សំណួរ៣យ៉ាងដែលអ្នកត្រូវរៀនស្វែងយល់ពីខ្លួនឯង​



ការ​ស្គាល់​ខ្លួនឯង គឺជា​ភាព​ខ្លាំង​របស់​អ្នក។ ការ​សួរ​សំណួរ​ល្អ​នឹង​ធ្វើឲ្យ​អ្នក​អាច​ត្រួតពិនិត្យ​មើល​ខ្លួនឯង​និង​ស្វែងយល់​ពី​ខ្លួនឯង​បាន​កាន់តែ​ច្បាស់លាស់ និង​ស៊ីជម្រៅ។ ការ​សួរ​សំណួរ​ល្អ​ប្រៀប​ដូចជា​ការណ៍​ដែល​អ្នក​បាន​ស្គាល់​អំពី​បញ្ហា​ណាមួយ​បាន​ជាក់​ច្បាស់​ដូច្នោះ។ ការ​ស្គាល់​បញ្ហា​ណាមួយ​ដែល​អ្នក​កំពុង​តែ​ប្រឈម​មុខ​បាន​ច្បាស់លាស់ សំខាន់​ខ្លាំង​ជាង​ការ​ដឹង​ពី​ដំណោះស្រាយ​ដែល​ត្រូវ​ប្រើប្រាស់​ទៅ​ទៀត។ តើ​សំណួរ​បែប​ណាខ្លះ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ស្វែងយល់​ពី​ខ្លួន​អ្នក​បាន និង​អាច​នាំ​អ្នក​ទៅ​កាន់​ជីវិត​មួយ​ដែល​អ្នក​តែង​ប្រាថ្នា​សម្រេច​ឲ្យ​បាន ?

១) តើ​អ្នក​កំពុង​តែ​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ​ដែរ​ទេ ? ៖ ផ្លូវ​ដែល​មាន​មនុស្ស​ដើរ​ច្រើន មិនមែន​សុទ្ធតែ​មានន័យ​ថា​ជា​ផ្លូវ​ត្រឹមត្រូវ ឯ​ផ្លូវ​ដែល​មិន​សូវ​មាន​មនុស្ស​ដើរ ក៏​មិនមែន​សុទ្ធតែ​មានន័យ​ថា​ជា​ផ្លូវ​ខុស​នោះ​ដែរ។ ចំនួន​មិន​អាច​បញ្ជាក់​ពី​ភាព​ខុស​និង​ត្រូវ​បាន​នោះ​ទេ។ អ្នក​ត្រូវ​ចេះ​រិះគិត​វិភាគ​ដោយ​ខ្លួនឯង ថា​តើ​ផ្លូវ​ណា​មួយ​ដែល​គិត​ថា​ត្រឹមត្រូវ និង​ជា​ផ្លូវ​ដែល​អ្នក​ចង់​ដើរ​ពិត​ប្រាកដ ? តើ​អ្វី​ទៅ​ទើប​សំខាន់​និង​មាន​តម្លៃ​ពិត​ប្រាកដ​សម្រាប់​ជីវិត​របស់​អ្នក ? តើ​អ្វី​ទៅ​ទើប​ជា​និយមន័យ​នៃ​ភាព​ជោគជ័យ​និង​សេចក្ដី​សុខ​សម្រាប់​អ្នក​ពិត​ប្រាកដ ?

២) តើ​អ្នក​គិត​យ៉ាង​ដូចម្ដេច​ចំពោះ​កំហុស​ខុស​ឆ្គង​ដែល​អ្នក​ធ្លាប់​បាន​សាង ? ៖ ការ​យល់​ឃើញ​ដែល​អ្នក​មាន​ចំពោះ​ភាព​បរាជ័យ​និង​ការ​សាង​កំហុស​ឆ្គង ពិត​ជា​មាន​ភាព​សំខាន់​ជា​ខ្លាំង ព្រោះ​វា​គឺជា​កត្តា​ដ៏​សំខាន់​មួយ​ដែល​ចូលរួម​ចំណែក​នៅ​ក្នុង​ភាព​ជោគជ័យ​និង​សេចក្ដី​សុខ​ក្នុង​ជីវិត​របស់​អ្នក។ អ្នក​មិន​អាច​មាន​ជីវិត​វិជ្ជមាន​បាន​ចេញ​ពី​ផ្នត់​គំនិត​អវិជ្ជមាន​ដែល​អ្នក​តែង​រស់នៅ​ជាមួយ​នោះ​ទេ។ ការ​សាង​កំហុស​ឆ្គង​ប្រសើរ​លើស​ពី​ការណ៍​ដែល​មិន​បាន​សាកល្បង​ធ្វើ​វា​ទាល់តែ​សោះ ព្រោះ​ថា​បើ​ទោះជា​អ្នក​មិន​បាន​សម្រេច​ជោគជ័យ​ក៏​ដោយ យ៉ាងហោចណាស់​ក៏​អ្នក​អាច​រៀន​សូត្រ​បាន​អ្វី​ម្យ៉ាង​ពី​បទពិសោធន៍​មួយ​នោះ​ដែរ។

៣) តើ​អ្នក​បាន​ប្រឹងប្រែង​អស់​ពី​លទ្ធភាព​ដែរ​ទេ ? ៖ ដែន​កំណត់​គ្រាន់តែ​ស្ថិត​នៅ​ក្នុង​ការ​គិត​របស់​អ្នក​តែ​ប៉ុណ្ណោះ។ បើ​សិន​ជា​មនុស្ស​ម្នាក់​ចង់​បាន​អ្វី​មួយ​ពិត​ប្រាកដ នោះ​គេ​ប្រាកដ​ពុះ​រំលង​ភ្នំ​ជ្រោះ​ដើម្បី​សម្រេច​វា​ឲ្យ​ទាល់តែ​បាន​ជាក់​ជា​ពុំ​ខាន​ឡើយ។ អ្វី​ដែល​សំខាន់​គឺ​ស្ថិត​នៅ​ត្រង់​ចរិត​របស់​គេ ដែល​ជា​ភាព​អត់ធ្មត់ កា​រខិតខំ​ប្រឹងប្រែង និង​ពេលវេលា​យូរ​ឬ​ឆាប់​នោះ​ឯង។ ម្យ៉ាងទៀត អ្នក​ក៏​ត្រូវ​ចាំ​ថា បញ្ហា​មួយ​មិនមែន​មាន​វិធី​ដោះស្រាយ​តែ​មួយ​ផ្លូវ​នោះ​ទេ។ ដូច្នេះ​បើ​វិធីសាស្ត្រ​ដែល​អ្នក​ប្រើប្រាស់​មិន​អាច​ប្រើ​ការ​បាន អ្នក​ត្រូវ​ប្ដូរ​វិធីសាស្ត្រ​នោះ​ចេញ តែ​មិន​គួរ​បោះបង់​ចោល​នូវ​គោលដៅ​ចម្បង​របស់​អ្នក​នោះ​ឡើយ៕

X
5s