ជំនាញទន់( Soft Skills) ដែលមេដឹកនាំចង់បានពីបុគ្គលិកនាសតវត្សទី ២១នេះ
សម័យនេះហើយ នរណាម្នាក់ក៏មានយ៉ាងហោចណាស់ជំនាញរឹង (hard skill) មួយដែរ។ អ្វីដែលធ្វើអ្នកឲ្យលេចធ្លោជាងបេក្ខជនដទៃ គឺជំនាញទន់នេះឯង។ ថ្វីត្បិតអ្នកគិតថាជំនាញទន់មិនសូវសំខាន់ដូចជំនាញរឹង ប៉ុន្តែជំនាញទន់នេះឯងដែលមេដឹកនាំគ្រប់រូបតែងតែមើលនិងចង់បានពីបុគ្គលិករាល់ពេលសម្ភាសការងារ។ ប្រសិនអ្នកមានជំនាញទន់ទាំងនេះ អ្នកមានឱកាសជោគជ័យនិងលេចធ្លោជាងបេក្ខជនដទៃក្នុងការងារជាពុំខាន៖
១) សីលធម៌ការងារ
អ្នកប្រហែលជាពុំបានរៀនអំពីសីលធម៌ការងារនៅសាលារៀននោះទេ។ ជំនាញទន់មួយនេះគឺជាអ្វីដែលរៀនពីជីវិតប្រចាំថ្ងៃ ឪពុកម្ដាយឬសៀវភៅ។ល។ សីលធម៌ការងារមានដូចជាកុំកេងប្រវ័ញ្ច កុំលួចចេញមុនម៉ោង បន្លំការងារ។ល។ ហើយមេដឹកនាំគ្រប់រូបពិតជាពិបាកក្នុងការរកមនុស្សដែលមានភាពស្មោះត្រង់និងស្រឡាញ់ការងារណាស់។
២) ជំនាញទំនាក់ទំនង
ការងារណាក៏ដោយសុទ្ធតែត្រូវការជំនាញទំនាក់ទំនង។ ជំនាញទំនាក់ទំនងអាចជាសិល្បៈក្នុងការនិយាយទៅមិត្តរួមការងារឬទៅកាន់អតិថិជនរបស់អ្នកជាដើម។ បើគ្មានជំនាញនិយាយនេះទេ ផលិតក៏លក់មិនចេញហើយការងារក្នុងក្រុមក៏មិនអាចសម្រេចផងដែរ។ បន្ថែមពីលើនេះទៀត ប្រសិនអ្នកមានជំនាញធ្វើបទបង្ហាញ(Presentation Skill ) នោះកាន់តែប្រសើរព្រោះស្ទើរតែគ្រប់ការងារទៅហើយត្រូវការធ្វើបទបង្ហាញ។
៣) ដោះស្រាយបញ្ហា
ក្នុងការងារតែងតែមានបញ្ហា។ នេះជារឿងដែលជៀសមិនផុតឡើយ។ ប៉ុន្តែ មេដឹកនាំមិនអាចនៅជាមួយបុគ្គលិករាល់ពេលនោះទេ។ ដូច្នេះហើយ អ្នកដឹកនាំគ្រប់រូបពិតជាចង់បានបុគ្គលិកណាដែលអាចដោះស្រាយបញ្ហាក្នុងការងារឬពេលដែលពួកគាត់មិននៅការិយាល័យជាដើម។
៤) ការងារជាក្រុម
ការចេះធ្វើការងារជាក្រុមគឺជារឿងចាំបាច់បំផុតក្នុងការងារ។ មិនថាអ្នកពូកែយ៉ាងណានោះទេ ប្រសិនអ្នកមិនចេះធ្វើការជាក្រុម នោះអ្នកអាចប្រឈមមុខនឹងការបាត់បង់ការងារព្រោះអ្នកមិនអាចធ្វើការជាក្រុមបាន អ្នកអាចបង្កជម្លោះក៏ថាបាន។ ដូច្នេះហើយ អ្នកត្រូវតែរៀនចេះធ្វើការជាក្រុម ជាពិសេសចេះដោះស្រាយជាមួយមនុស្សគ្រប់ប្រភេទ៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ topresume.com