តើអាហារអ្វីខ្លះដែលមិនល្អសម្រាប់ខួរក្បាលរបស់អ្នកទាល់តែសោះ?
ខួរក្បាលរបស់អ្នកដើរតួសំខាន់ណាស់សម្រាប់ជីវិតរបស់អ្នក ហើយវាក៏ងាយនឹងទទួលរងឥទ្ធិពលពីខាងក្រៅ ការគិតរបស់អ្នក រួមផ្សំទាំងអាហារដែលអ្នកបរិភោគផងដែរ។ ហេតុនេះ តើអាហារអ្វីខ្លះដែលអ្នកត្រូវចៀសវាងឬកាត់បន្ថយដើម្បីថែទាំសុខភាពខួរក្បាលរបស់អ្នកឲ្យមានថាមពលនិងធ្វើការដោយមានប្រសិទ្ធភាពបាន ?
១) ប្រភេទអាហារវេចខ្ចប់ក្នុងកំប៉ុងឬកញ្ចប់ស្រាប់ៗ៖ អាហារវេចខ្ចប់ក្នុងកំប៉ុងឬកញ្ចប់ស្រាប់ៗ និងប្រភេទអាហារស្រាប់ៗដូចជាភីហ្សា នំកញ្ចប់ជាដើម សុទ្ធតែសម្បូរទៅដោយប្រភេទអាស៊ីដខ្លាញ់ឆ្អែត ដែលត្រូវបានអ្នកឯកទេសផ្នែកសុខភាពភាគច្រើនគាំទ្រទៅលើផលប៉ះពាល់អវិជ្ជមានដែលវាមានចំពោះសុខភាពរបស់មនុស្ស។ សារធាតុអាស៊ីដខ្លាញ់ឆ្អែតទាំងនេះនឹងទៅបំផ្លាញដំណើរការណ៍ខួរក្បាលរបស់អ្នក ថែមទាំងរួមចំណែកដល់ហានិភ័យនៃការវិវត្តទៅរកភាពចុះខ្សោយរបស់ប្រព័ន្ធប្រសាទផងដែរ។ លើសពីនេះទៅទៀត អ្នកក៏ត្រូវកាត់បន្ថយនូវអាហារខ្លាញ់ដូចជាសាច់បីជាន់ ឬអាហារដែលប្រើខ្លាញ់សម្រាប់ចម្អិន ព្រោះថាវត្តមានរបស់អាស៊ីដខ្លាញ់ឆ្អែតនឹងរារាំងដល់ខួរក្បាលរបស់អ្នកឲ្យពិបាកក្នុងការទប់ទល់ជាមួយនឹងហានិភ័យពីជំងឺភ្លេចភ្លាំងនិងជំងឺវង្វេងផងដែរ។
២) អាល់កុល៖ អ្នកវិទ្យាសាស្ត្របានរកឃើញថា ការទទួលទានភេសជ្ជៈដែលមានជាតិអាល់កុលច្រើនហួសហេតុ បានធ្វើឲ្យតំបន់ពណ៌សនិងតំបន់ពណ៌ប្រផេះរបស់ខួរក្បាលប្រែជារួមតូច ថែមទាំងប៉ះពាល់ដល់សារធាតុគីមីទាំងឡាយដែលមាននាទីបញ្ជូនព័ត៌មានឆ្លងកាត់សរសៃប្រសាទក្នុងខួរក្បាលរបស់អ្នកទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ករណីដ៏ធ្ងន់ធ្ងរនេះកើតឡើងតែចំពោះអ្នកដែលទទួលទានជាតិអាល់កុលក្នុងបរិមាណជ្រុលហួសហេតុប៉ុណ្ណោះ។
៣) ស្ករ៖ ការទទួលទានអាហារទាំងឡាយណាដែលសម្បូរជាតិស្ករច្រើន មិនត្រឹមតែធ្វើឲ្យសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ប៉ុណ្ណោះទេ តែវាក៏រំខានដល់ដំណើរការណ៍ខួរក្បាលរបស់អ្នកក្នុងផ្នែកhippocampus ដែលជាមជ្ឈមណ្ឌលមួយសម្រាប់ស្តុកទុកទិន្នន័យនិងការចងចាំរបស់អ្នក ដែលនាំឲ្យផ្នែកនេះធ្វើការមិនអស់សមត្ថភាពពេញទំហឹងរបស់វា១០០%នោះឡើយ។ ម្យ៉ាងទៀត ការចៀសវាងទទួលទានអាហារដែលមានជាតិស្ករច្រើន តែបែរជាទទួលទានអាហារដែលផ្សំឡើងដោយសារធាតុផ្អែមសិប្បនិម្មិតដូចជាក្នុងភេសជ្ជៈប៉ូវកម្លាំង ឬទឹកក្រូចកំប៉ុងផ្សេងៗ ក៏មានលទ្ធផលមិនខុសគ្នាប៉ុន្មាននោះដែរ។ ភេសជ្ជៈទាំងនោះជាដើមហេតុដែលនាំទៅរកជំងឺភ្លេចភ្លាំង និងប្រឈមមុខនឹងហានិភ័យខ្ពស់ពីជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង៕
ប្រភព៖ powerofpositivity ប្រែសម្រួល៖ ស្រីពៅ