មុន​ឈាន​ដល់​វ័យ​​ ៣០​ឆ្នាំ​ អ្នក​គួរ​តែ​មាន​​គម្រោង​ហិរញ្ញវត្ថុ​​ទាំង ​១០​​​​​នេះ​យ៉ាង​ហោចណាស់​



​ដើម្បី​ជីវិត​រស់​ស្រួល ​នា​ថ្ងៃ​អនាគត​ហើយ​​មាន​សេរីភាព​ហិរញ្ញវត្ថុ​ទៀត​នោះ អ្នក​គួរ​តែ​មាន​ឬ​សម្រេច​នូវ​គម្រោង​ហិរញ្ញវត្ថុ​ ខាង​ក្រោម​នេះ​ មុន​ពេល​​អ្នក​មាន​អាយុ​៣០​ឆ្នាំ។ ក្នុង​នោះ​រួម​មាន៖

១) ​ផែនការ​ចិញ្ចឹម​ខ្លួន​ឯង៖ បើ​ទោះ​បី​ជា​គ្រួសារ​នៅ​តែ​ចាំ​ជួយ​អ្នក​ក្តី ប៉ុន្តែ​ក្នុង​នាម​ជា​កូន​ដែល​ធំ​ដឹង​ក្តី​ម្នាក់ អ្នក​គួរ​តែ​មាន​លទ្ធភាព​ចិញ្ចឹម​ខ្លួន​ឯង ឈប់​សុំ​លុយ​ពី​ពួក​គាត់​ហើយ​មាន​លុយ​សន្សំ​ជា​ប្រចាំខែ។ បើ​ទោះ​បី​ជា​ថ្ងៃ​ណា​មួយ​អ្នក​គ្មាន​ការងារ​ធ្វើ អ្នក​ក៏​នៅ​មាន​​លុយ​ដែល​សន្សំ​ទុក​ទប់ទល់​បាន​មួយ​រយៈ​ពេល​ដែរ។

២) ចាប់​ផ្តើម​សន្សំ​លុយ​សម្រាប់​ចូល​និវត្តន៍​​៖ អ្នក​គួរ​ចាប់​ផ្តើម​សន្សំ​លុយ​ទាន់​ខ្លួន​នៅ​ក្មេង​ ប្រសិន​មិន​ចង់​លំបាក​ពេល​ចាស់​ទៅ។ អ្នក​គួរ​តែ​ចាប់​ផ្តើម​សន្សំ​លុយ​សម្រាប់​ចូលនិវត្តន៍​មុន​ពេល​អាយុ​២៥​ឆ្នាំ​ប្រសិន​ជា​អាច​។

៣) វិនិយោគ៖ ពេល​នៅ​ក្មេង​ អ្នក​ប្រហែល​ជា​សន្សំ​លុយ​ដើម្បី​បាន​ការ​ប្រាក់។ ប៉ុន្តែ ការ​ប្រាក់​មិន​អាច​ផ្លាស់​ប្តូរ​ជីវិត​ឲ្យ​រស់​ស្រួល​នោះ​ទេ។ ដូច្នេះ​ហើយ អ្នក​គួរ​តែ​រក​ផ្លូវ​ដើម្បី​វិនិយោគ​ដើម្បី​បង្កើន​ចំណូល​របស់​អ្នក។ ​

៤) ត្រូវ​មាន​លុយ​ពេល​មាន​អាសន្ន​៖ ជា​ធម្មតា តាម​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ បុគ្គល​ម្នាក់​ៗ​ត្រូវ​មាន​លុយ​ទប់​ទល់​​ពេល​មាន​អាសន្ន​។ ឯ​ចំនួន​លុយ​គួរ​តែ​អាច​ទប់ទល់​​បាន​ពី​៣​ទៅ​៦​ខែ។

៥) ត្រូវ​មាន​ធានា​រ៉ាប់រង៖ អ្នក​គួរ​តែ​ទិញ​​ធានា​រ៉ាប់រង​ជីវិត​មួយ​​​​ប្រសិន​អ្នក​មិន​ចង់​ឲ្យ​អវត្តមាន​របស់​អ្នក​ប៉ះពាល់​ដល់​មនុស្ស​ជិតស្និទ្ធ​របស់​អ្នក។ ​តិច​ឬ​ច្រើន​ វា​អាច​ជួយ​គ្រួសារ​អ្នក​​ខ្លះ​ពេល​អ្នក​​មិន​នៅ។

