៥​ជំហាន​ដើម្បី​ផ្លាស់ប្ដូរ​ភាសា​អង់គ្លេស​របស់​អ្នក​ពី​កម្រិត​មធ្យម​ ទៅកម្រិត​ខ្ពស់​



​ការសិក្សា​ភាសា​អង់គ្លេស មិន​មែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ។ អ្នក​សិក្សា​ភាគច្រើន អាច​អភិវឌ្ឍ​ខ្លួន​ត្រឹមតែ​ជា​អ្នក​និយាយ​ភាសា​អង់គ្លេស​ក្នុង​កម្រិត​មធ្យម​ (Intermediate Level) ហើយ​មិន​អាច​ក្លាយ​ខ្លួន​ជា​អ្នក​និយាយ​អង់គ្លេស​កម្រិត​ខ្ពស់​ (Advanced Level)​ បាន​ឡើយ​ ទោះបីជា​ចំណាយ​ពេល​យ៉ាង​យូរ​ក៏ដោយ​។ ខាងក្រោម​នេះ​ជា​​ជំហាន​ទាំង ៥ ដែល​អាច​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​និយាយ​ភាសា​អង់គ្លេស​ដ៏​ស្ទាត់ជំនាញ​បើ​តាម​អត្ថបទ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ WWW.TOFLUENCY.COM​៖

១.​ស្វែងរក​​មូលហេតុ​ ( Your Why ) ​មុននឹង​ធ្វើការ​ផ្លាស់ប្តូ​រ​កម្រិត​ភាសា​អង់គ្លេស​របស់​អ្នក អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​ការនិយាយ​ភាសា​អង់គ្លេស​បានល្អ ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​អ្នក​។ តើ​អ្នក​ចង់ទៅ​រស់នៅ​បរទេស​? ចង់បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​? ឬ​ចង់​មានការ​ងារ​ដែល​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​? បន្ទាប់មក​សរសេរ​ហេតុផល​ទាំងនោះ ក្នុង​បញ្ជី​មួយ រួច​រើស​យក​ហេតុ​ណាមួយ​ដែល​អ្នក​គិត​ថា​សំខាន់​ជាងគេ​មក​ធ្វើជា​កម្លាំងចិត្ត ក្នុង​ការ​អនុវត្តន៍​ជំហាន​បន្ត​។​

២.​កំណត់​គោលដៅ ( Your Goal ) ​ការកំណត់​គោលដៅ​ថា «ខ្ញុំ​នឹង​អភិវឌ្ឍ​ភាសា​អង់គ្លេស​របស់ខ្ញុំ ឬ​ ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​និយាយ​អង់គ្លេស​ដ៏​ជំនាញ» មិន​គ្រប់គ្រាន់​នោះ​ទេ​។ ផ្ទុយទៅវិញ ​អ្នក​ត្រូវ​កំណត់​គោលដៅ​មួយ​ច្បាស់លាស់ ដោយមាន​ពេលវេលា​កំណត់​។ ឧទាហរណ៍​៖ ខ្ញុំ​ត្រូវតែ​រៀន​អង់គ្លេស​ឲ្យ​ដល់​កម្រិត​នេះ នៅ​ចុងខែ​នេះ ក្នុងឆ្នាំនេះ​ជាដើម​។ ការកំណត់​គោលដៅ​ជាក់លាក់ ជាមួយ​ពេលវេលា​កំណត់ អាចជួយ​ឲ្យ​អ្នក​ងាយស្រួល​រៀន មិន​ខាត​ពេលា និង​ដឹង​ថា ​អ្នក​ឈាន​ដល់​កម្រិត​ណា​ហើយ​។​

