណើរការ​ល្អ។ កាល​ដែល​ទទួលទាន​ទឹក​សូដា​ក៏​មិន​បាន​ផ្ដល់​នូវ​ជីវជាតិ​បំប៉ន​អ្វី​សោះ​ឡើយ​ក្រៅ​តែ​ពី​រសជាតិ​ឆ្ងាញ់​របស់​វា​សម្រាប់​មនុស្ស​មួយ​ចំនួន​ធំ។

២) ងាយ​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម៖ សូដា​ផ្ទុក​នូវ​សារធាតុ​ផ្អែម​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះថា high-fructose corn syrupដែល​ត្រូវ​បាន​គេ​រក​ឃើញ​ទំនាក់ទំនង​វា​ជាមួយ​នឹង​ជំងឺ​ជាច្រើន ជាពិសេស​គឺ​ជំងឺ​ធាត់​លើស​ទម្ងន់​និង​ជំងឺ​ទឹកនោមផ្អែម។ សារធាតុ​នេះ​អាច​នាំ​ទៅ​ឲ្យ​មាន​ការ​ផលិត​ឡើង​របស់​ពពួក​រ៉ាឌីកាល់​សេរី ដែល​នាំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការ​ខូច​ខាត​ជាលិកា និង​ការ​វិវត្ត​នៃ​ជំងឺ​ទឹកនោមផ្អែម។

៣) វា​មាន​អាស៊ីដ​ផូស្វ័រិច​ជា​ធាតុ​ផ្សំ៖ ដូច​បាន​រៀបរាប់​ក្នុង​ចំណុច​ទី​១ បើ​កាល​ណា​អាស៊ីដ​ផូស្វ័រិច​ធ្វើឲ្យ​កាល់ស្យូម​រិចរិល នោះ​លទ្ធផល​ពី​ការ​ខ្វះ​ជាតិ​កាល់ស្យូម​នៅ​ក្នុង​រាងកាយ​នឹង​នាំ​ឲ្យ​ឆ្អឹង​របស់​អ្នក​ពុក​ផុយ​ជាង​មុន ឬ​កើត​ជំងឺ​ពុក​ឆ្អឹង និង​ពុក​ធ្មេញ។ លើស​ពី​នេះ អាស៊ីដ​នេះ​ក៏​ទៅ​រំខាន​ជាមួយ​នឹង​អាស៊ីដ​នៅ​ក្នុង​ក្រពះ​របស់​អ្នក ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​រាំងស្ទះ​ដល់​ការ​ស្រូប​យក​សារធាតុ​បំប៉ន និង​ពន្យឺត​ដំណើរការ​រំលាយ​អាហារ​ផង​ដែរ។

៤) ជាតិ​ស្ករ​នៅ​ក្នុង​សូដា​មាន​កម្រិត​ច្រើន​ខ្លាំង៖ សូដា​១​កំប៉ុង​មាន​បរិមាណ​ស្ករ​១០​ស្លាប​ព្រា​កាហ្វេ​ឯណោះ។ នៅ​ពេល​អ្នក​ទទួលយក​ជាតិ​ស្ករ​ក្នុង​បរិមាណ​នេះ​ចូល​ក្នុង​រាងកាយ​របស់​អ្នក​ក្នុង​ទម្រង់​ជា​ទឹក​រាវ​បែប​នេះ វា​នឹង​ធ្វើឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​កើន​ឡើង​ខ្លាំង និង​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​អាំងស៊ុយលីន​នៅ​ក្នុង​រាងកាយ ដែល​ជា​ស្ថានភាព​មួយ​ដែល​ធ្វើឲ្យ​អ្នក​ជំងឺ​ទឹកនោមផ្អែម​សន្លប់​ឬ​វង្វេង​ស្មារតី​នៅ​ពេល​លើស​ឈាម៕

ដោយ៖ ស្រីពៅ សូមអាន៖ រោគសញ្ញាដែលអាចបញ្ជាក់ថា អ្នកប្រឈមមុខនឹងកំណើនជាតិស្ករក្នុងឈាម

X
5s