ការសិក្សា៖ ចេះភាសាកាន់តែច្រើន កាន់តែចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចប្រទេស
ជឿឬមិនជឿថាការចេះភាសាអាចចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសថែមទៀត? តាមការស្រាវជ្រាវមួយ ដែលចុះផ្សាយនៅលើគេហទំព័រ វេទិកាសេដ្ឋកិច្ចពិភពលោក កាលពីថ្មីៗនេះបានបង្ហាញឲ្យឃើញថា ការចេះភាសាលើសពីមួយគឺល្អចំពោះប្រាក់ចំណូលបុគ្គលនិងសេដ្ឋកិច្ចជាតិ។
នេះបើតាមការសិក្សាដោយលោក Gabrielle Hogan-Brun អ្នកសិក្សាពីទំនាក់ទំនងរវាងភាសា និងសេដ្ឋកិច្ច បានរកឃើញថា ប្រទេសណាដែលមានប្រជាជនចេះភាសាច្រើនអាចជួយបង្កើនសេដ្ឋកិច្ចជាតិបាន។ លោកលើកឡើងដោយសម្អាងថា ភាសាច្រើនមិនត្រឹមតែមានចំណែកចំពោះបុគ្គលនៅថ្នាក់ជាតិដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែកម្រិតអាជីវកម្មក៏ទទួលបានពីនេះដែរ។ ការរួមចំណែកនេះ គឺរាប់ចាប់តាំងពីការនាំចេញ (ចេះភាសាច្រើន ងាយស្រួលទំនាក់ទំនងដៃគូក្រៅប្រទេសបានច្រើន) និងការច្នៃប្រឌិតលើកម្លាំងពលកម្មថែមទៀត។
តាមការចុះផ្សាយពីប្រភពដដែលបានឱ្យដឹងថា ប្រទេសស្វីស តាមរយៈការប្រើប្រាស់ភាសាច្រើន បានរួមចំណែក ១០ភាគរយនៃសេដ្ឋកិច្ចជាតិឯណោះជារៀងរាល់ឆ្នាំ។ ប្រទេសនេះមានភាសាផ្លូវការដល់ទៅ ៤ភាសារួមមាន ភាសាអាឡឺម៉ង់(German) ភាសាបារាំង (French) ភាសាអ៊ីតាលី(Italian) និងភាសាឡាតាំង(Latin)។ បានអានហើយឬនៅ? រូបមន្ត៣យ៉ាង សម្រាប់រៀនភាសាបរទេសឆាប់ចេះ ទោះមិនសូវមានពេល ក្នុងការប្រៀបធៀបនេះដែរ ប្រទេសអង់គ្លេស (Britain) បានបាត់បង់ចំណូលដល់ទៅ ៣,៥ភាគរយដោយសារតែប្រជាជនមានជំនាញខាងភាសាបរទេសទាប។ តាមរយៈការសិក្សាស្រាវជ្រាវដដែលនេះបានបង្ហាញថា ចេះភាសាច្រើន គឺអាចជំរុញដល់ការទំនាក់ទំនងពាណិជ្ជកម្ម។
អីចឹងហើយបានជាគេសង្កេតឃើញថា ប្រទេសដែលបានវិនិយោគលើកម្មវិធីសិក្សាលើភាសាច្រើន គឺមានកំណើនឡើងនូវពាណិជ្ជកម្ម ឬការនាំចេញ។ ជាក់ស្ដែងដូចជាប្រទេស អាល្លឺម៉ង់ជាដើម។ បច្ចុប្បន្នប្រទេសនេះ ជាមហាអំណាចសេដ្ឋកិច្ចធំជាងគេនៅតំបន់អឺរ៉ុប។ អ្នកស្រាវជ្រាវ ក៏បានបន្ថែមទៀតថា ការចេះភាសាលើសពីពីរមិនត្រឹមតែផ្តល់នូវកម្រៃច្រើនជាងមុន ថែមទាំងធ្វើឲ្យអ្នកឆ្លាតជាងមុន។ អ៊ីចឹងហើយ អ្នកគួរតែពង្រឹងសមត្ថភាពភាសាខ្លួនឯងឲ្យខ្លាំងជាងមុន។ អ្នកពុំចាំបាច់ចេះដូចជនជាតិដើមនោះទេ ត្រឹមអាចចរចាឬសន្ទនាជាមួយអ្នកដទៃក៏បាន៕
សូមអាន៖ https://www.bizkhmer.com/ecoedu/37939/ ដោយ៖ មុយយូ