តើគួរធ្វើយ៉ាងណា បើមានអារម្មណ៍ថាជំនក់ចិត្តរបស់អ្នកតែម្យ៉ាងមិនគ្រប់គ្រាន់សម្រាប់ជោគជ័យ?
ជំនក់ចិត្តគឺជាកម្លាំងដុតបញ្ឆេះពីខាងក្នុង ដែលអាចឲ្យអ្នករុញភ្នំមួយបាន។ ដូចណាប៉ូលេអុង ហីល ធ្លាប់និយាយថា៖ "ចិត្តអំណត់អត់ធ្មត់ ការតស៊ូព្យាយាម និងដំណក់ញើសហូរ បង្កើតបាននូវធាតុផ្សំបញ្ចូលគ្នាដែលមិនអាចបំបាក់បានសម្រាប់ភាពជោគជ័យ"។
ប៉ុន្តែ អ្នកប្រាកដជាធ្លាប់ជួបអារម្មណ៍មួយដែលនឿយណាយជាមួយនឹងក្ដីសង្ឃឹមដែលអ្នកតែងតែបណ្ដុះក្នុងចិត្តរហូតមក និងការប្រឹងជម្នះទៅមុខជាមួយនឹងឧបសគ្គរារាំងដែលអ្នកបានបញ្ចេញអស់ពីលទ្ធភាពដើម្បីដល់គោលដៅ ដែលធ្វើឲ្យអ្នកយល់ថាជំនក់ចិត្តតែម្យ៉ាងមិនអាចជួយអ្នកបានឡើយ។ តើការសម្រេចចិត្តបែបណាដែលអ្នកគួរធ្វើនៅពេលជួបរឿងបែបនេះ ?
មានរឿងមួយដែលអ្នកត្រូវចាំនោះគឺ បើមនុស្សម្នាក់ពិតជាចង់បានអ្វីមួយខ្លាំងមែន នោះពួកគេមិនមានលេសនោះទេ ពួកគេនឹងប្រឹងពុះជ្រែកភ្នំឆ្លងកាត់មហាសមុទ្រដើម្បីធ្វើយ៉ាងណាឲ្យក្ដីស្រមៃរបស់ខ្លួនក្លាយមកជាការពិត។ មនុស្សជោគជ័យដែលធ្លាប់ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងរួចមក សុទ្ធតែដឹងរឿងនេះច្បាស់ជាងនរណាទាំងអស់ ប៉ុន្តែពួកគេក៏ដឹងដែរថាពេលណាពួកគេគួរតែដកឃ្លាមួយរយៈសិន ហើយពេលណាគួរតែខំបន្តទៅមុខទៀត។
ជីវិតមួយដែលមានគុណភាពមិនបញ្ជាក់នៅត្រង់ភាពរវល់មមាញឹករហូតនោះទេ បើទោះជាវាបានបញ្ជាក់ថាអ្នកមិនបានខ្ជះខ្ជាយពេលវេលាចោលឥតប្រយោជន៍ក៏ដោយ។ ជីវិតដែលមានគុណភាព គឺជាជីវិតដែលម្ចាស់របស់ខ្លួនគេបានដកឃ្លាសម្រាកខ្លះដើម្បីគិតគូរត្រឡប់មកវិញអំពីអ្វីដែលខ្លួនឯងបានដើរឆ្លងកាត់កន្លងមក ការសម្រេចចិត្តកន្លងមក យុទ្ធសាស្ត្រដែលពួកគេជ្រើសដើរកន្លងមក។ ពួកគេដកជើងថយមួយជំហានដើម្បីត្រួតពិនិត្យឡើងវិញអំពីជីវិតរបស់ខ្លួន។
នៅពេលអ្នករវល់ជាប់រហូត នោះអ្នកនឹងមិនមានពេលសម្រាប់គិតស្វែងរកដំណោះស្រាយបែបណាដែលមានប្រសិទ្ធភាពសម្រាប់ឆ្លើយតបចំពោះបញ្ហាដែលនឹងអាចកើតឡើងនោះទេ ផ្ទុយទៅវិញអ្នកនឹងឆ្លើយតបទៅកាន់បញ្ហាទាំងនោះដោយបន្ទាន់ភ្លាមៗដើម្បីឆាប់បញ្ចប់បញ្ហាដោយមិនមានពេលគ្រប់គ្រាន់សម្រាប់ពិនិត្យនិងវិភាគឡើងវិញពីផ្លូវដែលខ្លួនជ្រើសដើរនោះឡើយ។
ការដកឃ្លាមួយរយៈក៏អាចឲ្យអ្នកសម្រាកខួរក្បាលទំនេរដើម្បីជម្រះនូវភាពស្មុគស្មាញទាំងឡាយចោលឲ្យអស់ នោះអ្នកនឹងគិតឃើញដំណោះស្រាយល្អៗដែលអ្នកមិនធ្លាប់បានគិតដល់ពីមុនមក។ អ្នកអាចទុកចោលការងារដែលជាជំនក់ចិត្តរបស់អ្នកមួយរយៈសិន ហើយផ្លាស់ប្ដូរទៅចាប់អារម្មណ៍ធ្វើរឿងថ្មីៗ ទទួលយកបទពិសោធន៍ប្លែកថ្មី ដែលអាចឲ្យអ្នករកឃើញគំនិតល្អៗជាងមុនផងដែរ៕
ដោយ៖ ស្រីពៅ