តើ​ធ្វើ​ដូចម្ដេច​ទើប​អាច​ផ្ទេរ​ការងារ​ទៅ​ឲ្យ​កូនចៅ​ធ្វើ​ដោយ​មាន​ប្រសិទ្ធភាព​បាន?​



ការ​ចេះ​ផ្ទេរ​ការងារ​ទៅ​ឲ្យ​នរណា​ម្នាក់​ដែល​អាច​ជា​សមាជិក​ក្រុម​ការងារ ឬ​ជា​បុគ្គលិក​កូនចៅ​របស់​អ្នក ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​ជំនួស​អ្នក ពិត​ជា​មាន​សារសំខាន់​ណាស់។ បើ​អ្នក​ចេះ​ផ្ទេរ​ការងារ​បាន​ត្រឹមត្រូវ នោះ​វា​ជួយ​អ្នក​បាន​ច្រើន​ដូចជា​ចំណេញ​ពេលវេលា កសាង​ការ​ជឿ​ទុក​ចិត្ត​គ្នា​រវាង​អ្នក​ជាមួយ​នឹង​កូនចៅ ហ្វឹកហាត់​និង​អភិវឌ្ឍ​សមត្ថភាព​របស់​កូនចៅ និង​ធ្វើឲ្យ​ប្រយោជន៍​ជា​រួម​បាន​ល្អ​ប្រសើរ។ តើ​ធ្វើ​ដូចម្ដេច​ទើប​អាច​ផ្ទេរ​ការងារ​ទៅ​ឲ្យ​កូនចៅ​ធ្វើ​ដោយ​មាន​ប្រសិទ្ធភាព​បាន ?

១) ស្វែងរក​បុគ្គលិក​ម្នាក់​ណា​ដែល​ស័ក្ដិសម​សម្រាប់​ការ​ទទួលខុសត្រូវ​ក្នុង​កិច្ចការ​នោះ៖ ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​គិតគូរ​មុន​ពេល​សម្រេច​ចិត្ត​ផ្ទេរ​ការ​ទទួលខុសត្រូវ​ចំពោះ​កិច្ចការ​អ្វីមួយ​ទៅ​ឲ្យ​បុគ្គលិក​ណា​ម្នាក់ នោះ​គឺជា​សមត្ថភាព​របស់​គេ ឆន្ទៈ​របស់​គេ​ក្នុង​ការ​រៀន​សូត្រ​អ្វី​ថ្មីៗ របៀប​នៃ​ការ​បំពេញ​កិច្ចការ​របស់​គេ និង​ចំណាប់​អារម្មណ៍​ជាពិសេស​របស់​គេ។ គេ​គួរតែ​ជា​មនុស្ស​ដែល​អាច​បង្រៀន​ហ្វឹកហាត់​បាន​និង​ពោរពេញ​ដោយ​ជំនក់​ចិត្ត​ក្នុង​កិច្ចការ​នោះ។ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​គិតគូរ​ពី​ចំណុច​មួយ​ទៀត​ថា​តើ​មនុស្ស​ម្នាក់​នោះ​មាន​កិច្ចការ​រវល់​កម្រិត​ណា​ដែរ ពុំ​នោះ​ទេ​អ្នក​អាច​នឹង​ដាក់​សម្ពាធ​ទៅលើ​គេ​មិនខាន។

២) មាន​ភាព​ប្រាកដប្រជា​ចំពោះ​គោលបំណង​នៃ​កិច្ចការ​ដែល​អ្នក​ដាក់​ឲ្យ​គេ៖ មនុស្ស​យើង​នៅ​ពេល​ដែល​ដឹង​ថា​អ្វី​ដែល​ខ្លួន​ត្រូវ​តស៊ូ​នឹង​ការ​លំបាក​ទាំងឡាយ​គឺ​ដើម្បី​គោលបំណង​សម្រេច​ឲ្យ​បាន​នូវ​អ្វីមួយ​ដែល​មាន​អត្ថន័យ នោះ​ពួកគេ​ប្រាកដ​ជា​ខិតខំ​ពុះពារ​ជាមួយ​នឹង​ការ​លំបាក​ទាំងនោះ​ដោយ​ការ​តាំងចិត្ត​ដ៏​រឹងមាំ​ជាក់​ជា​ពុំ​ខាន។ ហេតុនេះ អ្នក​ត្រូវតែ​បញ្ជាក់​ប្រាប់​ពួកគេ​ពី​គោលបំណង​នៃ​កិច្ចការ​ដែល​អ្នក​បាន​ផ្ទេរ​ឲ្យ​គេ​នោះ​ផង។ ជាងនេះទៅទៀត អ្នក​ក៏​ត្រូវតែ​ប្រាប់​ពួកគេ​ផង​ដែរ​ពី​មូលហេតុ​ដែល​អ្នក​បាន​រើស​យក​គេ​ជា​អ្នក​ទទួលខុសត្រូវ​នៅ​ក្នុង​កិច្ចការ​មួយ​នោះ ព្រោះ​វា​នឹង​កសាង​នូវ​ទំនុក​ចិត្ត​និង​កម្លាំង​ចិត្ត​ដល់​ពួកគេ​នៅ​ក្នុង​ការ​បំពេញ​កិច្ចការ​នោះ​ឲ្យ​អ្នក​ដោយ​អស់​ពី​កម្លាំង​កាយ​និង​ចិត្ត។

៣) បង្ហាញ​នូវ​ការ​គាំទ្រ​របស់​អ្នក​ចំពោះ​ពួកគេ៖ ក្នុង​នាម​ជា​អ្នកដឹកនាំ​មួយ​រូប វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ចំណាយ​ពេលវេលា​របស់​អ្នក​ដើម្បី​បង្ហាញ​នូវ​ការ​គាំទ្រ​របស់​អ្នក​ចំពោះ​បុគ្គលិក ជាពិសេស​គឺជា​ជំនួយ​ដែល​ពួកគេ​អាច​នឹង​ត្រូវការ​ពី​អ្នក​នៅ​អំឡុង​ពេល​បំពេញ​កិច្ចការ​នេះ​ឲ្យ​អ្នក។ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ចៀសវាង​នូវ​ការ​គ្រប់គ្រង​បែប​តូច​ចង្អៀត​ពេក ដូចជា​អ្នក​ដឹកនាំ​មួយ​ចំនួន​ដែល​ចូលចិត្ត​ត្រួតត្រា​ដំណើរការ​និង​លទ្ធផល​ការងារ​របស់​កូនចៅ​នៅ​គ្រប់​ដំណាក់កាល​ដូច្នោះ​ឯង។ អ្នក​គួរតែ​ទុក​ចន្លោះ​ឲ្យ​បាន​ច្រើន​សម្រាប់​ពួកគេ​នៅ​ក្នុង​ការ​បំពេញ​កិច្ចការ​នោះ ហើយ​ស្នើ​ឲ្យ​ពួកគេ​ផ្ដល់​ជា​មតិ​យោបល់​របស់​ពួកគេ​ឬ​ជា​ជំនួយ​ដែល​ពួកគេ​ត្រូវការ​ពី​អ្នក​វិញ នោះ​ទើប​ពួកគេ​អាច​ធ្វើការ​អស់​ពី​សមត្ថភាព​និង​ភាព​ច្នៃប្រឌិត​របស់​ពួកគេ​បាន៕

ប្រភព៖ lifehack.com ប្រែសម្រួល៖ ស្រីពៅ

X
5s