តើ​ការ​គិតគូរ​ និង រៀបចំ​ផែនការ​​​ច្រើន​ហួសហេតុ​ខ្លាំង​ពេក​ ​​​​​អាច​នឹង​នាំ​មក​នូវ​បញ្ហាអ្វីខ្លះ?​



ភាព​ភ័យខ្លាច​កើត​មាន​ឡើង​នៅ​ពេល​អ្នក​គ្មាន​ចម្លើយ​សម្រាប់​ឆ្លើយតប​នឹង​សំណួរ​វិញ។ ជីវិត​តែងតែ​ដាក់​សំណួរ​ចោទ​សួរ​មក​អ្នក​ដើម្បី​ឲ្យ​អ្នក​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​កំពុង​តែ​មក​រារាំង​ដំណើរ​ឆ្ពោះ​ទៅ​មុខ​របស់​អ្នក។ ដោយសារ​តែ​បែប​នេះ​ហើយ​ទើប​មនុស្ស​គ្រប់​គ្នា​តែងតែ​រៀបចំ​ផែនការ​ទុកដាក់​ជាមុន សម្រាប់​ត្រៀម​ទុក​ឆ្លើយតប​ជាមួយ​នឹង​បញ្ហា​ដែល​អាច​មក​រារាំង​ដំណើរ​ជីវិត​ពួកគេ ដែល​មាន​ពេល​ខ្លះ​ភាព​ភ័យខ្លាច​នេះ​បាន​ធ្វើឲ្យ​មនុស្ស​មួយ​ចំនួន​ត្រូវ​រៀបចំ​ផែនការ​ល្អិតល្អន់​ខ្លាំង​ពេក រហូត​លទ្ធផល​ប្រែ​មក​ជា​ខុស​ពី​ការ​រំពឹង​ទុក​របស់​ខ្លួន​ទៅវិញ។​

តើ​អ្នក​ធ្លាប់​ឮ​សុភាសិត​ខ្មែរ​បុរាណ​មួយ​ឃ្លា​ថា ​"ដើរ​មួយ​ជំហាន គិត​មួយ​ជំហាន​" ដែរ​ទេ ? ជា​ការ​ពិត​ណាស់ ពាក្យ​ទូន្មាន​បុរាណ​មួយ​ឃ្លា​នេះ​មិន​អាច​បកស្រាយ​រូបភាព​រួម​ចំពោះ​គ្រប់​ស្ថានការណ៍​ទាំងអស់​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​បាន​ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុង​ដែន​កំណត់​មួយ អ្នក​គួរតែ​យក​ពាក្យ​មួយ​ឃ្លា​នេះ​មក​គិត​ពិចារណា​វិភាគ និង​ឆ្លុះ​បញ្ចាំង​ទៅលើ​រឿងរ៉ាវ​មួយ​ចំនួន​ក្នុង​ជីវិត​អ្នក។​

អនាគត​ខាង​មុខ​មិនមែន​មិន​ឲ្យ​គិតគូរ​និង​រៀបចំ​ទុកដាក់​ជំហាន​នីមួយៗ​ដែល​ត្រូវ​ដើរ​នោះ​ទេ ប៉ុន្តែ​អនាគត​មិនមែន​ជា​រឿង​ដែល​អ្នក​ត្រូវ​ខ្វាយខ្វល់ ដែល​តម្រូវ​ឲ្យ​អ្នក​គិតគូរ​ល្អិតល្អន់​ពេក​ថា​ដល់​ជំហាន​នេះ​ត្រូវ​ធ្វើ​អ្វី ហើយ​បន្ទាប់​មក​ធ្វើ​អ្វី​បន្ត​ទៀត​ដែរ។ នៅ​លើ​លោក​នេះ​អ្វី​ក៏​អាច​កើតឡើង​បាន​ហួស​ពី​ការ​រំពឹង​ទុក​ដែរ ហើយ​យើង​ក៏​មិន​អាច​ដឹង​ដែរ​ថា​វិនាទី​បន្ទាប់​នឹង​អាច​មាន​អ្វី​កើតឡើង ដូច្នេះ​មាន​តែ​ការ​ត្រៀម​ចិត្ត​ទុក​ជានិច្ច​ពី​ភាព​មិន​ស្ថិតស្ថេរ​របស់​ធម្មជាតិ​ទាំងឡាយ​តែ​ប៉ុណ្ណោះ ទើប​ចិត្ត​របស់​អ្នក​អាច​បើក​ទូលាយ​សម្រាប់​ទទួល​យក​ការ​ផ្លាស់ប្ដូរ​បាន​ដោយ​ស្ងប់​ចិត្ត​បាន។​

