តើមានជីវជាតិបំប៉នអ្វីខ្លះដែលអ្នកអាចនឹងទទួលទានមិនបានគ្រប់គ្រាន់ ?
កង្វះជីវជាតិបំប៉នសំខាន់ៗ នឹងមានផលប៉ះពាល់ដល់ដំណើរការណ៍ក្នុងរាងកាយរបស់អ្នកឲ្យខុសប្រក្រតី ហើយអាចបង្កជាបញ្ហាធ្ងន់ធ្ងរជាជំងឺផ្សេងៗបាន។ ខាងក្រោមនេះគឺជាជីវជាតិបំប៉នសំខាន់ៗមួយចំនួនដែលមនុស្សភាគច្រើនមិនចាប់អារម្មណ៍ថាពួកគេទទួលទានមិនបានគ្រប់គ្រាន់៖
១) ជាតិអ៊ីយ៉ូដ៖ ជាតិអ៊ីយ៉ូដមានសារសំខាន់ដល់ដំណើរការណ៍ទីរ៉ូអ៊ីតនិងការផលិតរបស់អ័រម៉ូនទីរ៉ូអ៊ីត។ រាងកាយរបស់អ្នកត្រូវការសារធាតុនេះដើម្បីឲ្យខួរក្បាលមានការវិវត្ត ដើម្បីសុខភាពរបស់ឆ្អឹង មើលការខុសត្រូវទៅលើប្រព័ន្ធរំលាយអាហាររបស់អ្នក ព្រមទាំងការលូតលាស់របស់អ្នកផងដែរ។ កង្វះខាតជាតិអ៊ីយ៉ូដគឺជាបញ្ហាដ៏ចម្បងមួយរបស់មនុស្សទូទាំងសកលលោក។ នៅពេលទទួលបានជាតិអ៊ីយ៉ូដមិនគ្រប់គ្រាន់ក្នុងរាងកាយ វាអាចនឹងបង្កជារោគសញ្ញាមួយចំនួនដូចជា បង្កើនចង្វាក់បេះដូង ក្រពេញទីរ៉ូអ៊ីតរីកធំ ពិបាកដកដង្ហើម ដំណកដង្ហើមខ្លីជាងមុន និងការឡើងទម្ងន់។ បើអ្នកខ្វះសារធាតុនេះ អ្នកអាចទទួលវាបានតាមរយៈអាហារដូចជាពពួកគ្រំឬងាវ សារាយសមុទ្រ សាច់ត្រី និងស៊ុត។
២) អាស៊ីដហ្វូលិក៖ អាស៊ីដហ្វូលិកដែលស្ថិតនៅក្នុងក្រុមរបស់វីតាមីនB ចាំបាច់សម្រាប់ការបង្កើតនិងការផលិតDNA រួមទាំងការបំបែកខ្លួនរបស់កោសិកានិងការសំយោគរបស់វាផងដែរ។ បើអ្នកខ្វះសារធាតុនេះ នោះអ្នកអាចនឹងជួបរោគសញ្ញាដូចជាឧស្សាហ៍អស់កម្លាំងល្ហិតល្ហៃ ពងបែកមាត់ ពណ៌សក់ឬក្រចកឬស្បែកត្រូវបានប្រែប្រួល។ យ៉ាងណាមិញ សារធាតុនេះក៏អាចរកបានដោយងាយស្រួលតាមរយៈអាហារដូចជា សណ្ដែក បន្លែបៃតង និងពពួកអាហារធញ្ញជាតិ។
៣) ជាតិដែក៖ ជាតិដែកគឺជាផ្នែកមួយដ៏សំខាន់របស់កោសិកាឈាមក្រហម។ វាភ្ជាប់ខ្លួនវាទៅនឹងអេម៉ូក្លូប៊ីនហើយធ្វើការដឹកជញ្ជូនអុកស៊ីហ្សែនទៅកាន់ពាសពេញសារពាង្គកាយរបស់អ្នក។ កង្វះជាតិដែកក៏ជាបញ្ហាដ៏ចម្បងមួយរបស់មនុស្សទូទាំងសកលលោកដែរ។ នៅពេលខ្វះជាតិដែក មនុស្សអាចនឹងមានរោគសញ្ញាដូចជា ដំណើរការណ៍ការគិតត្រូវបានចុះខ្សោយ ដំណើរការណ៍ប្រព័ន្ធភាពស៊ាំក៏ត្រូវបានទន់ខ្សោយជាងមុន និងឆាប់អស់កម្លាំងល្ហិតល្ហៃ។ ប្រភពអាហារដ៏ល្អបំផុតដែលអ្នកអាចទទួលយកជាតិដែកចូលក្នុងរាងកាយបានគឺតាមរយៈអាហារដូចជាសាច់សត្វ អាហារគ្រឿងសមុទ្រ សណ្ដែកក្រហម ផ្លែល្ពៅ ល្ង ផ្កាខាត់ណាប្រូកូលី ស្ពៃនិងស្លឹកផ្ទី៕
ប្រភព៖ powerofpositivity.com ប្រែសម្រួល៖ ស្រីពៅ