តើគួរធ្វើបែបណាទើបទប់ស្កាត់ជំងឺចាស់ភ្លេចភ្លាំង នៅពេលវាមិនទាន់យ៉ាប់យ៉ឺនបាន?
ជំងឺចាស់ភ្លេចភ្លាំងច្រើនតែជាស្ថានភាពមួយដែលមិនអាចចៀសវាងបានចំពោះមនុស្សដែលមានវ័យកាន់តែច្រើន។ ប៉ុន្តែ បើអ្នកមិនប្រុងប្រយ័ត្នទេ នោះជំងឺនេះក៏អាចកើតឡើងចំពោះអ្នកដែលកំពុងតែស្ថិតនៅក្នុងវ័យក្មេងនៅឡើយ។ តើគួរធ្វើបែបណាទើបទប់ស្កាត់ជំងឺចាស់ភ្លេចភ្លាំងនេះនៅពេលវាមិនទាន់យ៉ាប់យ៉ឺនបាន ?
១) ចៀសវាងការប្រើប្រាស់ថ្នាំផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងជំងឺភ្លេចភ្លាំង
ថ្នាំបំបាត់ការប្រតិកម្មឬការអាឡាកហ្ស៊ីទៅនឹងអាហារបែបណាមួយ និងថ្នាំធ្វើឲ្យឆាប់ងងុយគេងជាដើម ថ្នាំទាំងនេះត្រូវបានអ្នកស្រាវជ្រាវពិសោធន៍ទៅលើមនុស្សដែលបានទទួលទានថ្នាំទាំងនេះរួច ហើយពួកគេក៏រកឃើញថាមានការថយចុះនូវដំណើរការរបស់ខួរក្បាល និងការស្វិតរួមតូចរបស់វា ដែលលទ្ធផលដែលទទួលបានពីការសិក្សានេះត្រូវបានរកឃើញមាននៅក្នុងមនុស្សដែលបានប្រើប្រាស់ថ្នាំប្រភេទនេះអស់រយៈពេល៣ឆ្នាំឬច្រើនជាងនេះ។ ស្របជាមួយគ្នាដែរ អ្នកវិទ្យាសាស្ត្រមកពី University of Washington ក៏បានរកឃើញទំនាក់ទំនងរវាងការប្រើប្រាស់ថ្នាំទាំងនេះទៅនឹងការកើនឡើងហានិភ័យពីជំងឺភ្លេចភ្លាំងផងដែរ។ បានអានឬនៅ ?
ការសិក្សាស្រាវជ្រាវ៖ អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៨ ដែលបានមកពីការដើរ
២) ទទួលយកវីតាមីនDឲ្យបានគ្រប់គ្រាន់
កង្វះវីតាមីនDក្នុងរាងកាយ មិនត្រឹមតែអាចឲ្យអ្នកកើតជំងឺភ្លេចភ្លាំងប៉ុណ្ណោះទេ តែវាក៏ជាកត្តាដែលនាំទៅរកជំងឺផ្សេងទៀតដូចជា ការចុះខ្សោយនៃប្រព័ន្ធភាពស៊ាំ ជំងឺពុកឆ្អឹង មហារីក និងជំងឺដែលមានបញ្ហាជាមួយស្បែក។ ទោះជាយ៉ាងណា ការទទួលយកនូវវីតាមីននេះឲ្យបានគ្រប់គ្រាន់គឺជារឿងងាយស្រួលនោះទេ ព្រោះថាដោយគ្រាន់តែចេញទៅទទួលយកពន្លឺព្រះអាទិត្យ អ្នកក៏អាចទទួលបានវីតាមីនDដែរ និងតាមរយៈអាហារដូចជាផ្សិត ទឹកដោះគោ ស៊ុត សាច់ត្រី និងទឹកក្រូចច្របាច់ជាដើម។
៣) ការដើរហាត់ប្រាណ
ការមិនធ្វើសកម្មភាពរាងកាយសោះក៏ជាកត្តាមួយដែលនាំឲ្យអ្នកអាចឆាប់ភ្លេចភ្លាំងបានដែរ។ ហេតុនេះបើអ្នកចាប់ផ្ដើមបណ្ដុះទម្លាប់ដើរហាត់ប្រាណ ឬពត់ដៃជើង នោះយ៉ាងហោចណាស់ក៏វាអាចចូលរួមចំណែកជួយឲ្យស្ថានភាពរបស់អ្នកបានល្អប្រសើរមួយកម្រិត ហើយក៏បានជួយបន្ធូរភាពតានតឹងទាំងឡាយរបស់អ្នកឲ្យធូរស្រាលផងដែរ៕
ដោយ៖ ស្រីពៅ
សូមអាន៖ តើអត្ថប្រយោជន៍អ្វីខ្លះពីខ្លាញ់ត្រី ដែលអ្នកមិនគួរមើលរំលង?