គន្លឹះដ៏អស្ចារ្យទាំង ៩ដើម្បីក្លាយជាមនុស្ស «មានភាពឆ្លាតវៃផ្លូវអារម្មណ៍»​



បើយោងតាម TalentSmart មជ្ឈមណ្ឌលផ្ដល់ការធ្វើតេស្តភាពឆ្លាតវៃផ្លូវអារម្មណ៍ បានធ្វើតេស្តទៅលើមនុស្សជាងមួយលាននាក់ ហើយបានរកឃើញថាមនុស្សដែលមានប្រសិទ្ធភាពបំផុតគឺជាមនុស្សដែលមានភាពវ័យឆ្លាតផ្លូវអារម្មណ៍។ តើអ្នកឆ្ងល់ទេថាតើអ្នកទាំងនោះធ្វើយ៉ាងម៉េចខ្លះទើបអាចក្លាយជាមនុស្សដែលភាពអារម្មណ៍នឹងធឹង រីករាយ និងអារម្មណ៍ស្ងប់ស្ងាត់? ដូចនេះ BizKhmer សូមលើកយកគន្លឹះដ៏អស្ចារ្យទាំង ៩ដើម្បីក្លាយជាមនុស្សដែលមានភាពឆ្លាតវៃផ្លូវអារម្មណ៍ ដែលចុះផ្សាយក្នុងគេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោក មកចែកជូនមិត្តអ្នកអានថ្ងៃនេះ៖

១) ជំនះភាពជោគជ័យ៖ មនុស្សដែលមានភាពវ័យឆ្លាតផ្លូវអារម្មណ៍មិនអនុញាតិឲ្យនរណាម្នាក់មកបំផ្លាញក្ដីសុខ និងភាពសប្បាយរីករាយរបស់ពួកគេឡើយ។ មិនខ្វល់ថាអ្នកដ៏ទៃគិតអ្វីពីអ្នកនោះទេ អ្នកគឺជានៅតែជាអ្នក។ ដូច មហាត្មាគន្ធីបានពោលថា «ខ្ញុំមិនអនុញ្ញាតិឲ្យនរណាម្នាក់ធ្វើឲ្យខ្ញុំឈឺចាប់បាននោះទេ ប្រសិនបើគ្មានការអនុញ្ញាតិពីខ្ញុំ។»

២) ការអនុគ្រោះ៖ មនុស្សដែលមានភាពឆ្លាតវៃផ្លូវអារម្មណ៍ជាមនុស្សដែលចេះអនុគ្រោះ។ មនុស្សដែលមានភាពវ័យឆ្លាតផ្លូវអារម្មណ៍គ្មានបំណងបង្កទំនាស់ ឬចង់ឲ្យអ្នកដ៏ទៃតបស្នងកំហុសបន្ដិចបន្តួចរបស់ពួកគេនោះទេ ពីព្រោះពួកគេមិនចង់បង្ករឿងវែងឆ្ងាយ។ រឿងខ្លះបើអាចអត់ឱន​ឱ្យ​បាន អត់ឱនខ្លះទៅ គ្មាននរណាម្នាក់ត្រូវរហូតនោះទេ។

៣) គ្រប់គ្រងអារម្មណ៍៖ មនុស្សដែលមានភាពវ័យឆ្លាតផ្លូវអារម្មណ៍ដឹងថាថ្ងៃស្អែកគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់ពួកគេ ដែលពួកគេត្រូវប្រយុទ្ធតស៊ូបន្តទៀត។ នៅពេលដែលអ្នកចេះគ្រប់គ្រងអារម្មណ៍ អ្នកអាចជ្រើសរើសទីលានប្រយុទ្ធដោយភាពឆ្លាតវៃ ហើយអ្នកអាចឈរយ៉ាងរឹងមាំពេលឱកាសមកដល់ អ្នកនឹងយកឈ្នះគូប្រកួតប្រជែងយ៉ាងងាយ។

៤) មិនត្រូវការភាពល្អឥតខ្ចោះ៖ មនុស្សដែលមានភាពវ័យឆ្លាតវៃផ្លូវអារម្មណ៍មិនត្រូវការភាពល្អឥតខ្ចោះនោះទេ ពីព្រោះតែពួកគេដឹងថាភាពល្អឥតខ្ចោះមិនមាននោះទេលើលោកនេះ។ នៅពេលដែលអ្នកគិតតែចង់បានភាពល្អឥតខ្ចោះ អ្នកនឹងចំណាយពេលឥតប្រយោជន៍កែកំហុសឆ្គងជាច្រើនដង ច្រើនសារ ជាជាងសប្បាយរីករាយនឹងអ្វីដែលអ្នកអាចសម្រេចបាន។ គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ មានតែភាពល្អឥតខ្ចោះប៉ុណ្ណោះដែលឥតខ្ចោះ។

