អ្វីខ្លះគឺជាគុណវិបត្តិពីការទទួលទានទឹកក្រូចឆ្មារ?
ទឹកក្រូចឆ្មារមានគុណប្រយោជន៍ជាច្រើន ចាប់តាំងពីជួយសម្រកទម្ងន់ រក្សាតុល្យភាពកម្រិត pH ធ្វើឲ្យខ្យល់ដង្ហើមល្អ និងជួយព្យាបាលការឆ្លងមេរោគផ្សេងៗជាដើម។ យ៉ាងណាមិញ ទឹកក្រូចឆ្មារក៏មានគុណវិបត្តិរបស់វាមកជាមួយដែរនៅពេលអ្នកទទួលទានវាច្រើនលើសកំណត់ និងមិនសមស្របទៅតាមស្ថានភាពរបស់រាងកាយអ្នក។ ខាងក្រោមនេះគឺជាចំណុច៤យ៉ាងដែលបង្ហាញពីគុណវិបត្តិនៃការទទួលទានទឹកក្រូចឆ្មារ៖
១) ឆាប់ខូចធ្មេញ៖ ទឹកក្រូចឆ្មារមានឥទ្ធិពលធ្វើឲ្យធ្មេញរបស់អ្នកសឹកបាន ព្រោះថាក្រូចឆ្មារមានវត្តមានរបស់អាស៊ីដខ្ពស់។ ប៉ុន្តែបើអ្នកទទួលទានវា១កែវនៅពេលព្រឹក ហើយធ្មេញរបស់អ្នកបានទទួលការសម្អាតយ៉ាងតិច២ដងក្នុង១ថ្ងៃ នោះវាអាចនឹងមិននាំមកនូវផលប៉ះពាល់អវិជ្ជមានចំពោះធ្មេញអ្នកវិញបាន។
២) ធ្វើឲ្យអាការៈពងបែកមាត់កាន់តែយ៉ាប់យ៉ឺន៖ នៅពេលអ្នកមានអាការពងបែកមាត់ អ្នកគួរតែចៀសវាងការទទួលទានទឹកក្រូចឆ្មាររហូតទាល់តែជាសះស្បើយសិន។ អាស៊ីដស៊ីទ្រិកនៅក្នុងក្រូចឆ្មារ អាចធ្វើឲ្យអាការរបស់អ្នកកាន់តែយ៉ាប់យ៉ឺន និងអាចឈានដល់ស្ថានភាពធ្ងន់ធ្ងរជាងនេះបាន។ ហេតុនេះ អ្នកគួរតែចៀសវាងទទួលទានទឹកក្រូចឆ្មារ ព្រមទាំងបណ្ដាផ្លែឈើទាំងឡាយដែលមានអាស៊ីដស៊ីទ្រិកនេះផងដែរ។
៣) អាចបណ្ដាលឲ្យក្អួតចង្អោរ៖ ការទទួលទានទឹកក្រូចឆ្មារច្រើនហួសកម្រិត ដូចជាចាប់ពី២កែវឡើងទៅ អាចធ្វើឲ្យកម្រិតវីតាមីនCនៅក្នុងរាងកាយអ្នកលើស ហើយរាងកាយរបស់អ្នកនឹងព្យាយាមបញ្ចេញចោលនូវការលើសរបស់វីតាមីន C នេះដោយតាមរយៈការក្អួតចង្អោរ។ ហេតុនេះ អ្នកគួរតែប្រុងប្រយ័ត្នមិនត្រូវទទួលទានវាច្រើនពេកនោះទេ។
៤) អាចនាំទៅរកការលើសបរិមាណជាតិដែកនៅក្នុងរាងកាយ៖ វាអាចកើតឡើងបានដោយសារតែ វីតាមីនCគឺជាវីតាមីនដែលជួយជំរុញឲ្យមានការស្រូបយកជាតិដែកទុកក្នុងរាងកាយរបស់អ្នក ហើយកាលដែលទទួលទានវីតាមីនCច្រើនពេក អាចនាំឲ្យបរិមាណជាតិដែកកើនឡើងច្រើនដូចគ្នាដែរ។ ការលើសបរិមាណជាតិដែកអាចមានគ្រោះថ្នាក់និងបណ្ដាលឲ្យសរីរាង្គខាងក្នុងខូចបាន៕
ដោយ៖ ស្រីពៅ សូមអាន៖ តើទឹកក្រូចឆ្មារមួយកែវមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាពរបស់អ្នក ?