រវាងអ្នកពូកែទ្រឹស្ដីដោយសូត្ររអិលមាត់ និង អ្នកយល់ច្បាស់អំពីជម្រៅនៃរឿងនីមួយៗ មួយណាប្រសើរជាង?
ហេតុអ្វីសិស្ស២នាក់បង្រៀនដោយគ្រូបង្រៀនតែមួយក្នុងថ្នាក់តែមួយជាមួយគ្នា ប៉ុន្តែបែរជាទទួលលទ្ធផលខុសគ្នាដាច់ស្រឡះដូច្នោះ ? តើរបៀបក្នុងការរៀនសូត្របែបណាដែលជាបន្ទាត់គូសចែកព្រំដែនគ្នារវាងមនុស្សជោគជ័យនិងមនុស្សធម្មតា ? តើមនុស្សទាំងពីរនេះទទួលយកចំណេះដឹងពីទ្រឹស្ដីដោយរបៀបណា ?
អ្នកទាំងពីរចេះដូចតែគ្នាទេ ប៉ុន្តែខណៈពេលមនុស្សម្នាក់ចេះដោយការយល់ មនុស្សម្នាក់ទៀតចេះដោយការទន្ទេញចាំមាត់។ តើវាខុសគ្នាយ៉ាងដូចម្ដេច ? មនុស្សដែលចេះដោយការយល់ ត្រូវដើរឆ្លងកាត់ផ្លូវដែលវែងឆ្ងាយស្មុគស្មាញជាងមនុស្សដែលចេះដោយការទន្ទេញ។ មូលហេតុដែលស្មុគស្មាញព្រោះពួកគេត្រូវស្វែងយល់ដោយជីករកដល់ឫសគល់អំពីបញ្ហាអ្វីមួយ។ ទ្រឹស្ដីពុំមែនឥតបានការដូចអ្វីដែលមនុស្សជាច្រើនយល់ឃើញនោះទេ។
ទ្រឹស្ដីឥតប្រយោជន៍ព្រោះតែមនុស្សនោះមិនបានយកវាទៅប្រើប្រាស់ឲ្យបានប្រយោជន៍ ដែលនេះពុំមែនជាបញ្ហារបស់ទ្រឹស្ដីនោះឡើយ។ នៅពេលជួបនឹងមេរៀនដែលបង្រៀនអំពីទ្រឹស្ដី មនុស្សដែលចេះដោយការយល់និងមនុស្សដែលចេះដោយការទន្ទេញ នឹងមើលឃើញរូបភាពខុសពីគ្នា។ មនុស្សដែលចេះដោយការយល់ ពួកគេនឹងព្យាយាមជីកដល់ឫសគល់ថាហេតុអ្វីបានជាទ្រឹស្ដីមួយនេះវាក្លាយជាបែបនេះសម្រាប់ឲ្យពួកគេប្រើប្រាស់ ? តើទ្រឹស្ដីមួយនេះនឹងយកទៅប្រើប្រាស់ក្នុងស្ថានភាពជាក់ស្ដែងយ៉ាងដូចម្ដេច ? ការរៀនបែបនេះគឺជាដំណើរវែងឆ្ងាយ និងស្មុគស្មាញដែលមនុស្សជាច្រើនមិនចូលចិត្ត ពីព្រោះវាហាក់ដូចជារើផ្ទះដែលសាងសង់រួចហើយមកផ្គុំគ្នាឡើងវិញដូច្នោះ។ តើវាមិនងាយស្រួលវិញទេឬបើគ្រាន់តែជឿតាមអ្វីដែលទ្រឹស្ដីរបស់អ្នកប្រាជ្ញគេរកឃើញរួចមកហើយ និងទន្ទេញវាឲ្យចាំមាត់ទៅ ?
