អត្ថប្រយោជន៍៣យ៉ាងនៃការស្ដាប់ចម្រៀងដែលអ្នកមិនបានដឹង
ចម្រៀងគឺជាផ្នែកមួយនៃវប្បធម៌របស់ប្រទេសនីមួយៗ ហើយវាមិនត្រឹមតែសម្រាប់ការកម្សាន្តនោះទេ ចម្រៀងមានអត្ថប្រយោជន៍ដល់សុខភាពថែមទៀតផង។ ជាទូទៅអ្នកតែងតែស្ដាប់ចម្រៀង តែមិនដឹងពីអត្ថប្រយោជន៍ជាច្រើនរបស់វានោះទេ ដូចនេះហើយទើប BizKhmer សូមលើកយកអត្ថបទមួយនេះមកចែកជូនដល់មិត្តអ្នកអានទាំងអស់គ្នា។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ៣យ៉ាងនៃការស្ដាប់ចម្រៀង៖
១) ការផ្ចង់ស្មារតី៖ ការចាក់ចម្រៀងបណ្ដើរជួយឲ្យអ្នកកាន់តែអាចផ្ចង់ស្មារតីទៅលើកិច្ចការរបស់អ្នក។ ការសិក្សាស្រាវជ្រាវបានបង្ហាញថាមនុស្សដែលធ្វើកិច្ចការដដែលៗទំនងមានភាពសប្បាយរីករាយ ហើយធ្វើការយ៉ាងមានប្រសិទ្ធភាពខណះពេលពួកគេស្ដាប់ចម្រៀងបណ្ដើរ។ ស្រដែងគ្នានេះដែរ ចម្រៀងមានអត្ថប្រយោជន៍ក្នុងការរារាំងសម្លេងរំខានផ្សេងៗក្នុងកន្លែងធ្វើការរបស់អ្នក។ ជាជាងឮសម្លេងស្នូរជើង សម្លេងទូរស័ព្ទ ស្នូររន្ថើនជើងជាដើម អ្នកនឹងស្ដាប់លឺនូវចម្រៀងដែលអ្នកពេញចិត្ត ដែលវាអាចជួយឲ្យអ្នកផ្ដោតអារម្មណ៍ទៅលើកិច្ចការរបស់អ្នកបានកាន់តែប្រសើរ។
២) ការដឹងខ្លួន (Mindfullness)៖ ការស្ដាប់ចម្រៀងជួយធ្វើឲ្យអ្នកហ្វឹកហាត់ការដឹងខ្លួន (mindfulness)។ ការដឹងខ្លួនគឺត្រូវគេអះអាងថាមានផលប៉ះពាល់ជាវិជ្ជមានទៅលើអ្នកធ្វើការ។ ការសិក្សាស្រាវជ្រាវពីសកលវិទ្យាល័យ Case Western Reserve University បានរកឃើញថាមនុស្សដែលហ្វឹកហាត់ការដឹងខ្លួនមានការផ្ដោតអារម្មណ៍ រក្សាការផ្ចង់ស្មារតី និងមានអាកប្បកិរិយាវិជ្ជមាន។ ចម្រៀងអាចជួយឲ្យបរិយាកាសការងារមានប្រសិទ្ធភាពតាមរយះការកាត់បន្ថយស្រ្តេស ក្ដីបារម្ភ និងជួយរក្សាតុល្យភាពផ្លូវអារម្មណ៍របស់អ្នកបានកាន់តែប្រសើរ។ ការស្ដាប់ចម្រៀងថែមទាំងធ្វើឲ្យមានការផ្លាស់ប្ដូរសរីរៈរបស់ខ្លួនប្រាណ។ ភាពធូរស្រាលដែលបណ្ដាលមកពីចម្រៀងបង្កើតភាពរំភើបរីករាយ កាត់បន្ថយសម្ពាធឈាម កាត់បន្ថយចង្វាក់បេះដូងលោតញាប់ និងបង្កើនការផ្ដោតអារម្មណ៍។
៣) គំនិតឆ្នៃប្រឌិត៖ ចម្រៀងមានសមត្ថភាពជួយឲ្យអ្នកមានភាពឆ្នៃប្រឌិត។ ចង្វាក់ភ្លេង សម្លេងឡើងចុះខ្ពស់ទាប និងអត្ថន័យនៃបទចម្រៀងទាំងអស់នេះហើយដែលធ្វើឲ្យខួរក្បាលរបស់អ្នកមានភាពធូរស្រាលនិងបង្កើតគំនិតថ្មីៗ។ ចម្រៀងជួយធ្វើឲ្យខួរក្បាលរបស់អ្នកអាចរកឃើញនិងបង្កើតគំនិតឆ្នៃប្រឌិតថ្មីៗ៕
ប្រែសម្រួល៖ លង់ វណ្ណៈ ប្រភព៖ inc-asean.com