ការសិក្សា៖ គេងមិនគ្រប់មិនត្រឹមតែបណ្ដាលឲ្យស្លាប់មុនអាយុប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់សេដ្ឋកិច្ចជាតិ
មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺ (The Center for Disease Control and Prevention) នៃសហរដ្ឋអាមេរិក បានបង្ហាញថា ការគេងមិនគ្រប់គ្រាន់គឺជាបញ្ហាសុខភាពសាធារណៈ។
បើយោងតាមការសិក្សាស្រាវជ្រាវមួយដែលមានចំណងជើងថា Why Sleep Matters – The Economic Cost of Insufficient Sleep បានរកឃើញថា ការគេងមិនគ្រប់គ្រាន់មិនត្រឹមតែធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ដែលធ្វើឲ្យឈានដល់ការស្លាប់មុនអាយុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ប្រសិទ្ធការងារ និងការសិក្សារៀនសូត្រទៀតផង៖
ការគេងមិនគ្រប់គ្រាន់អាចបណ្ដាលមកពីកត្តានៃការរស់នៅ ដូចជាការសេពគ្រឿងស្រវឹង ការជក់បារី ស្រ្តេស្ត និងកង្វះការធ្វើលំហាត់ប្រាណជាដើម។ ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដូចជាស្មាតហ្វូន ក៏ធ្វើឲ្យប៉ះពាល់ដល់ការគេងរបស់អ្នកផងដែរ។ បើយោងតាមការសិក្សាស្រាវជ្រាវនោះ មនុស្សដែលគេងតិចជាង ៦ម៉ោងក្នុងមួយយប់ មានហានិភ័យឈានដល់ការស្លាប់មុនអាយុរហូតដល់ ១៣% ច្រើនជាងអ្នកដែលគេងចន្លោះពី ៧ ទៅ ៩ម៉ោង។
អ្នកដែលគេង ៧ម៉ោង មានបញ្ហាប្រឈមនឹងហានិភ័យស្លាប់មុនអាយុ ប្រមាណ ៧% ដែលចំនួននេះខ្ពស់ជាងបញ្ហាផ្សេងៗដូចជា គ្រោះថ្នាក់ចរាចរណ៍ ជំងឺមហារីក និងជំងឺផ្សេងៗសម្រាប់ស្ថានភាពនៅសហរដ្ឋអាមេរិក។ មនុស្សដែលគេងតិចជាង ៦ម៉ោងក្នុងមួយថ្ងៃ មានការធ្លាក់ចុះនូវប្រសិទ្ធភាពការងារ ជាងមនុស្សដែលគេងចន្លោះពី ៧ ទៅ ៩ម៉ោងក្នុងមួយថ្ងៃ។ ដូចនេះ បុគ្គលិកដែលគេងមិនគ្រប់គ្រាន់ធ្វើឲ្យខាតបង់ថ្ងៃធ្វើការជាមធ្យម ៦ថ្ងៃក្នុងមួយឆ្នាំ ដែលចំនួននេះច្រើនជាងអ្នកដែលគេងគ្រប់គ្រាន់។
តាមរយៈការសន្និដ្ឋាន សហរដ្ឋអាមេរិកខាតបង់ប្រហែល ១.២៣លានថ្ងៃនៃថ្ងៃធ្វើការក្នុងមួយឆ្នាំ ដែលបណ្ដាលមកពីការគេងមិនគ្រប់គ្រាន់។ ប្រទេសជប៉ុនខាត់បង់ប្រមាណ ៦០០ ០០០ថ្ងៃនៃថ្ងៃធ្វើការ បើគិតជាមធ្យម។ ប្រទេសអង់គ្លេស និងអាឡឺម៉ង់ ខាតបង់ជាង ២០០ ០០០ ថ្ងៃនៃថ្ងៃធ្វើការ។ ចំណែកឯ ប្រទេសកាណាដា ខាតបង់តិចជាង ៨០ ០០០ ថ្ងៃនៃថ្ងៃធ្វើការ៕
ដោយ៖ លង់ វណ្ណៈ ប្រភព៖ World Economic Forum