តើភាពឈ្លាសវៃនៅក្នុងការចេះគ្រប់គ្រងអារម្មណ៍ មានសារសំខាន់យ៉ាងដូចម្ដេចនៅក្នុងការធ្វើអាជីវកម្ម ?
មនុស្សភាគច្រើនតែងឲ្យនិយមន័យទៅលើប្រាជ្ញាឈ្លាសវៃរបស់បុគ្គលម្នាក់ដោយផ្អែកទៅលើកម្រិតIQឬជាជំនាញរឹងដែលបុគ្គលម្នាក់នោះមាន។ ពិតណាស់ថាការយល់ឃើញបែបនេះចំពោះភាពឈ្លាសវៃរបស់មនុស្សគឺជារឿងត្រឹមត្រូវ ប៉ុន្តែតម្លៃនេះតែម្យ៉ាងមិនទាន់បំពេញរូបភាពពេញលេញចំពោះប្រាជ្ញាឈ្លាសវៃរបស់បុគ្គលម្នាក់ៗនោះឡើយ ព្រោះបើទោះជាបុគ្គលម្នាក់នោះមានទេពកោសល្យដ៏ប៉ិនប្រសប់និងឈ្លាសវៃក៏ដោយ តែបើសិនជាគេមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបាន ហើយធ្វើឲ្យអារម្មណ៍របស់ខ្លួនប៉ះពាល់ដល់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន នោះភាពឈ្លាសវៃរបស់គេដែលមានទៅលើជំនាញរឹងណាមួយនោះ ក៏នឹងលែងសូវមានតម្លៃអ្វីទៀតនោះដែរ។ ហើយត្រង់ចំណុចនេះគឺកាន់តែសំខាន់នៅក្នុងទំនាក់ទំនងអាជីវកម្មរបស់អ្នក។
នៅក្នុងការធ្វើអាជីវកម្ម អ្នកចាំបាច់ត្រូវចេះរួបរួមចិត្តគំនិតសហការគ្នាធ្វើការជាក្រុមឆ្ពោះទៅសម្រេចគោលដៅរួមមួយ។ បើអ្នកជាអ្នកដឹកនាំ នោះសមត្ថភាពក្នុងការដោះស្រាយបញ្ហាបានដោយមានប្រសិទ្ធភាពកាន់តែត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើសមត្ថភាពរបស់អ្នកក្នុងការចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង ការចេះកត់សម្គាល់ពីអារម្មណ៍ទាំងឡាយរបស់ខ្លួនឯងដែលលេចឡើងមកនៅក្នុងកាលៈទេសៈណាមួយនិងចេះស្វែងយល់ពីមូលហេតុដែលនាំឲ្យអារម្មណ៍មួយនោះកើតឡើងនៅក្នុងស្ថានការណ៍ណាមួយនោះ។
នៅពេលអ្នកស្គាល់និងយល់ពីអារម្មណ៍របស់ខ្លួនឯង នោះអ្នកនឹងចេះគ្រប់គ្រងអារម្មណ៍អវិជ្ជមានទាំងឡាយបានយ៉ាងល្អប្រសើរ ហើយបើអ្នកអាចយល់ពីអារម្មណ៍របស់ខ្លួនឯងបាន នោះអ្នកនឹងអាចស្វែងយល់ពីអ្នកដទៃបានកាន់តែល្អជាងមុន ហើយនៅត្រង់ចំណុចនេះឯងដែលជាប្រាជ្ញាដែលអ្នកត្រូវបណ្ដុះនៅពេលមានទំនាក់ទំនងជាមួយអ្នកដទៃ។ មិនតែប៉ុណ្ណោះ អ្នកមិនត្រូវភ្លេចទេថា ដើម្បីសម្រេចឲ្យដល់គោលដៅមួយបានដោយជោគជ័យ អ្នកម្នាក់ឯងមិនអាចធ្វើទៅរួចបាននោះទេ ដូច្នេះអ្នកចាំបាច់ត្រូវការមនុស្សដទៃផ្សេងទៀតដែលពួកគេម្នាក់ៗមានសក្ដានុពលពិសេសៗរៀងៗខ្លួនខុសពីអ្នក នោះទើបទាំងអស់គ្នាអាចរួបរួមកម្លាំងគ្នាទៅដល់គោលដៅបាន។
នៅត្រង់ចំណុចនេះ អ្នកនឹងមើលឃើញថាការណ៍ដែលមានតែប្រាជ្ញាឈ្លាសវៃទៅលើជំនាញរឹងតែម្យ៉ាងមិនគ្រប់គ្រាន់នោះឡើយ។ អ្នកត្រូវការភាពឈ្លាសវៃនៅក្នុងការស្វែងយល់ពីអារម្មណ៍របស់អ្នកដទៃ នោះទើបអ្នកអាចដោះស្រាយបញ្ហាផ្សេងៗជាមួយនឹងពួកគេបានយ៉ាងមានប្រសិទ្ធភាព និងនាំកិច្ចការរបស់អ្នកទៅកាន់ភាពជោគជ័យតាមការរំពឹងទុករបស់អ្នកបាន៕
ដោយ៖ ស្រីពៅ