៥) ភាពបរាជ័យ៖ មនុស្សដែលមានភាពវ័យឆ្លាតផ្លូវអារម្មណ៍ដឹងថាភាពជោគជ័យស្ថិតលើសមត្ថភាពរបស់ពួកគេ គឺសមត្ថភាពដែលអាចងើបចេញពីភាពបរាជ័យ។ ធ្វើអ្វីក៏ដោយគឺទាមទារឲ្យអ្នកហ៊ានប្រឈមមុខនឹងហានិភ័យ បញ្ហា ឧបសគ្គ ភ្លៀងផ្គររន្ទះដែលមករារាំងភាពជោគជ័យរបស់អ្នក។ អ្នកមិនត្រូវអនុញ្ញាតិឲ្យភាពបរាជ័យទាញជើងអ្នក ចាប់ដៃអ្នកមិនឲ្យជោគជ័យបានជាដាច់ខាត។ បើអ្នកនៅមានដង្ហើម គ្មានអ្វីដែលមករារាំងអ្នកបាននោះទេ។

៦) កុំស្មុគស្មាញនឹងបញ្ហា៖ នៅពេលដែលអ្នករវល់តែស្មុគស្មាញជាមួយនឹងបញ្ហា អ្នកកំពុងតែបង្កើត និងធ្វើឲ្យអារម្មណ៍ស្មុគស្មាញ ភាពតប់ប្រមល់មកញាំញីជីវិតរបស់អ្នកកាន់តែខ្លាំងឡើងៗ។ ប៉ុន្តែនៅពេលដែលអ្នកផ្តោតអារម្មណ៍ដើម្បីឲ្យខ្លួនអ្នកកាន់តែល្អប្រសើរ អ្នកអាចបង្កើតនូវអារម្មណ៍វិជ្ជមានដល់ខ្លួនអ្នក។ មនុស្សដែលមានភាពវ័យឆ្លាតផ្លូវអារម្មណ៍គេមិនរស់នៅជាមួយនឹងបញ្ហានោះទេ ប៉ុន្តែពួកគេផ្តោតលើដំណោះស្រាយ។

៧) មនុស្សអវិជ្ជមាន៖ មនុស្សដែលមានអវិជ្ជមានគឺជាមនុស្សដែលពូកែត្អូញត្អែរ មានលេសរាប់មិនអស់។ មនុស្សដែលមានភាពវ័យឆ្លាតផ្លូវអារម្មណ៍តែងតែជៀសវាងមនុស្សជំពូកនេះ។ ពួកគេដឹងថាមនុស្សទាំងនេះគឺធ្វើឲ្យពួគគេមានអារម្មណ៍ស្រ្តេស្ត ស្មុគស្មាញ និងធ្វើឲ្យពួកគេខាតបង់ពេលវេលាឥតប្រយោជន៍។ មនុស្សជំពូកនេះទុកក៏មិនចំណេញ ដកចេញក៏មិនខាត។

៨) បៀមទុក្ខ៖ មនុស្សដែលអវិជ្ជមានចូលចិត្តបៀបទុកក្ដៅក្រហាយនៅក្នុងខ្លួន។ មនុស្សដែលពូកែឱបទុក្ខ អុចអាល ចាក់ឆ្កឹះអ្នកដ៏ទៃគឺជាមនុស្សដែលសំបូរស្រ្តេស្ត។ មនុស្សដែលមានភាពឆ្លាតវៃផ្លូវអារម្មណ៍មិនមែនជាមនុស្សដែលពូកែបៀមទុក្ខនោះទេ ពីព្រោះតែពួកគេដឹងពីរបៀបរំងាប់ទុក្ខ។ ពាក្យចាស់ខ្មែរពោលថា៖ «ឈើបៀមទឹកចាប់ពុក មនុស្សបៀមទុក្ខឆាប់ស្លាប់»។

៩) ការនិយាយ «ទេ»៖ ការសិក្សាស្រាវជ្រាវរបស់សកលវិទ្យាល័យ កាលីហ្វញ៉ា បានរកឃើញថា មនុស្សដែលមិនហ៊ាននិយាយថា «ទេ» មានភាពតប់ប្រមល់ វិបត្តិផ្លូវចិត្ត និងស្រ្តេស្តជាងមនុស្សធម្មតា។ ពាក្យថា «ទេ» ជាពាក្យដ៏មានឥទ្ធិពលដែលអ្នកមិនត្រូវខ្លាចនឹងនិយាយនោះទេ។ អ្នកមិនត្រូវទទួលគ្រប់តែរឿងនោះទេ រឿងខ្លះបើបដិសេធបានក៏ល្អដែរ៕

ចុចអាន៖ ការសិក្សាស្រាវជ្រាវ៖ មនុស្សដែលពូកែនិយាយកំប្លុកកំប្លែងជាមនុស្សដែលមានភាពឆ្លាតវៃ

ដោយ៖ លង់ វណ្ណៈ

X
5s