គន្លឹះ ៦យ៉ាង ជួយធ្វើឲ្យអ្នកក្លាយជាអ្នកធ្វើបទបង្ហាញ (presentation) ដ៏ពូកែ
យោងតាមទស្សនាវត្តី Forbe បានឲ្យដឹងថា ៧០% នៃជនជាតិអាមេរិកជឿជាក់ថា ការធ្វើបទបង្ហាញដ៏ល្អ គឺជាធាតុផ្សំមួយដ៏សំខាន់ក្នុងការកសាងភាពជោគជ័យក្នុងអាជីពការងាររបស់ពួកគេ។ បន្ថែមពីនេះទៅទៀត ការធ្វើបទបង្ហាញ និងជំនាញទំនាក់ទំនងក៏ជាផ្នែកមួយដ៏សំខាន់ផងដែរមិនត្រឹមតែក្នុងជីវិតរស់នៅរបស់ប្រចាំថ្ងៃរបស់អ្នកនោះទេ តែថែមទាំងភាពចាំបាច់ក្នុងការសិក្សាផងដែរ។
ភាពភ័យខ្លាចក្នុងការនិយាយចំពោះមុខសាធារណជន គឺជារឿងធម្មតាទៅហើយដែលមនុស្ស ៧៥% កំពុងរងការឈឺចាប់ដោយភាពភ័យខ្លាចនេះតែម្ដង។ ជាការពិតណាស់ ភាពភ័យខ្លាចក្នុងការនិយាយចំពោះមុខសាធារណៈជនគឺមូលហេតុមួយដែលនាំឲ្យការធ្វើបទបង្ហាញរបស់អ្នកមិនទទួលបានជោគជ័យ។ ការធ្វើបទបង្ហាញ (presentation) និងការនិយាយជាសាធារណៈ (public speaking) របស់អ្នកអាចនឹងល្អប្រសើរប្រសិនបើអ្នកអនុវត្តតាមគន្លឹះចំនួន ៥ខាងក្រោមនេះ៖
១) បញ្ឈប់ការនិយាយត្រដិត ការនិយាយ ទំនាក់ទំនងប្រចាំថ្ងៃ គឺពិតជាចម្លែកប្រសិនបើអ្នកបានពិនិត្យនិងតាមដានឲ្យបានហ្មត់ចត់។ ជួនកាលអ្នកនិយាយដោយប្រើពាក្យ ឬប្រយោគច្របូកច្របល់ ស្ទើរតែគ្មានន័យអ្វីសោះក៏មានដែរ។ អ្វីដែលគួរចងចាំនោះ គឺថា ពាក្យដែលអ្នកតែងប្រើប្រាស់មានដូចជា “អឹម” “អូ” “ដូចជា” និងពាក្យ “អ្នកដឹងទេ” ជាដើម ដែលពាក្យទាំងនេះគឺគ្មានអត្ថន័យអ្វីសោះ។ មានអ្នកខ្លះអាចស៊ាំទៅនឹងការប្រើពាក្យទាំងអស់នេះរួចទៅហើយដោយមិនធ្វើការកត់សម្គាល់ជាប្រចាំនោះ។ ប៉ុន្តែ កំឡុងពេលមានស្ថានការណ៍តានតឹងដូចជាពេលធ្វើបទបង្ហាញជាដើម វាជារឿងមិនល្អឡើយ ពីព្រោះថា វាផ្ដល់នូវឥទ្ធិពលអវិជ្ជមានទៅលើការធ្វើបទបង្ហាញរបស់អ្នក។ គន្លឹះមួយដើម្បីកាត់បន្ថយការនិយាយពាក្យទាំងនេះគឺអ្នកត្រូវថតសំឡេងរបស់អ្នក ហើយស្ដាប់ម្ដងហើយម្ដងទៀត។ នេះគឺជាគន្លឹះដ៏ល្អនៅពេលដែលអ្នកចាប់ផ្ដើមចាប់អារម្មណ៍ទៅលើការប្រើពាក្យទាំងនេះហើយ អ្នកអាចបញ្ឈប់ការប្រើប្រាស់វាតទៀតពេលឡើងធ្វើបទបង្ហាញ។
