ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣​



ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣ ​មាន​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង ១៥០​ ចូលរួមជាមួយនឹងទំហំទីតាំងពិព័រណ៍ជិត 4000 ម៉ែត្រការ៉េ ដាក់តាំងបង្ហាញ​ផលិតផលថ្មីៗ និងភាពច្នៃប្រឌិតថ្មីៗដល់អ្នកចូលរួមមកពីវិស័យស្ថាបត្យកម្មរចនាផ្ទៃខាងក្នុង អ្នកអភិវឌ្ឍអចលនទ្រព្យ និងសំណង់ ក៏ដូចជាតាំងបង្ហាញដល់បងប្អូនប្រជាពលរដ្ឋទូរទៅដែលជាម្ចាស់ផ្ទះ និងសាស្រ្តាចារ្យជំនាញក្នុងវិស័យនេះផងដែរ។ ក្រោម​ប្រធានបទ «ការរចនាសម្រាប់កន្លែងធ្វើការ និងការរស់នៅឱ្យកាន់តែមានភាពប្រសើរ» នៃពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី ៣ ដែលរៀបចំឡើងដោយក្រុមហ៊ុន ICVeX Co Ltd សហប្រតិបត្តិការជាមួយសមាគមស្ថាបត្យកម្មកម្ពុជារៀបចំរួមគ្នាចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២៦ នៅក្នុងបរិវេណមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្យ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ​តាម​សេចក្ដី​ប្រកាស​​ព័ត៌មាន​ដែល​ BizKhmer ទទួល​បាន​ លោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ICVeX បានមានប្រសាសន៍ថា៖«យើងទទួលបានជោគជ័យយ៉ាងខ្លាំងចំពោះពិពរ័ណ៍លើកទី១ និងទី២កន្លងរួចមកហើយ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកដែលក្នុងឧស្សាហកម្មនេះក៏ដូចជាក្រសួង និងស្ថាប័ននានារបស់រដ្ឋជាពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់» ។ លោកបានថ្លែងបន្តថា៖«ឆ្នាំនេះគឺជាការរៀបចំពិពរ័ណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣ របស់យើងដែលនឹងផ្តល់ជូននូវឱកាសជាច្រើនសម្រាប់អ្នកចូលរួមក្នុងការរៀនសូត្រ។ យើងចង់ជម្រុញប្រជាជនកម្ពុជា និងផ្តល់គំនិត និងចំណេះដឹងដល់ពួកគេក្នុងរបៀបរៀបចំលម្អរនៅកន្លែងធ្វើការ និងការរស់នៅរបស់ពួកគេឱ្យកាន់តែមានភាពប្រសើរឡើង "។ ជាការពិតណាស់តួនាទីនៃការរចនា គុណភាពនៃការតុបតែង និងស្ថាបត្យកម្មមិនត្រូវបានកាត់ផ្តាច់ចេញពីការរីកចម្រើននៃវិស័យសំណង់នោះឡើយ ព្រោះវាធ្វើឱ្យអាគារមានភាពទាក់ទាញនិងមានផាសុកភាព និងមានផលប៉ះពាល់ផ្ទាល់ទៅលើបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋយើង។ ឯកឧត្តម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ គណៈស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ថា វិស័យសំណង់ និង អចលនទ្រព្យនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងពេលជាមួយគ្នានេះដែរមានតម្រូវការនៃទំនើបកម្មនិងការតុបតែងលំអរអគារ និងគេហដ្ឋានក៏ជារឿងចាំបាច់ផងដែរ។ ឯកឧត្តម ភឿង សុភ័ណ្ឌ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖«ពិពរ័ណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី ៣ឆ្នាំនេះនឹងក្លាយជាភស្តុតាងដើម្បីបង្ហាញថាវិស័យសំណង់និង អចលនទ្រព្យនៅកម្ពុជាបានធ្វើការទាក់ទាញវិនិយោគិនជាច្រើនទាំងក្នុងស្រុកនិងក្រៅស្រុក។ ព្រឹត្តិការណ៍ដ៏ពិសេសនេះនឹងដើរតួជាវេទិកាមួយដោយនាំមកនូវគំនិតថ្មី‌ ផលិតផលថ្មី‍ៗ និងគំរូនៃការតុបតែងអគារ និងផ្ទះល្អៗដល់ប្រទេស