ពិតណាស់វិធីមួយនេះនឹងមានប្រយោជន៍សម្រាប់ការប្រឡង ព្រោះអ្នកមិនអាចមានពេលគ្រប់គ្រាន់សម្រាប់ស្រាវជ្រាវសិក្សាបន្ថែមដោយខ្លួនឯង ប៉ុន្តែវានឹងក្លាយជាអ្វីដែលដូចមនុស្សជាច្រើនយល់ឃើញនៅពេលយកទៅប្រើប្រាស់ជាក់ស្ដែង គឺទ្រឹស្ដីរៀនវាឥតប្រយោជន៍នោះទេ។ វាឥតប្រយោជន៍ក៏អាស្រ័យលើមនុស្ស មានប្រយោជន៍ក៏អាស្រ័យលើមនុស្ស។ មនុស្សដែលអាចយកទ្រឹស្ដីទៅប្រើប្រាស់ក្នុងភាពជាក់ស្ដែងមានប្រយោជន៍ពិតប្រាកដ គឺចេញមកពីការព្យាយាមសិក្សាស្វែងយល់ពីមូលហេតុនិងដំណើរការណ៍និងលក្ខណៈរបស់វា ព្យាយាមយល់ពីឫសគល់ ពុំមែនគ្រាន់តែចាំនឹងមាត់ដោយគ្មានការយល់អ្វីបន្តិចសោះនោះទេ។ អ្នកត្រូវចាំថាបញ្ហាដែលអ្នកនឹងជួបប្រទះក្នុងស្ថានភាពជាក់ស្ដែងមិនមែនជាផ្លូវត្រង់ដូចនៅក្នុងលំហាត់ឬចំណោទដែលអ្នកដោះស្រាយនៅក្នុងថ្នាក់ដើម្បីយកពិន្ទុល្អៗនោះទេ។
ចំណោទក្នុងស្ថានភាពជាក់ស្ដែងពោរពេញដោយផ្លូវបត់បែន និងពង្វាងបំភ័ន្តអ្នកឲ្យរញ៉េរញ៉ៃ ប៉ុន្តែបើអ្នកយល់ពីធាតុពិតរបស់ទ្រឹស្ដីណាមួយសម្រាប់ប្រើក្នុងការដោះស្រាយចំណោទមួយនេះ នោះអ្នកនឹងរកឃើញទំនាក់ទំនងវាជាមួយនឹងអ្វីផ្សេងទៀតដែលអាចនាំអ្នកទៅរកការដោះស្រាយវាបានដោយឈ្លាសវៃ។ ត្រង់នេះចង់បញ្ជាក់ថា អ្វីៗគ្រាន់តែចេញពីឫសគល់របស់ដើមឈើតែមួយប៉ុណ្ណោះ។ ការណ៍ដែលអ្នកឃើញអ្វីៗនៅជាបំណែកផ្សេងៗពីគ្នា នោះគឺមកពីអ្នកមិនទាន់យល់ពីធាតុពិតឬឫសគល់ដែលបង្កវាឡើងមកប៉ុណ្ណោះ។ ដូច្នេះ ទ្រឹស្ដីមិនមែនឥតបានការនោះទេ ប៉ុន្តែគឺមកពីមនុស្សខ្លួនឯងដែលមិនចេះប្រើប្រាស់វា។
នៅពេលជួបនឹងទ្រឹស្ដីក្នុងពេលរៀនម្ដងៗ អ្នកត្រូវផ្លាស់ប្ដូរការមើលឃើញរបស់អ្នកចំពោះវាដោយគិតថា ហេតុអ្វីបានជាវាដូច្នេះ ? តើគេនឹងប្រើប្រាស់វាយ៉ាងដូចម្ដេចក្នុងភាពជាក់ស្ដែង ? តាមរបៀបនេះ ចំណេះដឹងរបស់អ្នកនឹងត្រូវបានសាងសង់ឡើងមកដោយមានគ្រឹះដ៏រឹងមាំមិនខាន។ អាញស្តាញ ធ្លាប់និយាយថា៖ "នរណាក៏អាចដឹងពីអ្វីមួយដែរ ប៉ុន្តែមានមនុស្សតិចតួចប៉ុណ្ណោះដែលបានយល់ច្បាស់អំពីវា"៕
ដោយ៖ ស្រីពៅ