៥យ៉ាងដែលអ្នកត្រូវលះបង់បើពិតជាចង់ឲ្យកូនរបស់អ្នកក្លាយជាមនុស្សដ៏អស្ចារ្យម្នាក់​



ឪពុកម្ដាយដ៏ល្អគ្រប់រូបតែងចង់រួមចំណែកយ៉ាងសកម្មក្នុងដំណើរជីវិតរបស់កូន ហើយនាំពួកគេទៅកាន់ភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងជីវិត។ ប៉ុន្ដែ ការណ៍ដែលអ្នករឹតបន្ដឹងពួកគេក្រោមច្បាប់ទម្លាប់របស់គ្រួសារ ឬរំពឹងពួកគេឲ្យរស់នៅទៅតាមការរំពឹងទុករបស់អ្នកជាជាងលើកទឹកចិត្តពួកគេឲ្យរស់នៅតាមជីវិតមួយដែលពួកគេពេញចិត្ត និងការពារពួកគេជ្រុលហួសហេតុពេក នឹងធ្វើឲ្យទំនុកចិត្តរបស់ពួកគេមកលើខ្លួនឯង ព្រមទាំងភាពច្នៃប្រឌិតត្រូវបានថយចុះ។ បើអ្នកចង់ឲ្យកូនរបស់អ្នករស់នៅពោរពេញដោយក្ដីសុខ មានសេរីភាពធ្វើអ្វីទៅតាមការពេញចិត្តរបស់ខ្លួន ៥ចំណុចនេះគឺជាអ្វីដែលអ្នកត្រូវលះបង់ចោលហើយ៖ 

១. លះបង់ចោលនូវការតែងប្រាប់គេថាអ្វីដែលគេត្រូវធ្វើ៖ ជាការត្រឹមត្រូវដែលពួកគេត្រូវការការណែនាំកំឡុងពេលពួកគេរៀនសូត្រពីអ្វីៗដែលនៅជុំវិញខ្លួន ប៉ុន្ដែនេះក៏មិនមែនបានន័យថា អ្នកត្រូវតែចាំប្រាប់គេគ្រប់ជំហាននៅក្នុងជីវិតនោះដែរ។ នៅពេលអ្នកដាក់សម្ពាធពួកគេជាមួយនឹងការណែនាំពីរបៀបដែលពួកគេគួររស់នៅ ឬជាច្បាប់ទម្លាប់គ្រួសារដ៏តឹងរឹុងដែលពួកគេត្រូវប្រតិបត្តិតាម នោះអ្នកនឹងធ្វើឲ្យពួកគេមានការតូចចិត្តចំពោះខ្លួនឯង និងបំផ្លាញភាពច្នៃប្រឌិតរបស់ពួកគេទៀតផង។ ផ្ទុយទៅវិញ ក្មេងដែលទទួលបានសេរីភាពច្រើនពីឪពុកម្ដាយ ពួកគេនឹងធំធាត់ឡើងជាមួយកង្វល់ សេចក្ដីទុក្ខសោក និងអារម្មណ៍ប៉ះទង្គិចពីការបរាជ័យក្នុងកម្រិតតិចតួចបំផុត។

២. លះបង់ចោលនូវការការពារពួកគេជ្រុលហួសហេតុ៖ បើអ្នកជាឪពុកម្ដាយដែលតែងតែខ្វល់ខ្វាយពីរាល់គ្រោះថ្នាក់ដែលអាចកើតមានមកលើកូនរបស់អ្នក សូមកុំឲ្យការគិតបែបនេះមកមានឥទ្ធិពលទៅឥរិយាបថរបស់អ្នកចំពោះកូនឲ្យសោះ។ នៅពេលអ្នករារាំងពួកគេមិនឲ្យប្រថុយប្រថានសាកល្បងអ្វីថ្មី ឬមើលឃើញកំហុសក្នុងផ្លូវអវិជ្ជមាន នោះពួកគេនឹងយល់ថាពិភពលោកនេះគឺជាទីកន្លែងដែលគ្មានសុវត្ថិភាព ដូច្នេះនៅពេលពេញវ័យ ពួកគេនឹងរួញរាក្នុងការសាកល្បងការប្រថុយប្រថានទាំងឡាយដែលអាចនាំផលល្អសម្រាប់ពួកគេក្នុងជីវិត។

៣. លះបង់ចោលនូវទម្លាប់សម្រេចចិត្តជំនួសពួកគេ៖ ជំនាញដ៏សំខាន់សម្រាប់មនុស្សវ័យជំទង់ គឺជាការរៀនសូត្រពីរបៀបធ្វើការសម្រេចចិត្តបានយ៉ាងឈ្លាសវៃ ហើយជំនាញនេះត្រូវបណ្ដុះមកកំឡុងពេលពួកគេស្ថិតក្នុងវ័យកុមារភាព។ នៅពេលពួកគេត្រូវធ្វើការសម្រេចចិត្តអ្វីមួយនៅក្នុងជីវិត អ្នកគួរតែជួយពួកគេក្នុងការសម្រេចចិត្តនោះ ប៉ុន្ដែអ្នកត្រូវធ្វើឲ្យប្រាកដថាចុងក្រោយពួកគេជាអ្នកមានសិទ្ធិជ្រើសរើសដោយខ្លួនឯង ពុំនោះទេក្នុងរយៈពេលវែងពួកគេនឹងមានភាពភ័យខ្លាចក្នងុការបរាជ័យ និងមានភាពអស់សង្ឃឹមក្នុងជីវិតពួកគេមិនខាន។

៤. លះបង់ចោលនូវការបន្ទោសពួកគេពីកំហុសដែលបានសាង៖ អ្នកត្រូវចាំថានរណាក៏អាចសាងកំហុសឡើងបានដែរ សូម្បីតែកូនរបស់អ្នក។ ជំនួសឲ្យការប្រើពាក្យសម្ដីធ្ងន់ៗមិនពិរោះស្ដាប់ដើម្បីបន្ទោសពួកគេ អ្នកគួរតែអង្គុយចុះនិយាយជាមួយពួកគេពីអ្វីដែលពួកគេបានរៀនសូត្រពីកំហុសនោះ ហើយធ្វើបែបណាទើបកែប្រែវាឲ្យប្រសើរជាងមុន។

៥. លះបង់ចោលនូវការលើកសរសើរពីភាពវៃឆ្លាតរបស់ពួកគេ៖ ជាជាងភាពវៃឆ្លាតដែលពួកគេ​មាន នៅពេលអ្នកងាកមកលើកសរសើរពួកគេពីលទ្ធផលដែលពួកគេទទួលបាន នោះពួកគេនឹងមានឆន្ទៈក្នុងការជម្រុញខ្លួនឯងឲ្យប្រឹងប្រែងជាងមុនដើម្បីសម្រេចជោគជ័យទៅថ្ងៃអនាគត។ ផ្ទុយទៅវិញ បើអ្នកលើកសរសើរពីគុណសម្បត្តិនៃភាពវៃឆ្លាតរបស់គេវិញ នោះវានឹងបង្ហាញថាអ្នកកំពុងផ្ដល់តម្លៃលើទេពកោសល្យធម្មជាតិស្រាប់ៗពីកំណើតរបស់ពួកគេ​ ដែលនេះមិនបានជួយអ្វីដល់ពួកគេក្នុងការប្រឹងប្រែងតទៅមុខទៀតនោះឡើយ៕

X
5s