តើធ្វើដូចម្ដេចដើម្បីដោះស្រាយបញ្ហាគេងមិនលក់?
មនុស្សភាគច្រើននៅជុំវិញពិភពលោកតែងមានបញ្ហាជាមួយនឹងការគេង ដែលអាចមានមូលហេតុផ្សេងៗពីគ្នាដែលនាំជាដើមហេតុនៃបញ្ហាដំណេកនេះ។ យ៉ាងណាមិញ ក្នុងមូលហេតុទាំងនោះវាក៏អាចមានមូលហេតុមកពីកង្វះជីវជាតិបំប៉នអ្វីមួយដែលបណ្ដាលឲ្យអ្នកពិបាកក្នុងការគេងលក់ឲ្យបានស្កប់ស្កល់ជារៀងរាល់យប់។ ខាងក្រោមនេះគឺជាជីវជាតិបំប៉នចំនួន៤ដែលមានទំនាក់ទំនងនឹងដំណេករបស់អ្នក៖
១) ម៉ាញេស្យូម៖ ម៉ាញេស្យូមគឺជាសារធាតុគីមីដែលរួមចំណែកដល់ការមើលការខុសត្រូវទៅលើអ័រម៉ូនមេឡាតូនីន ដែលជាអ័រម៉ូនដែលគ្រប់គ្រងទៅលើវដ្ដដំណេករបស់មនុស្សយើងម្នាក់ៗ។ មិនតែប៉ុណ្ណោះសារធាតុគីមីដ៏សំខាន់មួយនេះក៏ជួយសម្រួលដល់ខួរក្បាលនិងបេះដូងរបស់អ្នកតាមរយៈការត្រួតពិនិត្យទៅលើលំហូរចរន្តឈាមផងដែរ។
២) វីតាមីនB៖ មានការសិក្សាជាច្រើនបានរកឃើញពីផលប៉ះពាល់ដែលវីតាមីនBមានចំពោះគុណភាពនៃការគេងរបស់មនុស្ស។ នៅពេលដែលមានកង្វះវីតាមីនB៩ឬមានឈ្មោះម្យ៉ាងទៀតថាអាស៊ីដហ្វូលិក បញ្ហានេះក៏មានទំនាក់ទំនងជាមួយនឹងបញ្ហាគេងមិនលក់ដែរ។ ប្រភពវីតាមីនBតាមធម្មជាតិដ៏ល្អបំផុតអាចរកបាននៅក្នុងទឹកដោះគោ ស៊ុត គ្រាប់ផ្កាឈូករ័ត្ន ផ្លែក្រូច ផ្លែល្ហុង ផ្កាខាត់ណាប្រូកូលី និងអាហារជាច្រើនផ្សេងទៀត។
៣) ជាតិដែក៖ លទ្ធផលមួយដែលត្រូវបានចេញផ្សាយដោយវិទ្យាសាស្ត្រសុខាភិបាលរបស់អាហ្រ្វិកបានរកឃើញថា ជំងឺកង្វះកោសិកាឈាមក្រហមដែលកើតឡើងបណ្ដាលមកពីកង្វះជាតិដែកនេះ រួមចំណែកធ្វើឲ្យគុណភាពនៃការគេងត្រូវបានធ្លាក់ចុះជាមួយគ្នាដែរ។ ម្យ៉ាងទៀត ការខ្វះខាតជាតិដែកក៏អាចប៉ះពាល់ធ្វើឲ្យការដកដង្ហើមបានខ្លី និងជំងឺញាប់ញ័របេះដូង និងអាការឧស្សាហ៍អស់កម្លាំងល្ហិតល្ហៃ។
៤) កាល់ស្យូម៖ កាល់ស្យូមគឺជាជំនួយការដ៏សំខាន់មួយទៀតចំពោះការគេងរបស់អ្នក។ វាជួយដល់ការផលិតអ័រម៉ូនមេឡាតូនីន ដែលហេតុនេះហើយទើបវាអាចជួយឲ្យអ្នកឆាប់គេងលក់ និងគេងលក់បានស្កប់ស្កល់។ នៅពេលអ្នកទទួលយកជាតិកាល់ស្យូមមិនបានគ្រប់គ្រាន់ នោះវាអាចជាមូលហេតុមួយដែលនាំឲ្យអ្នកឆាប់ភ្ញាក់ពីគេងបន្ទាប់ពីបានគេងលង់លក់មួយស្របក់ ហើយពិបាកក្នុងការសម្ងំគេងឲ្យលក់ទៅវិញទៀត៕
ប្រភព៖ powerofpositivity.com ប្រែសម្រួល៖ ស្រីពៅ