មុខតំណែង​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​ដឹកនាំ​គេ​នោះ​ទេ តែ​ជា​សកម្មភាព​ទាំង​៥​យ៉ាង​នេះ​ទៅ​វិញ​ទេ​



តាម​ផ្នត់​គំនិត​ជា​ទូទៅ​របស់​មនុស្ស​ភាគច្រើន​យល់ថា ដរាប​ណា​អ្នក​មាន​មុខតំណែង​ឈ្មោះ​ថា​ជា​អ្នក​ដឹកនាំ នោះ​អ្នក​គឺ​ត្រូវ​តែ​មាន​សិទ្ធិ​អំណាច​គ្រប់​បែបយ៉ាង គ្រប់គ្រង និង​បញ្ជា​អ្នក​នៅ​ក្រោម​បង្គាប់​ទៅ​តាម​ចិត្ត​របស់​អ្នក។

នេះ​គឺ​ជា​ការ​យល់​ខុស​ដ៏​ធំ​របស់​ពួកគេ​ទៅ​លើ​អត្ថន័យ​នៃ​អ្នក​ដឹកនាំ​ពិត​ប្រាកដ មុខតំណែង​របស់​ពួកគេ​នឹង​មិន​បញ្ជាក់​ថា​ពួកគេ​ជា​អ្នក​ដឹកនាំ​នោះ​ទេ តែ​ជា​សកម្មភាព ការ​ប្រព្រឹត្ត ទង្វើ និង​ឥរិយាបថ​របស់​ពួកគេ​ចំពោះ​អ្នក​ក្រោម​បង្គាប់​របស់​ខ្លួន​ទៅ​វិញ​ទេ។ បុគ្គល​ម្នាក់​អាច​ឆ្លុះ​បញ្ចាំង​បាន​ថា​ជា​អ្នក​ដឹកនាំ​ពិត​មែន ឬ​អត់ គឺ​អាស្រ័យ​ទៅលើ​គុណ​សម្បត្តិ​នៃ​សកម្មភាព​ទាំង​៥យ៉ាង​ខាងក្រោម​នេះ​ដែល​មាន​នៅ​ក្នុង​ខ្លួន​ពួកគេ៖

១) ឲ្យ​តម្លៃ​ចំពោះ​រាល់​ទំនាក់ទំនង​របស់​ពួកគេ៖ មិនថា​ជា​អ្នក​និយាយ​ទៅ​កាន់​អ្នក​បោស​សម្អាត ឬ​ដៃគូ​សហការ​ដែល​មាន​មុខ​តំណែង​ទាប​ជាង​អ្នក​នោះ​ទេ អ្វី​ដែល​សំខាន់​មិន​ស្ថិត​នៅ​ត្រង់​ថា​តើ ពួកគេ​មាន​មុខតំណែង​អ្វី​នោះ​ទេ ព្រោះ​ថា​នៅ​ពី​ក្រោយ​មុខតំណែង​ទាំង​នោះ គឺ​ជា​"មនុស្ស"​ដែល​នៅ​ចាំ​ទទួល​ខុសត្រូវ​លើ​តួនាទី​របស់​ខ្លួន ហើយ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកគេ​ទាំងនោះ​ប្រៀប​ដូច​ជា​សមាជិក​គ្រួសារ​របស់​អ្នក​ដែល​មាន​គោលដៅ​ត្រូវ​សម្រេច​រួម​គ្នា​តែ​មួយ​ដូច្នោះ។ ហេតុនេះ​វិធី​ដែល​អ្នក​ជ្រើសរើស​ធ្វើ​ទំនាក់ទំនង​ជាមួយ​ពួកគេ​គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត។

២) ខ្នះខ្នែង​ជួយ​សមាជិក​ក្រុម​របស់​អ្នក​ចំពោះ​ភាព​រីកចម្រើន​របស់​ពួកគេ៖ ការ​គិតគូរ​ពី​ភាព​រីកចម្រើន​របស់​សមាជិក​ក្រុម និង​ខ្នះខ្នែង​ជួយ​ពួកគេ​តាម​រយៈ​ការ​បើក​ឱកាស​ឲ្យ​មាន​វគ្គ​បណ្ដុះ​បណ្ដាល​សំខាន់ៗ​ផ្សេងៗ ឬ​ជា​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​ណាមួយ សកម្មភាព​ទាំងនេះ​នឹង​ជួយ​ពួកគេ​ក្នុង​ការ​ពង្រឹង​ពង្រីក​នូវ​ចំណេះដឹង និង​ជំនាញ​របស់​ខ្លួន។ មិនតែប៉ុណ្ណោះ អ្នក​ក៏​អាច​បំផុស​សក្ដានុពល​ពួកគេ​ដោយ​បន្ថែម​នូវ​ការ​ទទួល​ខុសត្រូវ​ទៅ​លើ​កិច្ចការ​ធំៗ​ផង​ដែរ។

