រឿងមួយចំនួនដែលឪពុកម្ដាយមិនគួរធ្វើចំពោះកូន​



ឪពុកម្ដាយភាគច្រើន ផ្ដល់ការចិញ្ចឹមបីបាច់ដល់កូននៅពេលពួកគេពេញវ័យ ដោយផ្ដោតទៅលើអ្វីដែលល្អនៅក្នុងក្រសែភ្នែកអ្នកដទៃ និងអ្វីដែលសង្គមត្រូវការ និងឲ្យតម្លៃ ជាជាងព្យាយាមយល់ពីចិត្តកូន និងផ្ដល់ក្ដីស្រឡាញ់ដែលគ្មានលក្ខខ័ណ្ឌមួយឲ្យទៅពួកគេ។ ចំណុចមួយចំនួនដែលបង្ហាញខាងក្រោមនេះ នឹងផ្ដល់ជាការណែនាំសម្រាប់អ្នកយកទៅត្រិះរិះពិចារណាទៅលើវិធីដែលអ្នកអប់រំកូនម្ដងទៀត៖

១) វាជារឿងដ៏សំខាន់បំផុតសម្រាប់ក្មេងៗក្នុងការផ្ដល់ពេលវេលាពី២ទៅ៤ម៉ោងក្នុងមួយថ្ងៃ សម្រាប់ពួកគេក្នុងការសម្រាកមិនធ្វើអ្វីសោះ។ ឪពុកម្ដាយដែលមានមហិច្ឆតាដ៏លើសលុបសម្រាប់កូន តែងបង្ខំពួកគេឲ្យចេញទៅក្រៅប្រឡូកក្នុងសង្គម មានទំនាក់ទំនងឲ្យបានច្រើន ដែលវាមិនសូវជាល្អសម្រាប់ភាពរីកចម្រើនផ្នែកចិត្តគំនិតរបស់ពួកគេសោះឡើយ។

២) គួរឲ្យសោកស្ដាយជាខ្លាំង ដែលឪពុកម្ដាយភាគច្រើន យកចិត្តទុកដាក់ហួសហេតុទៅលើដំណើរការណ៍នៃការសិក្សា និងកម្រិតសិក្សារបស់កូនៗ។ ឪពុកម្ដាយគួរយកចិត្តទុកដាក់ថែទាំពួកគេ ជាជាងធ្វើជាចៅហ្វាយរបស់ពួកគេដែល​ងប់ងុល​តែនឹងលទ្ធផលពីការសិក្សារបស់កូនៗនោះ។ អារម្មណ៍របស់ពួកគេ គឺជាអាទិភាពទីមួយ មិនមែនកម្រិតសិក្សារបស់គេនោះឡើយ។

៣) ត្រូវចងចាំថា នៅពេលកូនរបស់អ្នកមានបញ្ហាក្នុងការដោះស្រាយលំហាត់សាលារបស់គេ នោះវាតែងតែមានហេតុផលអ្វីម្យ៉ាង ដែលមិនមែនសុទ្ធតែមកពីភាពខ្ជិលច្រអូសនោះឡើយ ព្រោះគំនិតនៃភាពខ្ជិលច្រអូសមិនកើតឡើងនៅក្នុងចិត្តសាស្រ្តនៃការរៀនសូត្រនោះទេ។ មូលហេតុពិតប្រាកដ គឺជាកង្វះនូវការលើកទឹកចិត្ត និងឆន្ទៈទៅវិញទេ ហើយវាជាតួនាទីរបស់អ្នក ដែលត្រូវស្វែងរកពីដើមហេតុដែលបណ្ដាលឲ្យពួកគេមានអារម្មណ៍បែបនេះ។

៤) នៅពេលពួកគេឈានដល់វ័យជំទង់ ចិត្តគំនិត និងអារម្មណ៍របស់ពួកគេមានសភាពទន់ខ្សោយណាស់។ តើអ្នកនៅចាំពីការប្រឡងចុងឆ្នាំរបស់ពួកគេទេ ? សមាជិកគ្រួសារម្នាក់ៗខ្វាយខ្វល់ព្រួយបារម្ភជំនួសពួកគេជាខ្លាំង ដែលអាចឈានទៅដល់ការឈ្លោះប្រកែកគ្នា អារម្មណ៍ក្ដុកក្ដួល និងភាពតានតឹងកើតឡើងចំពោះអ្នក និងកូន។ តើអ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីទប់ស្កាត់ហេតុការណ៍នេះ ឬយ៉ាងហោចណាស់ក៏បានកាត់បន្ថយវាមកនៅត្រឹមកម្រិតមួយទាបបំផុតនោះ ? វិធីតែម្យ៉ាងដែលល្អបំផុត គឺជាការយកចិត្តទុកដាក់ទៅលើការផ្ដល់ក្ដីស្រឡាញ់ និងតម្លៃក្នុងខ្លួនពួកគេ៕

ប្រភព៖ brightside ប្រែសម្រួល៖ ស្រីពៅ

X
5s