​គួរ​ប្រើ​វិធីសាស្ត្រ​យ៉ាង​ណា​ ដើម្បី​​បញ្ចៀស​ការ​​ខ្វែងគំនិត​គ្នា​ ​​​និង​ ជម្លោះ​​​តានតឹង​​ក្នុង​គ្រួសារ​​? ​​​​​​



តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា មនុស្ស​ដែល​កាន់តែ​នៅ​ក្បែរ​អ្នក​បំផុត គឺជា​មនុស្ស​ដែល​កាន់តែ​ពិបាក​និយាយ​ឲ្យ​យល់​ពី​ចិត្ត​គ្នា​បំផុត​ទេ ? ជាពិសេស​នៅ​ពេល​អ្នក​មាន​រឿង​ត្រូវ​ចរចា​ជាមួយ​គ្រួសារ​របស់​អ្នក ? តាម​ពិត​ទៅ​មនុស្ស​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ និង​កើត​ចេញ​ពី​ពូជពង្ស​វង្សត្រកូល​ឈាម​តែ​មួយ មិន​ប្រាកដ​ថា​ការ​គិត​របស់​ពួកគេ​គឺ​ដូចៗ​គ្នា​ទាំងអស់​នោះ​ទេ។

ភាព​ខុស​គ្នា​ស្ថិត​នៅ​ត្រង់​ថា​មនុស្ស​ម្នាក់ៗ​មើល​ឃើញ​រូបភាព​ផ្សេង​គ្នា​ទៅលើ​បញ្ហា​តែ​មួយ ប៉ុន្តែ​អ្វី​ដែល​ដូច​គ្នា​នោះ​គឺ​នរណា​ម្នាក់​ក៏​ត្រូវការ​ឲ្យ​អ្នកដទៃ​យល់​ពី​ខ្លួន​ដែរ។ នៅ​ពេល​អ្នក​យល់​ពី​ចំណុច​នេះ ភាព​ខុស​គ្នា​របស់​អ្នក​និង​គ្រួសារ​នឹង​អាច​ឈាន​ទៅ​រក​ចំណុច​មួយ​ប្រសព្វ​រួម​គ្នា​បាន។

អ្នក​និពន្ធ​សៀវភៅ​ដ៏​ល្បី​មួយ ដែល​មាន​ចំណង​ជើង​ថា "The 7 Habits of Highly Successful People" និង​មាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ផង​ដែរ​ក្រោម​ចំណងជើង​ថា "ឧបនិស្ស័យ​ទាំង​៧​ប្រការ​របស់​បុគ្គល​ឆ្នើម" របស់​លោក Stephen Covey គាត់​ធ្លាប់​បាន​ពោល​ថា៖ "បើ​ចង់​ឲ្យ​គេ​យល់​ពី​ខ្លួនឯង​មុន អ្នក​ត្រូវ​យល់​ពី​គេ​ជា​មុន​សិន"។ តើ​អ្នក​អាច​យល់​ពី​ពួក​គាត់​យ៉ាង​ដូចម្ដេច​បាន បើ​អ្នក​មិន​ទាន់​អត់ធ្មត់​ស្ដាប់​ឲ្យ​យល់​ពី​ជម្រៅ​ចិត្ត​ខាងក្នុង​របស់​ពួកគាត់​ជា​មុន​សិន​ផង ? ការ​ស្ដាប់​ពិត​ប្រាកដ​គឺជា​ការ​ស្ដាប់​ដើម្បី​យល់ ពុំ​មែន​ស្ដាប់​ដើម្បី​ចាំ​តបត​ទៅវិញ​នោះ​ទេ។

ស្ដាប់​ដើម្បី​ឲ្យ​ភាគី​ម្ខាង​ទៀត​ទទួល​អារម្មណ៍​ថា​អ្នក​យល់​អំពី​ពួកគេ។ នៅ​ពេល​អ្នក​មាន​រឿង​ត្រូវ​ចរចា​ជាមួយ​សមាជិក​ក្នុង​គ្រួសារ អ្នក​ត្រូវ​ចងចាំ​ផង​ថា​អ្នក​មិនមែន​ចរចា​ដើម្បី​យក​ឈ្នះ​ចាញ់​ជាមួយ​ពួកគាត់​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ស្វែងយល់​ពី​ការ​យល់​ឃើញ​ដែល​មាន​ខុស​ពី​គ្នា​របស់​ភាគី​ម្ខាង​ទៀត ដើម្បី​ស្វែងរក​ចំណុច​ប្រសព្វ​រួម​មួយ​ដែល​ចុះ​សម្រុង​នឹង​គ្នា​ចំពោះ​បញ្ហា​តែ​មួយ​បាន។ បើ​មក​ចរចា​ដើម្បី​យល់​ពី​គ្នា និង​មិនមែន​យក​ឈ្នះ​ចាញ់ នោះ​អ្នក​មិន​ត្រូវ​ខ្វល់​តែ​ពី​ការ​គិត​របស់​អ្នក​តែ​ឯង​បាន​នោះ​ទេ អ្នក​ត្រូវ​យក​ចិត្ត​ពួកគាត់​ដាក់​ចិត្ត​ខ្លួនឯង អ្នក​ត្រូវ​យល់​ពី​គេ​ជា​មុន ទើប​គេ​អាច​យល់​ពី​អ្នក​វិញ​បាន។

