ទម្លាប់ ៤យ៉ាង ដែលអាចជួយអ្នកឲ្យបង្កើនប្រសិទ្ធភាពការងាររបស់អ្នកបាន​



កិច្ចការ​ច្រើន​អាច​ធ្វើឲ្យ​អ្នក​រង​សម្ពាធ និង​មាន​ភាព​តានតឹង ដែល​ជា​មូលហេតុ​បណ្ដាល​ឲ្យ​ប្រសិទ្ធភាព​ការងារ​របស់​អ្នក​ចុះ​ខ្សោយ​បាន។ បើ​អ្នក​កំពុងតែ​ស្វែងរក​វិធី​បែប​ណា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​អ្នក​ខណៈ​ពេល​អ្នក​មាន​ការងារ​ត្រូវ​បំពេញ​ច្រើន នោះ​ទម្លាប់ទាំង​៤​យ៉ាង​ខាងក្រោម​នេះ​អាច​ផ្ដល់​ជា​គន្លឹះ​ខ្លះៗ​សម្រាប់​អ្នក​បាន៖

១) រៀបចំ​ទុកដាក់​តុ​ធ្វើការ​របស់​អ្នក​ឲ្យ​មាន​របៀបរៀបរយ៖ ប្រយោជន៍​នៃ​ភាព​មាន​របៀបរៀបរយ​នៅ​លើ​តុ​ធ្វើការ​របស់​អ្នក ជួយ​ឲ្យ​អារម្មណ៍​របស់​អ្នក​មាន​របៀបរៀបរយ​ទៅ​តាម​នោះ​ដែរ និង​ធ្វើឲ្យ​អ្នក​ផ្ចង់​ស្មារតី​បាន​ល្អ និង​ស្រឡះ​មុខមាត់។ បើ​នៅ​លើ​តុ​ធ្វើការ​របស់​អ្នក​ពោរពេញ​ដោយ​ឯកសារ​ជាច្រើន នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​នឹក​ឃើញ​ដល់​កិច្ចការ​ជាច្រើន​ទៀត​ដែល​មិន​ទាន់​សម្រេច​រួច ហើយ​អ្នក​ក៏​មិន​អាច​ផ្ចង់​ស្មារតី​បាន​ល្អ​ចំពោះ​កិច្ចការ​កំពុង​នៅ​នឹង​មុខ។ ហេតុនេះ អ្នក​គួរ​រៀបចំ​តុ​ធ្វើការ​របស់​អ្នក​យ៉ាងណា​ឲ្យ​មាន​ចន្លោះ​ទូលាយ​ច្រើន និង​មាន​សណ្ដាប់ធ្នាប់​រៀបរយ​ល្អ។

២) លៃលក​ចំណាយ​ពេល​៩០នាទី​សម្រាប់​កិច្ចការ​ណា​ដែល​ជា​អាទិភាព​សម្រាប់​អ្នក៖ មិន​ថា​ពេញ​មួយ​ថ្ងៃ​របស់​អ្នក​ពោរពេញ​ដោយ​កិច្ចការ​រវល់​មមាញឹក​ប៉ុណ្ណា​ក៏​ដោយ អ្នក​គួរ​ចេះ​លៃលក​ពេលវេលា​២០%​នៃ​ពេលវេលា​ពេញ​មួយ​ថ្ងៃ​របស់​អ្នក ដែល​អាច​ស្មើនឹង​៩០​នាទី ទៅលើ​កិច្ចការ​ណា​ដែល​ជា​អាទិភាព​សម្រាប់​អ្នក​បំផុត។ កិច្ចការ​នោះ​អាច​ជា​ការ​ទទួលទាន​អាហារ​ពេល​ព្រឹក​ជាមួយ​ក្រុម​គ្រួសារ ឬ​ជា​ពេលវេលា​សម្រាប់​ការ​ហាត់ប្រាណ​ជាដើម។

៣) ឆ្លៀត​ពេល​សម្រាក​គេង​ពេល​ថ្ងៃ​ត្រង់៖ ការ​សម្រាក​គេង​ពេល​ថ្ងៃ​ត្រង់ អាច​ជួយ​ជម្រះ​ខួរក្បាល​របស់​អ្នក​ពី​ភាព​ស្មុគស្មាញ​ទាំងឡាយ​ដែល​អ្នក​ជួប​ប្រទះ​ពេញ​មួយ​ព្រឹក​ពី​កន្លែង​ធ្វើការ។ ហេតុនេះ​នៅ​ពេល​អ្នក​ក្រោក​ពី​គេង​វិញ នោះ​អ្នក​នឹង​មាន​ភាព​ស្រស់ស្រាយ​ជាង​មុន​ដើម្បី​ចាប់ផ្ដើម​ការងារ​របស់​អ្នក​បន្ត​ទៀត​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

៤) ចេញ​ក្រៅ​ដើម្បី​ស្រូប​ខ្យល់​អាកាស៖ អ្នក​មិន​គួរ​អង្គុយ​នៅ​កន្លែង​ធ្វើការ​រហូត​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អារម្មណ៍​របស់​អ្នក​កាន់តែ​តានតឹង​និង​អាប់អួ។ ផ្ទុយទៅវិញ អ្នក​គួរតែ​ឆ្លៀត​ពេញ​ចេញ​ទៅ​ស្រូប​ខ្យល់​អាកាស​និង​ទទួល​កម្ដៅ​ថ្ងៃ​ខ្លះ​នៅ​ខាងក្រៅ ដើម្បី​បន្ធូរ​អារម្មណ៍​អ្នក​ឲ្យ​ល្អ​ឡើង​វិញ៕

ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ តើ​មូលហេតុ​អ្វី​ខ្លះ ​ដែល​អាច​ប៉ះពាល់​ដល់​ការ​គេង​របស់​អ្នក ​មិន​ឲ្យ​លង់លក់​ស្កប់ស្កល់​បាន?

X
5s