៣.​ដឹង​ពី​វិធីសាស្ត្រ​ត្រឹមត្រូវ​ ​អ្នក​សិក្សា​ភាសា​អង់គ្លេស​ភាគច្រើន​បាន​ចំណាយ​ពេល​ជាមួយ​នឹង​វិធីសាស្ត្រ​មិន​ត្រឹមត្រូវ ដូចជា​៖ ព្យាយាម​រៀន​តែ​ក្បួន​វេយ្យាករណ៍ រៀន​បកប្រែ​ពាក្យ​ម្តង​មួយ រៀន​គ្រាមភាសា​ខុស​បរិបទ និង​ផ្ដោត​តែ​មេរៀន​ក្នុង​សៀវភៅ​ជាដើម​។ វិធីសាស្ត្រ​ទាំងនេះ​មិន​អាច​ជួយ​ពួកគេ​ឲ្យ​ក្លាយជា​អ្នក​និយាយ​ភាសា​អង់គ្លេស​ដ៏​ល្អ​បានទេ​។ ផ្ទុយ​ពីនេះ អ្នក​គួរតែ​ចំណាយ​ពេលវេលា​ជាមួយនឹង​វិធីសាស្ត្រ​មួយចំនួន​ដូចជា​៖ •​ ​អនុវត្តន៍​ការ​​និយាយ​ជាមួយ​ជនបរទេស ឬ​ជន​ជាតិ​ដើម •​ ​រៀន​ពាក្យ​ ឃ្លា និង ​ក្បួន​វេយ្យាករណ៍​ថ្មីៗ​ឲ្យ​ត្រូវ​បរិបទ •​ ​រៀន​បញ្ចេញ​សំឡេង​ឲ្យ​បាន​ត្រឹមត្រូវ​ •​ ​ប្រើប្រាស់​វិធីសាស្ត្រ LRRC ( Listen Repeat Record Compare ) •​ ​ស្តាប់​ឬ​ទស្សនា ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស​។​

៤.​អនុវត្ត​វិធីសាស្ត្រ​ទាំងនោះ​ ​បន្ទាប់ពី​អ្នក​បាន​ដឹង​ពី​វិធី​ល្អៗ​ក្នុង​ការ​អភិវឌ្ឍ​ភាសា​អង់គ្លេស​រួចហើយ អ្នក​ត្រូវ​ព្យាយាម​បង្កើត​ឱកាស​ដើម្បី​ឲ្យ​ខ្លួន​អ្នក​អាច​អនុវត្ត​នូវ​វី​ធី​សាស្ត្រ​ទាំងនោះ​។ ឧទាហរណ៍​៖ អ្នក​អាច​ចូល​ហាត់​ការ​ជាមួយ​ក្រុមហ៊ុន​ឬ ​ស្ថាប័ន​​ណា​ដែល​មាន​ជនជាតិ​បរទេស​ធ្វើការ​ដើម្បី​អាច​និយាយ​ជាមួយ​ពួកគេ​។ អ្នក​ត្រូវ​ប្ដូរ​ភាសា​ក្នុង​ទូរទស្សន៍ កុំព្យូទ័រ ឬ​ទូរស័ព្ទ​ដៃ​មក​ជា​ភាសា​អង់គ្លេស ឬ​កាត់បន្ថយ​លុយ​ពី​ការទិញ​វចនានុក្រម​សម្រាប់​បកប្រែ​ពាក្យ មក​ទិញ​ការ​សែត​ភាសា​អង់គ្លេស​សម្រាប់​អាន ជាដើម​។​

៥.​ធ្វើ​សកម្មភាព​ជាប្រចាំ​ ​ចំណុច​ដែល​សំខាន់បំផុត​គឺ​ត្រូវយក​ជំហាន​ខាងលើ​ទាំង​បួន​មក​បង្កើតជា​សកម្មភាព​ប្រចាំថ្ងៃ​។ មានន័យថា មិនមែន​ធ្វើ​វា​តែមួយ​ថ្ងៃ ឬ មួយ​សប្ដាហ៍​ទេ គឺត្រូវធ្វើ​វា​ឲ្យ​ក្លាយជា​ទម្លាប់​។ ហើយ​ត្រូវធ្វើ​វា​ឱ្យ​គួ​ឱ្យ​ចាប់អារម្មណ៍ និង​រីករាយ​សម្រាប់​ខ្លួន​អ្នក​ក្នុងការ​អនុវត្តន៍៕​​

​ដោយ​​៖ វាសនា​ ​ ​

X
5s