ទាល់តែ​អ្នក​បាន​ផ្ដល់​ខ្យល់​ដក​ដង្ហើម​គ្រប់គ្រាន់​ឲ្យ​ពួកគេ ទាល់តែ​ពួកគេ​បាន​និយាយ​ចេញ​នូវ​អ្វី​ដែល​ពួកគេ​ចង់​និយាយ​ជា​មុន​សិន ទើប​ភាព​តឹងណែន​ចេញ​ពី​ទ្រូង​របស់​ពួកគេ​និង​មាន​ចន្លោះ​ធូរស្បើយ​សម្រាប់​ស្ដាប់​ពី​ការ​យល់​ឃើញ​របស់​អ្នក​វិញ​ម្ដង។ អ្នក​មិន​អាច​រំពឹង​ឲ្យ​បញ្ហា​បញ្ចប់​ដោយ​ធ្វើ​ខ្លួនឯង​ជា​ចំណែក​មួយ​នៃ​បញ្ហា​នោះ​ទេ តែ​អ្នក​ត្រូវ​ដក​ខ្លួន​ធ្វើ​ជា​អ្នក​ចាំ​ដោះស្រាយ​បញ្ហា​វិញ។ មានន័យ​ថា​អ្នក​មិន​អាច​រំពឹង​ឲ្យ​អ្នកដទៃ​ផ្លាស់ប្ដូរ​មុន ដោយ​មិន​គិត​ផ្លាស់ប្ដូរ​ខ្លួនឯង​ជា​មុន​នោះ​ទេ។ មនុស្ស​ណា​ក៏​ត្រូវការ​ការ​យល់​ចិត្ត​ពី​អ្នកដទៃ​ដែរ ដូចនេះ​បើ​អ្នក​អត់ធ្មត់​ចាំ​ស្ដាប់​ពួកគេ​យ៉ាងណា​ដើម្បី​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​អ្នក​បាន​យល់​ពី​ពួកគេ​ហើយ នោះ​ពួកគេ​នឹង​ចាំ​ស្ដាប់​អ្នក​ដោយ​សេចក្ដី​មេត្តា​ដូចនេះ​វិញ​មិនខាន។

គ្រប់​គ្នា​សុទ្ធតែ​មាន​ការ​យល់​ឃើញ​ខុស​ពី​គ្នា​ទៅលើ​បញ្ហា​ដូច​គ្នា ប៉ុន្តែ​ភាព​ខុស​គ្នា​នេះ​នឹង​អាច​ស្វែងរក​ចំណុច​ប្រសព្វ​ណា​មួយ​រួម​គ្នា​បាន​ឲ្យ​តែ​អ្នក​ដាក់ចិត្ត​ថា​ចង់​សម្រេច​ឲ្យ​ដល់​គោលដៅ​នោះ​មែន។ ម្យ៉ាងទៀត​វា​ជា​រឿង​ដែល​ត្រូវការ​ពេលវេលា ដែល​ប្រហែល​ជា​មិនមែន​គ្រាន់តែ​ម្ដង​ពីរ​ដង​អាច​ដល់​គោលដៅ​រួម​គ្នា​នេះ​បាន​ឡើយ។ ការ​ប្រតិកម្ម​ឆ្លើយតប​ភ្លាមៗ​ដោយ​គិត​តែ​ពី​អារម្មណ៍​របស់​ខ្លួនឯង អាច​ឲ្យ​អ្នក​យក​ឈ្នះ​ពួកគាត់​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​ប្រយោជន៍​ក្នុង​រយៈពេល​ខ្លី​នេះ​នឹង​នាំ​មក​នូវ​ភាព​ល្អក់​កករ​ក្នុង​ចិត្ត​សមាជិក​គ្រួសារ​គ្រប់​គ្នា​ក្នុង​រយៈពេល​វែង៕

ដោយ៖ ស្រីពៅ

X
5s