៦) ​កត់ត្រា​នូវ​ការ​ចំណាយ៖ វា​ជា​ការងារ​មួយ​ដែល​មើល​ទៅ​មិន​ចាំ​បាច់​ទាល់​តែ​សោះ។ ប៉ុន្តែ​​ វា​ជា​​វិធី​តែ​មួយ​គត់​ដែល​អ្នក​អាច​ដឹង​ពី​ការ​ចំណាយ។ ដូច្នេះ​ហើយ មុន​អាយុ​៣០ អ្នក​ត្រូវ​បណ្ដុះ​ទម្លាប់​នេះ​ឲ្យ​បាន។ បាន​អាន​ឬ​នៅ? ប្រសិន​ជា​អ្នក​ចង់​បង្កើន​ប្រាក់​ចំណូល​ តើ​អ្នក​អាច​ធ្វើបានដោយ​វិធី​ណា?

៧) កុំ​ចំណាយ​អ្វី​អត់​ប្រយោជន៍៖ ពេល​នៅ​ក្មេង​ អ្នក​ចូល​ចិត្ត​ទិញ​អ្វី​ដែល​អ្នក​ចង់​។ ប៉ុន្តែ ​ឈាន​ដល់​វ័យ​៣០​ឆ្នាំ​​ហើយ អ្នក​គួរ​យល់​ពី​សារៈសំខាន់​នៃ​លុយ​ ហើយ​ត្រូវ​ចំណាយ​លើ​អ្វី​ដែល​គួរ​ចំណាយ មិន​មែន​ចាយ​តាម​តែ​ចិត្ត​ទៀត​ទេ។

៨) ទិញ​ដោយ​លុយ​តែ​ម្តង​​៖ ពី​មុន ប្រហែល​ជា​អ្នក​មិន​សូវ​មាន​លុយ​សន្សំ​ច្រើន ពេល​អ្នក​ទិញ​អ្វី​មួយ​ អ្នក​ប្រហែល​ជា​បង់​រំលស់។ ប៉ុន្តែ ដល់​វ័យ​៣០​ឆ្នាំ​ហើយ អ្នក​គួរ​តែ​ចេះ​សន្សំ​និង​ទិញ​​ដោយ​លុយ​១០០​%​តែ​ម្តង មិន​បង់​រំលស់​ ​មិន​អស់​ការ​ប្រាក់​នោះ​ទេ។

៩) ត្រូវ​​មាន​ការងារ​​​​ច្បាស់​លាស់​មួយ៖ ការងារ​គឺ​ជា​ប្រភព​ចំណូល​របស់​អ្នក​ឯង។​ ដូច្នេះ​ហើយ មុន​អាយុ​៣០​ឆ្នាំ​ អ្នក​គួរ​តែ​មាន​ការងារ​​នឹងន​មួយ​​​និង​ដាក់​ចិត្ត​ដាក់​កាយ​លើ​ការងារ​ហ្នឹង​តែ​ម្ដង​​ព្រោះ​វា​នឹង​ផ្ដល់​លុយ​ដល់​អ្នក។

១០) ត្រូវ​មាន​ប្រភព​ចំណូល​ឲ្យ​បាន​ច្រើន៖ អ្នក​មិន​គួរ​ពឹង​ផ្អែក​ទៅ​លើ​ប្រាក់​ខែ​តែ​មួយ​មុខ​នោះ​ទេ។ ​​ប្រសិន​អ្នក​ចង់​សល់​លុយ​ពេល​ចាស់​ទៅ អ្នក​ត្រូវ​មាន​ប្រភព​ដែល​ផ្ដល់​លុយ​ដល់​អ្នក​បាន​ដូច​ជា​មាន​ផ្ទះ​ជួល តូប​ជួល ចូល​ភាគហ៊ុន​ជា​មួយ​អ្នក​ដទៃ។ល។

បាន​អាន​ឬ​នៅ? ​https://www.bizkhmer.com/ecoedu/22540/

ដោយ៖ មុយយូ ​

X
5s