យ៉ាងណាមិញ បើ​អ្នក​រៀបចំ​ល្អិតល្អន់​គ្រប់​សព្វ​បែបយ៉ាង​ពេក មក​ដល់​ដំណាក់កាល​មួយ ជំហាន​មួយ​ដែល​រឿង​ដែល​មិន​ធ្លាប់​នឹក​ស្មាន​ដល់​ក៏​ស្រាប់តែ​លេច​ឡើង​មក តើ​អ្នក​នឹង​អាច​បត់បែន​ផ្លាស់ប្ដូរ​តាម​កាលៈទេសៈ​យ៉ាង​ដូចម្ដេច​បាន​នៅ​ក្នុង​គម្រោង​ផែនការ​ដ៏​តូច​ចង្អៀត​មិន​អាច​ឲ្យ​អ្នក​ដក​ដង្ហើម​បាន​នោះ ? រូបភាព​បែប​នេះ​ក៏​មិន​ខុស​គ្នា​ពី​របៀប​នៃ​ការ​គ្រប់គ្រង​របស់​ឪពុក​ម្ដាយ​មួយ​ចំនួន​ចំពោះ​កូនៗ​ពួកគេ ដែល​មាន​លក្ខណៈ​រឹតត្បិត​តូច​ចង្អៀត​ខ្លាំង​ពេក ដែល​តម្រូវ​ឲ្យ​កូនៗ​ត្រូវ​គោរព​តាម​បង្គាប់បញ្ជា​ឬ​ច្បាប់​ទម្លាប់​របស់​គ្រួសារ​ដែល​បាន​ដាក់​កំណត់​មក​លើ​ពួកគេ​នោះ។

លទ្ធផល​គឺ​មិន​ល្អ​ទាំង​សង​ខាង។ កូនៗ​ធំធាត់​ឡើង​ដោយ​គ្មាន​ខ្លួនឯង​ជា​ទីពឹង គ្មាន​ម្ចាស់ការ​លើ​ខ្លួនឯង ចាំ​តែ​ឥទ្ធិពល​ពី​ខាងក្រៅ​មក​ប្រាប់​និង​ដាស់តឿន​គេ​ថា​ត្រូវ​ធ្វើ​បែប​នេះ​ឬ​បែប​នោះ ចំណែក​ឯ​ឪពុក​ម្ដាយ​វិញ នៅ​ពេល​កូនៗ​មិន​ធ្វើ​តាម​ច្បាប់​ទម្លាប់​របស់​គ្រួសារ​ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​ក្រហល់ក្រហាយ មិន​ស្ងប់​ស្រណុក​ក្នុង​ចិត្ត មួម៉ៅ ដែល​រាលដាល​ដល់​សុខភាព​របស់​ខ្លួនឯង​វិវិត្ត​ទៅ​ជា​ជំងឺ​កាច​សាហាវ​ផ្សេងៗ​ផង​ដែរ។

ម្យ៉ាង​វិញ​ទៀត ការ​រៀបចំ​ផែនការ​ល្អិតល្អន់​ពេក​នឹង​បឺត​ស្រូប​យក​ថាមពល​ទាំង​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត​របស់​អ្នក ក៏​ព្រោះ​តែ​អ្នក​ត្រូវ​ចំណាយ​ពេល​គិត​ច្រើន​ហួសហេតុ រវើរវាយ​ធ្លាក់​ទៅ​ក្នុង​អណ្ដូង​នៃ​គំនិត​ដ៏​ល្អឥតខ្ចោះ ប៉ុន្តែ​បែរ​ជា​មាន​បញ្ហា​មិន​អាច​ប្រើ​ការ​បាន​ក្នុង​ភាព​ជាក់ស្ដែង​ទៅវិញ។​ នៅ​ពេល​អ្នក​កំពុង​តែ​ចោមរោម​ដោយ​មនុស្ស​អ៊ូអរ​ជាច្រើន​ជុំវិញ​ខ្លួន នោះ​អ្នក​ប្រាកដ​ជា​ពិបាក​ក្នុង​ការ​ឮ​ពី​អ្វី​ដែល​មនុស្ស​ម្នាក់​ទៀត​និយាយ​មក​កាន់​អ្នក។ ប៉ុន្តែ បើ​នៅ​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់​វិញ អ្នក​ប្រាកដ​ជា​អាច​ឮ​ពី​អ្វី​ដែល​ម្នាក់​ទៀត​ចង់​និយាយ​បាន​យ៉ាង​ច្បាស់លាស់។

មិន​ខុស​គ្នា​នោះ​ទេ នៅ​ពេល​ចិត្ត​អ្នក​ស្ងប់ នោះ​ចម្លើយ​ដែល​អ្នក​ចង់​ស្វែងរក​ប្រាកដ​ជា​អាច​រក​ឃើញ​មិន​ខាន បញ្ហា​គ្រាន់តែ​ស្ថិត​នៅ​លើ​ពេលវេលា​យូរ​និង​ឆាប់​ប៉ុណ្ណោះ។ នៅ​ពេល​អ្នក​ទុកចិត្ត​លើ​ខ្លួនឯង នោះ​អព្ភន្តរញាណ​របស់​អ្នក​នឹង​ដឹង​ចម្លើយ​រួច​ជា​ស្រេច​ថា​ផ្លូវ​ណា​ដែល​ស័ក្ដិសម​សម្រាប់​អ្នក​បំផុត៕​ ​

ដោយ​៖ ស្រីពៅ

X
5s