ជំនឿខុសឆ្គងដ៏ពេញនិយមចំនួន ៣ដែលអ្នកអាចធ្លាប់មានចំពោះបញ្ហាសុខភាព​



ព័ត៌មាន​ខុស​ឬ​មិន​មាន​លក្ខណៈ​ពេញលេញ​ផ្សព្វផ្សាយ​បាន​ឆាប់​រហ័ស​ណាស់ ហើយ​វា​កាន់តែ​ឆាប់​រហ័ស​ទៅ​ទៀត​នៅ​ពេល​ចូល​ទៅ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ទទួល​យក​វា​ដោយ​មិន​បាន​គិត​ពិចារណា​ជា​មុន និង​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ដោយ​ខ្លួនឯង​ទៀត។ ខាងក្រោម​នេះ​គឺជា​ជំនឿ​ខុស​ឆ្គង​ចំនួន​៣​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព ដែល​ថ្វីត្បិតតែ​វា​អាច​ជា​បញ្ហា​តូចតាច​ធម្មតា ប៉ុន្តែ​វា​ក៏​ជា​ការ​ល្អ​ដែរ​ដែល​អ្នក​បាន​ដឹង​អំពី​វា​នោះ៖

១) ទទួលទាន​ទឹក​ឲ្យ​បាន​៨​កែវ​ជា​រៀងរាល់​ថ្ងៃ៖ តាម​ពិត​ទៅ​វា​មិន​សំខាន់​អ្វី​នៅ​ត្រង់​បរិមាណ​ទឹក​៨​កែវ​ក្នុង​១​ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួលទាន​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​នោះ​ឡើយ។ ផ្ទុយទៅវិញ​តើ​ទឹក​៨​កែវ​នេះ​ចង់​សំដៅ​ទៅលើ​កែវ​ទំហំ​ប៉ុណ្ណា មាន​រង្វាស់​ប៉ុន្មាន ព្រោះ​ថា​៨​កែវ​អាច​នឹង​ស្មើ​នឹង​២​លីត្រ ៣​លីត្រ​ឬ​ដល់​៥លីត្រ​ក៏​មាន​ដែរ។ នៅ​ពេល​អ្នក​ពិសា​ទឹក​ច្រើន​ពេក វា​នឹង​ធ្វើឲ្យ​ដំណើរការណ៍​កោសិកា​របស់​អ្នក​បាត់បង់​តុល្យភាព​របស់​វា​ទៅវិញ​ទេ។ ជា​លទ្ធផល​កម្រិត​សូដ្យូម​របស់​អ្នក​អាច​នឹង​ធ្លាក់​ចុះ ហើយ​បើ​កាលណា​វា​ធ្លាក់​ចុះ អ្នក​នឹង​មាន​អារម្មណ៍​ឆាប់​អស់​កម្លាំង វង្វេងវង្វាន់ និង​កាន់តែ​ធ្ងន់ធ្ងរ​គឺ​ត្រូវ​ដឹក​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់។ ដំបូន្មាន​ដ៏​ល្អ​គឺ ពិសា​ទឹក​តែ​ពេល​ណា​ដែល​រាងកាយ​របស់​អ្នក​ឲ្យ​សញ្ញា​ថា​ស្រេក​គឺ​ជា​ការ​ប្រសើរ​បំផុត​ហើយ។

២) អ្នក​អាច​នឹង​ឆ្លង​មេរោគ​វីរុស​តាមរយៈ​អាកាសធាតុ​ត្រជាក់​បាន៖ ជា​ការ​ពិត​ណាស់​ដែល​ឃ្លា​ដែល​អ្នក​តែងតែ​ឮ​ថា ត្រូវ​ពាក់​សំលៀកបំពាក់​ឲ្យ​ក្រាស់ៗ​ដើម្បី​ការពារ​កុំ​ឲ្យ​ផ្ដាសាយ។ នេះ​ក៏​ព្រោះ​តែ​ពពួក​វីរុស​តែងតែ​លូតលាស់​ធំធាត់​និង​បង្ក​បង្កើត​បាន​រហ័ស​និង​មាន​អំណោយផល​បំផុត​នៅ​ពេល​សីតុណ្ហភាព​ត្រជាក់។ យ៉ាងណាមិញ​បើ​អ្នក​មិន​ទៅ​ប៉ះ​ផ្ទាល់​ជាមួយ​មនុស្ស​ទាំងឡាយ​ណា ដែល​បាន​កណ្ដាស់​ឬ​ឆ្លង​មេរោគ​វីរុស​នេះ​ហើយ​ទេ នោះ​គ្រាន់តែ​អាកាសធាតុ​ត្រជាក់​ក៏​មិនមែន​ចេះ​តែ​អាច​ធ្វើឲ្យ​មេរោគ​វីរុស​ចូល​មក​រាតត្បាត​បង្ក​ជំងឺ​ផ្ដាសាយ​ក្នុង​រាងកាយ​អ្នក​ដែរ។

៣) ឆ្លុះ​ពិនិត្យ​មើល​ឆ្អឹង​ជង្គង់​ដោយ​ម៉ាស៊ីនMRI៖ ការ​ទៅ​ពេទ្យ​ដើម្បី​ឲ្យ​គេ​ថត​ឆ្លុះ​ពិនិត្យ​មើល​ឆ្អឹង​ដោយ​ម៉ាស៊ីនMRI គឺជា​ការ​ចំណាយ​ដ៏​ច្រើន​មួយ ហើយ​ក៏​អាច​ជា​ការ​ខ្ជះខ្ជាយ​ដ៏​មិន​ចាំបាច់​នោះ​ដែរ។ ការ​ឈឺ​ជង្គង់​អាច​មាន​មូលហេតុ​មក​ពី​រឿង​ធម្មតា​នោះ​ទេ សូម្បី​តែ​មាន​ពេល​ខ្លះ​អ្នក​ធ្វើអ្វី​ឲ្យ​ប៉ះ​ទង្គិច​ឬ​របួស​ត្រូវ​ជង្គង់​អ្នក​តែ​បន្តិច​ក៏​ដោយ ក៏​គ្រោង​ឆ្អឹង​ជង្គង់​របស់​អ្នក​អាច​ខូច​ទម្រង់​ដើម​របស់​វា​បាន​ដែរ ហើយ​បញ្ហា​នេះ​កាន់តែ​កើតឡើង​ជា​ញឹកញាប់​ទៅ​ទៀត​នៅ​ពេល​អាយុ​អ្នក​កាន់តែ​ច្រើន​ទៅ។ ហេតុនេះ​បើ​គ្រាន់តែ​ជា​ការ​ឈឺ​ចុក​រោយ​ធម្មតា​ទេ អ្នក​គួរតែ​ព្យាបាល​ដោយ​វិធីសាស្ត្រ​សាមញ្ញៗ​បែប​ធម្មជាតិ លុះត្រាតែ​អ្នក​ពិត​ជា​ត្រូវការ​ព័ត៌មាន​អំពី​ជង្គង់​របស់​អ្នក​ខ្លាំង ដូចជា​មុន​ពេល​ធ្វើការ​វះកាត់​ជង្គង់​ជើង​ជាដើម សឹម​អ្នក​ថត​ឆ្លុះ​ដោយ​ម៉ាស៊ីនMRI​នេះ៕

ប្រភព៖ quickanddirtytips.com

ប្រែសម្រួល៖ ស្រីពៅ

X
5s