៣)​ ចែក​រំលែក​នូវ​ភាព​ជោគជ័យ​របស់​អ្នក​ទៅ​កាន់​ពួកគេ៖ អ្នក​នឹង​មិន​អាច​សម្រេច​ការងារ​មួយ​ឲ្យ​ទទួល​បាន​ភាព​ជោគជ័យ​នោះ​ឡើយ បើ​សិន​ជា​អ្នក​ពុំ​មាន​ជំនួយ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​នោះ។ ដូច្នេះ​អ្នក​ត្រូវ​ផ្ដល់​តម្លៃ​ដល់​ពួកគេ​ឲ្យ​ទទួល​បាន​នូវ​កិត្តិយស​ពី​ភាព​ជោគជ័យ នៅ​ពេល​នោះ​ពួកគេ​នឹង​មាន​កម្លាំងចិត្ត​ខិតខំ​ធ្វើការ​សម្រាប់​ភាព​ជោគជ័យ​ដែល​មាន​រួម​គ្នា​ជា​បន្ត​ទៅ​ទៀត។

៤) យក​ការ​ទទួល​ខុសត្រូវ​ទៅលើ​កំហុស​ខុស​ឆ្គង​ទាំងឡាយ​ដាក់​នៅ​លើ​ស្មា​ខ្លួនឯង៖ តម្លៃ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​របស់​អ្នក គឺ​អាចបញ្ជាក់​តាម​រយៈ​ភាព​មាន​ទំនួលខុសត្រូវ​របស់​អ្នក​ក្នុង​នាម​ជា​អ្នក​ដឹកនាំ នៅ​ពេល​មាន​កំហុស​ណាមួយ​ដែល​បង្អាក់​ផែនការ​មិន​ឲ្យ​សម្រេច​ទៅ​តាម​ការ​រំពឹង​ទុក។ អ្នក​មិន​ត្រូវ​គិត​តែ​ពី​ខ្លួនឯង មាន​ភាព​អាត្មានិយម ហើយ​បន្ទោស​អ្នក​ក្នុង​ក្រុម​នូវ​កំហុស និង​ការ​បរាជ័យ​នោះ​ឡើយ។ ម្យ៉ាងទៀត ប្រសិន​ជា​អ្នក​មាន​មតិ​ស្ថាបនា​សម្រាប់​កែ​សម្រួល​ការ​បំពេញ​កិច្ចការ​របស់​នរណា​ម្នាក់ អ្នក​គួរ​តែ​ជ្រើសរើស​និយាយ​ជាមួយ​ពួកគេ​ជា​លក្ខណៈ​ឯកជន​ទើប​ជា​ការ​ល្អ​បំផុត។

៥) ធ្វើ​ជា​មនុស្ស​ដែល​មាន​តម្លៃ​មួយ​រូប៖ អត្ថន័យ​នៃ​ភាព​ជា​អ្នក​ដឹកនាំ មិនមែន​ផ្ដោត​សំខាន់​ទៅ​លើ​សមត្ថភាព​តែ​ម្យ៉ាង​នោះ​ទេ តែ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​រស់នៅ​ដែល​ប្រកាន់​ខ្ជាប់​នូវ​តម្លៃ​ប្រចាំ​ខ្លួន។ អ្នក​ត្រូវ​ធ្វើ​ជា​អ្នក​ដឹកនាំ​ម្នាក់​ដែល​ពួកគេ​អាច​ទុកចិត្ត និង​ស័ក្ដិសម​សម្រាប់​ពួកគេ​ក្នុង​ការ​ផ្ដល់​នូវ​ការ​គោរព​ដល់​អ្នក។ អ្វី​ដែល​អ្នក​មិន​ត្រូវ​ភ្លេច​ក្នុង​មួយ​ជីវិត​នេះ​គឺ "ការងារ​របស់​អ្នក អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​សិទ្ធិ​អំណាច តែ​ទង្វើ​របស់​អ្នក​ទើប​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​នូវ​ការ​គោរព​មួយ​ពិត​ប្រាកដ"៕

ប្រភព៖ success​ ប្រែសម្រួល៖ ស្រីពៅ

X
5s