រោគសញ្ញាដែលអ្នកអាចជួបប្រទះ នៅពេលអ្នកទទួលទានជាតិកាល់ស្យូមមិនគ្រប់គ្រាន់​



រាងកាយ​របស់​អ្នក​ត្រូវការ​កាល់ស្យូម​ជា​ចម្បង​គឺ​ដើម្បី​រក្សា​ឆ្អឹង​និង​ធ្មេញ​របស់​អ្នក​ឲ្យ​រឹងមាំ ហើយ​វា​ក៏​ចាំបាច់​ដល់​ដំណើរការណ៍​សាច់ដុំ ការ​បញ្ជូន​សញ្ញា​របស់​ប្រព័ន្ធ​ប្រសាទ និង​ការ​បញ្ចេញ​អ័រម៉ូន​ផង​ដែរ។ អ្នក​ចាំបាច់​ត្រូវ​ទទួលទាន​ជាតិ​កាល់ស្យូម​ឲ្យ​បាន​គ្រប់គ្រាន់​ជា​ប្រចាំ ហេតុនេះ​បើ​សិន​ជា​អ្នក​ខ្វះ​ជាតិ​កាល់ស្យូម នោះ​អ្នក​អាច​នឹង​ជួប​រោគសញ្ញា​ដូច​៣​ចំណុច​ខាងក្រោម​នេះ៖

១) អ្នក​បាក់​ឆ្អឹង​ក្រោយ​ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​បន្តិច​បន្តួច​សោះ៖ បើ​គ្រាន់តែ​ជា​ហេតុការណ៍​គ្រោះថ្នាក់​បន្តិចបន្តួច​ដូចជា​បន្ទាប់​ពី​ដួល​ជាដើម ឆ្អឹង​ត្រង់​តំបន់​ណាមួយ​របស់​រាងកាយ​អ្នក​ក៏​ស្រាប់តែ​បាក់ នោះ​វា​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​អ្នក​ខ្វះ​ជាតិ​កាល់ស្យូម ហើយ​ឆ្អឹង​របស់​អ្នក​នឹង​បាត់បង់​ជាតិ​កាល់ស្យូម​បន្តិច​ម្ដងៗ​នៅ​ពេល​មនុស្ស​ឈាន​ចូល​ដល់​វ័យ​៣០ឆ្នាំ​ឡើង​ទៅ។ ហេតុនេះ​ហើយ​បើ​សិន​ជា​អ្នក​មិន​បាន​ទទួលទាន​ជាតិ​កាល់ស្យូម​ឲ្យ​បាន​គ្រប់គ្រាន់​ទេ នោះ​រាងកាយ​របស់​អ្នក​នឹង​ចាប់ផ្ដើម​រំញោច​ឆ្អឹង​របស់​អ្នក​ឲ្យ​បញ្ចេញ​ជាតិ​កាល់ស្យូម​ដែល​វា​បាន​ស្តុក​ទុក​ឲ្យ​ចេញ​មក ហើយ​ធ្វើឲ្យ​ឆ្អឹង​របស់​អ្នក​ប្រែ​ជា​ទន់ខ្សោយ​បន្តិច​ម្ដងៗ។

២) សម្ពាធ​ឈាម​របស់​អ្នក​ឡើង​ខ្ពស់៖ មាន​ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​គ្នា​នៅ​ពេល​ជាតិ​កាល់ស្យូម​ត្រូវ​បាន​ទទួលទាន​គ្រប់គ្រាន់​ជាមួយ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​ពី​ការ​កើន​ឡើង​សម្ពាធ​ឈាម នេះ​បើ​យោង​តាម​ស្ថាប័ន​សុខភាព​ជាតិ​ឬ​ National Institutes of Health​​ របស់​អាមេរិក។

៣) ជួប​ប្រទះ​អាការ​រមួល​សាច់ដុំ​ជា​ញឹកញាប់៖ បើ​អ្នក​ឧស្សាហ៍​មាន​បញ្ហា​រមួល​សាច់ដុំ​ជា​ញឹកញាប់ នោះ​វា​ក៏​អាច​ជា​សញ្ញា​បញ្ជាក់​ពី​កង្វះ​ជាតិ​កាល់ស្យូម​នៅ​ក្នុង​រាងកាយ​របស់​អ្នក​ដែរ។ ដោយសារ​តែ​កាល់ស្យូម​សំខាន់​សម្រាប់​ចលនា​សាច់ដុំ​របស់​អ្នក ហេតុនេះ​បើ​អ្នក​ខ្វះ​ជាតិ​កាល់ស្យូម​ខ្លាំង វា​អាច​ធ្វើឲ្យ​អ្នក​មាន​បញ្ហា​កន្ត្រាក់​សាច់ដុំ​បាន៕

ប្រភព៖ rd.com ប្រែសម្រួល៖ ស្រីពៅ

X
5s