សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (សាខាភ្នំពេញ) និងសណ្ឋាគារ សុខា ភ្នំពេញ រៀបចំគម្រោង “ចែករំលែកស្នាមញញឹម” សម្រាប់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
ភ្នំពេញ កម្ពុជា (ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៨)៖ នៅព្រឹកថ្ងៃអង្គារ ទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ និងសណ្ឋាគារ សុខា ភ្នំពេញ រួមគ្នាចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយ អង្គការមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ស្តីពីគម្រោង “ចែករំលែកស្នាមញញឹម” នៅសណ្ឋាគារ សុខា ភ្នំពេញ ដោយមានអ្នកចូលរួមតំណាងមកអង្គភាពទាំងបីខាងលើនេះដូចជា លោក គុណ កាណាដា ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ លោក កេង ទិត្យភិរម្យ អនុប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ កញ្ញា ដែក ដារី ប្រធានសភាពាណិជ្ជករអន្តរជាតិកម្ពុជា លោក Jancloes Benoit អ្នកចាត់ការទូទៅនៃសណ្ឋាគារ សុខា ភ្នំពេញ និង លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប រួមទាំងសហការី ភ្ញៀវកិត្តិយសមកពីបណ្តាក្រុមហ៊ុននានា ព្រមទាំងអ្នកសារព័ត៌មានជាច្រើនអ្នក ក្នុងរូបភាពអធិកអធមសប្បាយរីករាយយ៉ាងក្រៃលែង។
គម្រោង ចែករំលែកស្នាមញញឹមនេះ គឺជាគម្រោងមួយបង្កើតដោយ លោក ឈាង សុភ័ក្រ ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ក្នុងឆ្នាំ ២០១១ ដែលមានសកម្មភាពផ្តោតលើការជួយកុមារកំព្រា កុមារក្រីក្រ ឬពិការ ដើម្បីឲ្យពួកគេមានឱកាសក្នុងការទទួលនូវការថែទាំសុខភាព និងបន្តការសិក្សារៀនសូត្រ ឲ្យបានល្អប្រសើរសម្រាប់ជីវិតពួកគេ។ ផ្សាភ្ជាប់នឹង ទស្សនៈវិស័យ និងបេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប គឺធ្វើយ៉ាងណាឲ្យកុមារកម្ពុជាមានឱកាសទទួលបាននូវការថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងសេចក្តីមេតា្តករុណា ទោះជាពួកគេមកពីមជ្ឈដ្ឋានណាក៏ដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ និងសណ្ឋាគារ សុខា ភ្នំពេញបានព្រមព្រៀងសហការគ្នា រៀបចំកម្មវិធីមួយ ហៅថា “រាត្រីសមោសរក្រមា ឆ្នាំ២០១៨ (Krama Night Gala Dinner 2018)” ក្នុងគោលបំណង ផ្សព្វផ្សាយអំពីគម្រោងចែករំលែកស្នាមញញឹមកុមារកម្ពុជា និងរៃអង្គាសថវិកា ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលកំពុងតែជួបប្រទះនឹងការខ្វះខាតថវិកាដើម្បីផ្គត់ផ្គង់ដល់ដំណើរការផ្តល់សេវាពិនិត្យព្យបាល ថែទាំសុខភាពកុមារកម្ពុជា រាប់សែននាក់ និងសកម្មភាពបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាលរាប់រយនាក់ រួមទាំងសកម្មភាពការពារសុខភាពបឋមដល់ប្រជាពលរដ្ឋរាប់ពាន់នាក់នៅតាមសហគមន៍ខេត្តសៀមរាប ក្នុងមួយឆ្នាំៗ។
កម្មវិធីនេះ នឹងប្រព្រឹត្តិទៅនៅ ថ្ងៃសុក្រ ១៤ កើត ខែចែត្រ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃ ទី ៣០ ខែមិនា ឆ្នាំ ២០១៨ ចាប់ពីម៉ោង ៦ ល្ងាចដល់ ម៉ោង ១០ យប់ នៅសណ្ឋាគារ សុខា ភ្នំពេញ រាជធានីភ្នំពេញ ដោយរំពឹងថានឹងមានអ្នកចូលរួម ប្រមាណជិត ៣០០នាក់ មកពីស្ថាប័នក្រសួងមួយចំនួននៃរាជរដ្ឋាភិបាល សមាគមមួយចំនួនដូចជា សមាគមសហគ្រិនវ័យក្មេង សមាគមសហគ្រិនស្ត្រីកម្ពុជា តំណាងក្រុមហ៊ុននានា អ្នកឧបត្ថម្ភកម្មវិធី សប្បុរសជននានាក្នុងទីក្រុងភ្នំពេញ រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ទៀត។ កម្មវិធីនេះ នឹងចាប់ផ្តើមដោយមានការតាំងពិព័រណផលិតផល ឬសេវាកម្មរបស់អ្នកឧបត្ថម្ភធំៗ និងបន្តបន្ទាប់ដោយកិច្ចទទួលស្វាគមន៍ជាភេសជ្ជៈរបស់សណ្ឋាគារ សុខា ភ្នំពេញ បទបង្ហាញអំពីសកម្មភាពរបស់មន្ទីរពេទ្យកុមារអង្គរ និង សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា អមជាមួយនឹងការសំណេះសំណាលរបស់អ្នករៀបចំកម្មវិធី អ្នកឧបត្ថម្ភធំៗ ព្រមទាំង ការទទួលទានភោជនីយហារ ការរាំលេងកំសាន្ដ ការដេញថ្លៃនូវវត្ថុអនុស្សាវរីយ៍មួយចំនួនដូចជាផ្ទាំងរូបថតប្រាង្គប្រាសាទអង្គរ ជាស្នាដៃដ៏ល្អប្រណិតរបស់ស្ថាបនិក នៃមន្ទីរពេទ្យកុមារអង្គរ និងរូបគំនូរដែលជាស្នាដៃរបស់សិល្បករល្បីៗមួយចំនួន ក្នុងប្រទេសកម្ពុជាយើងផងដែរ។
ក្នុងនាមជាអ្នករៀបចំកម្មវិធី ក៏ដូចជាអ្នកឧបត្ថម្ភកម្មវិធី សូមអំពាវនាវដល់ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងសប្បុរសជនទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងអស់ មេត្តាចូលរួម និងឧបត្ថម្ភជាថវិកា ដើម្បីឲ្យសកម្មភាពសង្គមមួយនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