ការសិក្សាស្រាវជ្រាវ៖ អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៨ ដែលបានមកពីការដើរ
ការហាត់ប្រាណជារឿងដែលងាយស្រួលតែមិនសូវមានមនុស្សច្រើនធ្វើបានជាប្រចាំនោះទេ។ អ្នកមិនចាំបាច់ចំណាយពេលទៅកន្លែងហាត់ប្រាណ ឬរត់ប្រាំគីឡូម៉ែត្រជារៀងរាល់ថ្ងៃនោះឡើយ។ ការដើរជារៀងរាល់ថ្ងៃអាចធ្វើឲ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកមានសុខភាពល្អនិងរក្សារាងរបស់អ្នកឲ្យស្អាតផងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង ៨ ដែលបានមកពីការដើរ ដែលចុះផ្សាយដោយគេហទំព័រ providr៖ សូមអាន៖ មូលហេតុដ៏អស្ចារ្យទាំង៩ពីអត្ថប្រយោជន៍នៃការទទួលទានផ្លែចេក
១) ធ្វើឲ្យសុខភាពផ្លូវចិត្តល្អ៖ អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ជាច្រើនទៀតនៃការដើរគឺធ្វើឲ្យអារម្មណ៍របស់អ្នកស្រស់ថ្លា។ បើយោងតាម Mayo Clinic ការដើរជួយបំបាត់អារម្មណ៍ស្មុគស្មាញ និងភាពទុក្ខព្រួយ។
២) សម្រកទម្ងន់៖ ការសិក្សាស្រាវជ្រាវរបស់ Harvard Medical School បានរកឃើញថា ការដើរជាប្រចាំថ្ងៃជួយកាត់បន្ថយការធាត់លើសទម្ងន់បាន។
៣) កាត់បន្ថយហានិភ័យពីជំងឺមហារីក៖ ការសិក្សាពីររបស់ American Society for Clinical Oncology បានបង្ហាញថាការដើរ ៣ម៉ោងក្នុងមួយសប្ដាហ៍អាចជួយកាត់បន្ថយហានិភ័យពីការស្លាប់ដោយសារជំងឺមហារីកដោះ និងមហារីកពោះរៀនបានរហូតដល់៥០%។
៤) ជួយបង្កើនប្រព័ន្ធការពាររាងកាយ៖ បើយោងតាមការសិក្សាស្រាវជ្រាវមួយរបស់ Appalachian State University ការដើរ ៣០នាទីក្នុងមួយថ្ងៃអាចជួយបង្កើនប្រព័ន្ធការពារភាពស៊ាំរបស់រាងកាយបានយ៉ាងល្អ។
៥) មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺទឹកនោមផ្អែម៖ The American Diabetes Association បានបង្ហាញថា ការធ្វើលំហាត់ប្រាណរាងកាយជួយធ្វើឲ្យរាងកាយប្រើប្រាស់អ័រម៉ូនអាំងស៊ុយលីនបានយ៉ាងមានប្រសិទ្ធភាព ដោយនេះបូករួមផ្សំទាំងការដើរជាប្រចាំថ្ងៃបន្ទាប់ពីការញ៉ាំអាហារហើយផងដែរ។
៦) កាត់បន្ថយការញ៉ាំរបស់ផ្អែម៖ ការសិក្សាស្រាវជ្រាវជាច្រើនរបស់សកលវិទ្យាល័យ Exeter បានរកឃើញថាការដើរ១៥នាទីអាចជួយអ្នកមិនឲ្យមានចំណង់ចង់ញ៉ាំអាហារផ្អែម និងកាត់បន្ថយការឃ្លានក្នុងពេលស្រេ្តស្ត។
៧) អត្ថប្រយោជន៍ដល់បេះដូង៖ អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ជាច្រើននៃការដើរគឺជួយដល់សុខភាពបេះដូងរបស់អ្នក។ ការសិក្សាស្រាវជ្រាវមួយរបស់ Harvard Medical School បានរកឃើញថាការដើរ ២០នាទីក្នុងមួយថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានរហូតដល់ ៣០%។
៨) ជួយឲ្យអ្នកអាចចល័តបានងាយស្រួលពេលអ្នកមានវ័យចំណាស់៖ ការសិក្សាស្រាវជ្រាវមួយរបស់ American Medical Association បានរកឃើញពីអត្ថប្រយោជន៍មួយនៃការដើរ គឺជួយឲ្យសុខភាពរាងកាយរបស់មនុស្សដែលមានវ័យ ៧០ ទៅ ៨៩ឆ្នាំ រឹងមាំ។ អ្នកដែលធ្វើការហាត់ប្រាណនៅអាយុក្មេងអាចជៀសផុតពីការពិបាកធ្វើចលនាពេលវ័យចំណាស់៕
ដោយ៖ លង់ វណ្ណៈ