រោគសញ្ញាដែលអាចបញ្ជាក់ថា អ្នកប្រឈមមុខនឹងកំណើនជាតិស្ករក្នុងឈាម​



ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​រយៈពេល​វែង អាច​បំផ្លាញ​ដល់​សរសៃ​ឈាម សរសៃ​ប្រសាទ និង​សរីរាង្គ​ក្នុង​រាងកាយ។ ម្យ៉ាងទៀត​បើ​អ្នក​មាន​ទម្លាប់​ទទួលទាន​អាហារ​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ច្រើន នោះ​អ្នក​មិនត្រឹមតែ​ប្រឈម​មុខ​នឹង​ហានិភ័យ​ពី​ជំងឺ​ធាត់​តែ​ប៉ុណ្ណោះ​ទេ តែ​អាហារ​ទាំងនោះ​ក៏​ជា​កាតាលីករ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​សម្រាប់​ជំរុញ​ឲ្យ​មាន​ជំងឺ​ដទៃ​ទៀត​កើតឡើង​ដូចជា ជាតិ​កូឡេស្តេរ៉ុល​ឡើង​ខ្ពស់ ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ជំងឺ​ហឺត និង​រោគសញ្ញា​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ។

ចំពោះ​រោគសញ្ញា​វិញ អ្នក​ដែល​អាច​មាន​បញ្ហា​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ស្ថិត​ក្នុង​កម្រិត​ស្រាល​ឬ​មិនមែន​អ្នក​ជំងឺ​ទឹកនោមផ្អែម អាច​នឹង​ជួប​រោគសញ្ញា​ចម្បងៗ​ចំនួន​៥​ដូចជា​ឆាប់​អស់​កម្លាំង បង្កើន​ចំណង់​ក្នុង​ការ​ទទួលទាន​អាហារ ឆាប់​ស្រេក​ទឹក បត់ជើង​តូច​ញឹកញាប់ និង​ស្រក​ទម្ងន់។

យ៉ាងណាមិញ បើសិន​ជា​អាការ​ជំងឺ​របស់​អ្នក​ឈាន​ដល់​ដំណាក់កាល​មធ្យម​និង​ធ្ងន់ធ្ងរ រោគសញ្ញា​ចម្បងៗ​ចំនួន​ ៥​ដែល​អ្នក​អាច​មាន​មាន​ដូចជា សមត្ថភាព​ក្នុង​ការ​មើល​របស់​អ្នក​ចុះ​ខ្សោយ​ឬ​ស្រវាំង​ភ្នែក អស់​កម្លាំង​ល្ហិតល្ហៃ​និង​ពិបាក​ក្នុង​ការ​ក្រោក​ពី​គេង ស្រេក​ទឹក​ខ្លាំង​ញឹកញាប់ ស្បែក​ស្ងួត និង​វិលមុខ​ធេងធោង​រក​ដួល​សន្លប់។

លើស​ពី​នេះ​ទៀត បើ​សិន​ជា​អ័រម៉ូន​អាំងស៊ុយលីន​របស់​អ្នក​មិន​ត្រូវ​បាន​ផលិត​គ្រប់គ្រាន់​ក្នុង​រាងកាយ ដែល​អាំងស៊ុយលីន​នេះ​មាន​នាទី​សំខាន់​ក្នុង​ការ​កម្រិត​ជាតិ​ស្ករ​របស់​អ្នក​មិន​ឲ្យ​ខ្ពស់​ពេក​និង​មិន​ឲ្យ​ទាប​ពេក នោះ​អ្នក​អាច​នឹង​មាន​រោគសញ្ញា​បន្ថែម​លើស​ពី​រោគសញ្ញា​ចម្បងៗ​ខាងលើ​ទៀត​ដូចជា ឈឺ​ចុកចាប់​ពោះវៀន បាត់បង់​ចំណង់​ក្នុង​ការ​ទទួលទាន ចង្វាក់​បេះដូង​ដើរ​លឿន​ខុស​ប្រក្រតី ដក​ដង្ហើម​ញាប់ និង​ក្អួត​ផង​ដែរ។

បើ​អ្នក​សង្កេត​ឃើញ​ថា​អ្នក​មាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​មក​នេះ អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​អ្នក​ឲ្យ​បាន​ជាក់លាក់៕

ប្រភព៖ powerofpositivity ប្រែសម្រួល៖ ស្រីពៅ

X
5s