២) ការប្រាប់ជាដំណឹង ការអប់រំ និង ការលេងសើច៖ ទាំងនេះគឺជាចំណុចពិសេសក្នុងការធ្វើបទបង្ហាញ។ ការផ្ដល់ជាសំណើចដល់អ្នកស្ដាប់របស់អ្នកនឹងធ្វើឲ្យពួកគេមិនមានភាពធុញទ្រាន់ទៅនឹងការធ្វើបទបង្ហាញរបស់អ្នក។ ប្រសិនបើអ្នកអាចធ្វើឲ្យពួកគេសើច អ្នកនឹងកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើង។ ការធ្វើបទបង្ហាញទាក់ទងនឹងកការផ្ដល់ដំណឹង និងផ្ដល់ការអប់រំ គឺអ្នកក៏ត្រូវបញ្ចូលទៅក្នុងការធ្វើបទបង្ហាញរបស់អ្នកផងដែរ។
៣) អនុវត្តឲ្យបានច្រើន គន្លឹះនេះ គឺមានសារះសំខាន់ខ្លាំងណាស់ក្នុងការធ្វើបទបង្ហាញ។ មុននឹងធ្វើបទបង្ហាញរបស់អ្នក អ្នកត្រូវតែដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នកជាមុនសិន។ ប្រសិនបើអាច អ្នកគួរតែចងចាំឲ្យបានច្រើនពីគំនិតដែលទាក់ទងនឹងប្រធានបទរបស់អ្នក។ ការអនុវត្តនឹងជួយធ្វើឲ្យអ្នកមិនសូវមានភាពភ័យខ្លាច បង្កើនភាពក្លាហាន និងបន្ថែមការយល់ដឹងទៅលើប្រធានបទរបស់អ្នកថែមទៀត។ ទស្សនិកជន នឹងមានចំណាប់អារម្មណ៍ទៅលើអ្នកធ្វើបទបង្ហាញដែលមានភាពក្លាហាន និងមានភាពជឿជាក់ដែលអ្វីទាំងអស់នេះបានមកពីការអនុវត្តរបស់អ្នកនោះឯង។ ពេលអនុវត្តអ្នកមិនគួរគិតតែទៅលើពាក្យសម្ដីដែលអ្នកនិយាយនោះទេ តែអ្នកត្រូវគិតលើកាយវិការ និងអាកប្បកិរិយារបស់អ្នកផងដែរ ពីព្រោះថាអ្នកធ្វើបទបង្ហាញដែលអស្ចារ្យគឺជាអ្នកដែលពូកែសម្ដែង។
៤) គិតពីភាសាកាយវិការ ទោះបីជាអ្នកគិតថា ការទំនាក់ទំនងគឺផ្ដោតសំខាន់តែទៅលើការនិយាយតែមួយមុខក៏ដោយក្ដី តែអ្នកត្រូវដឹងថា ៩៤%នៃការធ្វើការសន្ទនារបស់អ្នក គឺជាការនិយាយដោយប្រើប្រាស់កាយវិការសញ្ញា និងភាសាកាយវិការដែលវាពិតជាផ្នែកមួយដ៏ចាំបាច់ មិនអាចខ្វះបានក្នុងការធ្វើបទបង្ហាញ។ អ្នកត្រូវតែធ្វើបទបង្ហាញរបស់អ្នកឲ្យល្អ ប៉ុន្តែប្រសិនបើអ្នកធ្វើបទបង្ហាញដោយមិនធ្វើចលនាសោះ ដោយគ្រាន់តែយកដៃដាក់ក្នុងហោប៉ៅឈរត្រង់ភ្លឹងនោះ អ្នកប្រាកដជាមិនមានភាពទាក់ទាញ និងធ្វើឲ្យមានភាពធុញទ្រាន់ដល់អ្នកស្ដាប់ជាមិនខាន។ ដូចនេះ អ្នកត្រូវចេះបញ្ចេញកាយវិការឲ្យអ្នកស្ដាប់របស់អ្នកចាប់អារម្មណ៍ កុំឈរត្រង់ភ្លឹងដូចរូបចម្លាក់ឲ្យសោះ។ ប្រសិនបើអ្នកចេះបង្ហាញកាយវិការបានល្អ អ្នកស្ដាប់របស់អ្នកប្រាកដជាលង់អារម្មណ៍ទៅលើការធ្វើបទបង្ហាញរបស់អ្នកដកចិត្តមិនរួចជាមិនខាន។
