ការមានមិត្តភក្ដិច្រើនលើបណ្ដាញទំនាក់ទំនងសង្គម ប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវចិត្ត
តើអ្នកធ្លាប់ចង់ធ្វើជាមនុស្សដែលមានគេស្គាល់ច្រើននៅក្នុងសាលា ឬទេ? តើអ្នកខ្វល់ខ្វាយពីចំនួនមិត្តភក្តិដែលអ្នកមាននៅលើ Facebook ឬទេ? ការសិក្សាស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ក្មេងវ័យជំទង់ដែលមានមិត្តភក្តិច្រើនលើបណ្ដាញទំនាក់ទំនងសង្គមទំនងជាមានបញ្ហាសុខភាពផ្លូវចិត្ត ពេលដែលពួកគេឈានចូលពេញវ័យ ជាងមនុស្សដែលមានមិត្តភក្តិតិចតែជិតស្និទ្ធ។
អ្នកសិក្សាស្រាវជ្រាវនៅ សាកលវិទ្យាល័យវីជីនា (University of Virginia) បានធ្វើការសិក្សាទៅលើមនុស្សចំនួន ១៦៩នាក់ ដែលមានអាយុ ១៥ឆ្នាំ ក្នុងរយៈពេល១០ឆ្នាំ រហូតដល់ពួកគេមានអាយុ ២៥ឆ្នាំ។ អ្នកស្រាវជ្រាវទាំងនោះបានរកឃើញថាក្មេងវ័យជំទង់ដែលផ្ដល់អាទិភាពទៅលើមិត្តភាពខ្ពស់នៅពេលពួកគេមានអាយុ ១៥ឆ្នាំ មានភាពភ័យខ្លាចនៃការទទួលស្គាល់ក្នុងសង្គម (social anxiety)ទាប មានការផ្ដល់តម្លៃដល់ខ្លួនខ្ពស់ និងមិនសូវមានរោគសញ្ញានៃជំងឺតប់ប្រមល់ផ្លូវអារម្មណ៍ នៅពេលដែលពួកគេមានអាយុ២៥ឆ្នាំ ជាជាងអ្នកដែលមានអាយុប្រហែលគ្នា។
ផ្ទុយទៅវិញ ក្មេងវ័យជំទង់ដែលមានគេស្គាល់ច្រើនតាមបណ្ដាញទំនាក់ទំនងសង្គមមានកម្រិតភ័យខ្លាចនៃការទទួលស្គាល់ក្នុងសង្គម (social anxiety)ខ្ពស់នៅពេលពួកគេពេញវ័យ។ ការសិក្សាស្រាវជ្រាវដែលចំនាយពេលអស់ ១០ឆ្នាំ ដែលបានធ្វើការសម្ភាសក្មេងវ័យជំទង់ចំនួន ១៦៩នាក់ដែលមកពីក្រុមផ្សេងៗគ្នា បានធ្វើការឲ្យនិយមន័យមិត្តភាពជិតស្និទ្ធថាជាមិត្តភាពដែលល្អ។
អ្នកសិក្សាស្រាវជ្រាវបានប្រាប់ថាមិត្តភាពជិតស្និទ្ធពេលអ្នកមានវ័យជំទង់អាចជួយឲ្យអ្នកមានសុខភាពផ្លូវចិត្តរឹងប៉ឹង ពីព្រោះថាបទពិសោធន៍វិជ្ជមានជាមួយនឹងមិត្តភក្តិអាចជួយបង្កើតជាអារម្មណ៍វិជ្ជមានចំពោះខ្លួនអ្នក។ ការសិក្សាស្រាវជ្រាវមុនៗបានបង្ហាញថាបណ្ដាញទំនាក់ទំនងសង្គមកំពុងតែធ្វើឲ្យយុវជនជាច្រើនមិនពេញចិត្តនឹងជីវិតរបស់ពួកគេ ប្រឈមមុខនឹងការធ្វើបាបតាមប្រព័ន្ធអ៊ិនធឺណែត និងភាពភ័យខ្លាចពីការកាត់ផ្ដាច់ខ្លួនពីទូរស័ព្ទ។ ការចំណាយទៅលើសុខភាពផ្លូវចិត្តត្រូវគេទស្សទាយថានឹងមានការកើនឡើងច្រើនជាងការចំណាយទៅលើជំងឺមហារីក ទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមទៅទៀត។
ការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើងដោយ វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum)និងសាលាសុខភាពសាធារណៈហាវឺដ (Harvard School of Public Health) បានបង្ហាញថាការចំណាយផ្ទាល់និងមិនផ្ទាល់ទៅលើសុខភាពផ្លូវចិត្តនឹងមានការកើនឡើងពី ២.៥ ពាន់លាន់ដុល្លារ (ប៊ីលលានដុល្លារ) ទៅ ៦ ពាន់លានដុល្លារ (ប៊ីលលានដុល្លារ) ក្នុងឆ្នាំ ២០៣០៕
ដោយ៖ លង់ វណ្ណៈ