និងប្រជាជនរបស់ យើងខណៈដែលរបៀបរស់នៅរបស់ប្រជាជនកម្ពុជាបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលប៉ន្មានឆ្នាំចុងក្រោយនេះ»។ ជាមួយនឹងភាពជោគជ័យដ៏ធំធេងក្នុងការតាំងពិព័រណ៍ពីរលើកកន្លងមកនេះ ព្រឹត្តិការណ៍ថ្ងៃនេះនឹងផ្តល់នូវវេទិកាតែមួយគត់សម្រាប់អ្នកចូលរួមទាំងអស់មានជំនួបដោយផ្ទាល់ជាមួយ វាគ្មិនសំខាន់ៗ និងអ្នកតាំងពិព័រណ៍នៅក្នុងពិធីអាហារពេលល្ងាចឆ្នាំ ២០១៨ នៅសាលពិពរ័ណ៍ និងសន្ឋិបាតកោះពេជ្រ។ សូមបញ្ជាក់ផងដែរថាកាលពីឆ្នាំ ២០១៧ ពិព័រណ៍នេះបានទាក់ទាញភ្ញៀវចូលរូមចំនួន ៤.309 នាក់ដោយមានកើនឡើងជាង២៣ ភាគរយធៀបទៅឆ្នាំ២០១៦។ និន្នាការនៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ចំនួនប្រជាជនរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើងពី ១៥ ទៅ ១៩ លាននាក់នៅចន្លោះពេលនេះរហូតដល់ឆ្នាំ២០៣០ ហើយនៅទីក្រុងភ្នំពេញ និងនៅតាមទីប្រជុំជននឹងមានចំនួនប្រជាជនកើនឡើងពី ៤ ទៅ ៧ លាននាក់ដែលជម្រុញអោយមានតម្រូវការលំនៅដ្ឋានថ្មីប្រមាណជា ៨០០.០០០ ផ្ទះបន្ថែមទៅលើចំនួនលំនៅឋានបច្ចុប្បន្ន។ នេះបើយោងតាមរបាយការណ៍ពី MLMUPC។ របាយការណ៍ដដែលបានបង្ហាញថា កាលពីឆ្នាំ២០១៧ វិស័យអចលនទ្រព្យមានការកើនឡើងគួរឱ្យកត់សម្គាល់ជាមួយនឹងគម្រោងអនុម័តចំនួន ៣.៤១៨ គម្រោង ហើយវិស័យសំណង់បានកើនឡើង ២២% ពីមួយឆ្នាំទៅមួយឆ្នាំ (មានទឹកប្រាក់រហូតដល់ទៅ ៦.៨ ពាន់លានដុល្លារ) ក្នុងនោះ ៨២% ជាគម្រោងលំនៅដ្ឋាន។ ជាមួយគ្នានេះដែរ កាលឆ្នាំ ២០១៧ ត្រូវបានគេមើលឃើញថាមានការកើនឡើងនូវតម្រូវការ សម្រាប់អគារការិយាល័យដែលមានគុណភាពល្អទាំងអ្នកក្នុងស្រុកនិងក្រៅស្រុក។ ការណ៍នេះបានធ្វើឱ្យប្រភេទអគារការិយាល័យប្រភេទ B ធ្លាក់ចុះប្រហែល ១០ ភាគរយ។ ស្របពេលជាមួយគ្នាដែរ នៅដំណាច់ត្រីមាសទី ៤ ឆ្នាំ ២០១៧ ផ្ទៃដីសម្រាប់ជួលដើម្បីធ្វើការលក់រាយប្រហែល ៣០០.០០០ ម៉ែត្រការ៉េកំពុងត្រូវបានសាងសង់ឬគ្រោងនឹងបញ្ចប់បានកើនឡើងទ្វេដងសម្រាប់តម្រូវការផ្គត់ផ្គង់លក់រាយនាពេល២៤ ខែខាងមុខ។ លោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជា (CSA) បានមានប្រសាសន៍ថាប្រទេសកម្ពុជាបានទទួលបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សសម្រាប់ឆ្នាំកន្លងមកដោយសារវិស័យសំណង់ និងអចលនទ្រព្យគឺជាឧស្សាហកម្មឈានមុខគេមួយ។ លោក ស៊ិន សុជាតិ បានមានប្រសាសន៍បន្ថែមទៀតថា៖«ស្របពេលជាមួយគ្នានោះដែរ សេដ្ឋកិច្ចរបស់យើងកំពុងរីកចម្រើនដោយយើងឃើញមានការសាង់សង់សណ្ឋាគារថ្មីៗ អគារការិយាល័យ ផ្សារទំនើប ភោជនីយដ្ឋាន និងអគារលំនៅដ្ឋានកំពុងមានការរីកចំរើននៅរាជធានីភ្នំពេញ និងបានរីករាលដាលទៅកាន់ទីក្រុងនានាក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ននេះមានប្រជាជនថ្នាក់កណ្តាលកំពុងមានការកើនឡើង ហើយរបៀបនៃរស់នៅរបស់ពួកគេក៏កំពុងផ្លាស់ប្តូរទាំងការងារ និងបរិស្ថានផ្ទាល់ខ្លួនផងដែរ»។ ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិរូបិយវត្ថុអន្ដរជាតិក៏ដូចជារដ្ឋាភិបាលបានធ្វើការព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងក្នុងរង្វង់ ៧ ភាគរយនៅឆ្នាំនេះ និងឆ្នាំក្រោយ។ វិស័យសំណង់គឺជាផ្នែកមួយដ៏សំខាន់ដែលគាំទ្រដល់កំណើនខ្ពស់បែបនេះ៕
X
5s