៥) ព្យាយាមលើកយកព័ត៌មាន ឬគំនិតដែលជាប់ពាក់ព័ន្ធនឹងប្រធានបទ គន្លឹះនេះគឺពិតជាមានឥទ្ធិពលក្នុងការធ្វើបទបង្ហាញ។ ផ្នែកខ្លះក្នុងការធ្វើបទបង្ហាញរបស់អ្នកអាចជាប់ពាក់ពន្ធទៅនឹង ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ ឬក៏អក្សរសាស្ត្រមួយចំនួនដែលមានទំនាក់ទំនងជាប់ពាក់ពន្ធទៅនឹងប្រធានបទរបស់អ្នក។ ដូចនេះ កុំខ្លាចក្នុងការដាក់បញ្ចូលព័ត៌មានទាំងនោះក្នុងការធ្វើបទបង្ហាញរបស់អ្នកឲ្យសោះ។ ការបញ្ចូលព័ត៌មានទាំងនោះធ្វើឲ្យការធ្វើបទបង្ហាញរបស់អ្នកកាន់តែមានអត្ថន័យ និងមានគេចាប់អារម្មណ៍ច្រើន។
៦) តើគួរឡើងទៅអានឬទេ? ការផ្ដោតអារម្មណ៍ទៅលើការអានពាក្យពេចន៍នៅលើផ្ទាំងបង្ហាញ (slide)នឹងធ្វើឲ្យអ្វីដែលអ្នកនិយាយចេញទៅមានភាពត្រឹមត្រូវ និងធ្វើឲ្យអ្នកមិនសូវមានភាពត្រដិតដោយប្រើប្រាស់ពាក្យមិនមានអត្ថន័យ។ ការអានក៏ជួយឲ្យអ្នកមិនអ្នកចំបាច់គិតពីអ្វីដែលអ្នកនឹងធ្វើត្រូវនិយាយ និងអ្នកមិនចាំបាច់សម្លឹងមើលមុខអ្នកស្ដាប់របស់អ្នកដោយឆ្ងល់ថាតើពួកគេកំពុងគិតអ្វីផងដែរ។ វាមានប្រយោជន៍ច្រើន តែវាជារឿងមិនគួរគប្បីឡើយ។ វាជារឿងល្អប្រសិនបើអ្នកមានក្រដាសកត់ចំណាំនៅក្នុងដៃតូចមួយ។ តែទោះបីជាយ៉ាងណាក៏ដោយ ការពឹងផ្អែក ទៅលើក្រដាសកត់ចំណាំតែមួយមុខនឹង មិនធ្វើឲ្យការធ្វើបទបង្ហាញរបស់អ្នកទទួលបានជោគជ័យឡើយ។ ប្រសិនអ្នកគ្រាន់តែឈរអានអក្សរលើផ្ទាំងបង្ហាញ អ្នកទំនងដូចជាកំពុងតែអនុវត្តន៍ និងបង្ហាញថាអ្នកដូចជាមិនសូវយល់ច្បាស់ពីប្រធានបទដែលអ្នកកំពុងតែនិយាយផងដែរ។ ការធ្វើបែបនេះអាចនឹងធ្វើឲ្យការធ្វើបទបង្ហាញរបស់អ្នកមិនទទួលបានជោគជ័យឡើយ។ ប្រសិនបើអ្នកមិនអាចចងចាំគ្រប់ចំណុចទាំងអស់បានទេ អ្នកគួរតែខិតខំរកឲ្យឃើញចំណុចក្ដោបន័យរបស់ប្រធានបទអ្នកឲ្យឃើញ៕
ដោយ៖ លង់ វណ្ណៈ ប្រភព៖ www.lifehack.org