ហេតុអ្វី​របៀប​នៃ​ការ​ចោទ​សួរ​របស់​មនុស្ស អាច​បញ្ជាក់​អំពី​ភាព​ជា​បណ្ឌិត​របស់​គេ​បាន ?​



វិនាទី​មួយ​ក្នុង​ជីវិត​ដែល​អ្នក​បញ្ឈប់​សួរ​សំណួរ វិនាទី​នោះ​ឯង​ដែល​អ្នក​បាន​គូស​បន្ទាត់​បិទ​ដែន​កំណត់​ឲ្យ​ចំណេះដឹង​របស់​អ្នក​ត្រឹម​នោះ។ បើ​អ្នក​ចង់​ដឹង​ថា​តើ​បុគ្គល​ម្នាក់​នោះ​មាន​ប្រាជ្ញា​ឈ្លាសវៃ​ឬ​អត់ អ្នក​អាច​សម្គាល់​លក្ខណៈ​មួយ​នេះ​នៅ​ត្រង់​សំណួរ​ដែល​ពួកគេ​ចោទ​សួរ​ឡើង។ នរណា​ក៏​អាច​ដឹង​ពី​រឿង​នេះ​រឿង​នោះ​ដែរ ប៉ុន្តែ​មាន​មនុស្ស​តិចតួច​ណាស់​ដែល​បាន​ឈាន​ដល់​ការ​យល់​អំពី​វា។ ហេតុអ្វី​របៀប​នៃ​ការ​ចោទ​សួរ​របស់​មនុស្ស អាច​បញ្ជាក់​អំពី​ភាព​ជា​បណ្ឌិត​របស់​មនុស្ស​ម្នាក់​នោះ​បាន ?

គ្មាន​បណ្ឌិត​ណា​ម្នាក់​មាន​ប្រាជ្ញា​ឈ្លាសវៃ​របស់​ពួកគេ​មក​ដោយ​ធម្មជាតិ​នោះ​ទេ។ ក្នុង​ចំណោម​ពួកគេ​គ្មាន​នរណា​ម្នាក់​ដែល​ទទួល​បាន​ចំណេះដឹង​ដោយ​សំណាង​ប្រទាន​ឲ្យ​នោះ​ទេ ហើយ​ពួកគេ​ក៏​មិនមែន​ជា​អ្នក​ចេះ​ដឹង​សព្វ​គ្រប់​ដូច​ដែល​មនុស្ស​ល្ងង់​ព្យាយាម​ធ្វើ​ពុត​នោះ​ដែរ។ ពួកគេ​កសាង​ចំណេះដឹង​របស់​ខ្លួន​ចេញ​ពី​ការ​តស៊ូ​ព្យាយាម​អស់​ជាច្រើន​ឆ្នាំ​និង​បន្ត​រហូត​ដល់​ដង្ហើម​ចុងក្រោយ ផ្ដើម​ចេញ​ពី​ចំណុច​សូន្យ ផ្ដើម​ចេញ​ពី​បាត​ដៃ​ទទេ ផ្ដើម​ចេញ​ពី​ភាព​ល្ងង់ខ្លៅ​ដូច​មនុស្ស​ធម្មតា​យើង​គ្រប់​គ្នា​ទេ។ ដោយឡែក ពួកគេ​មាន​នូវ​អ្វី​ដែល​មនុស្ស​ធម្មតា​មិន​មាន។ បណ្ឌិត​ចាប់​អារម្មណ៍​នូវ​អ្វី​ដែល​មនុស្ស​ធម្មតា​មិន​ដែល​ខ្វល់​ចាប់​អារម្មណ៍។

មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ថា​ផ្លែ​ប៉ោម បើ​កាលណា​ធ្លាក់​ជ្រុះ​ហើយ នោះ​វា​នឹង​ធ្លាក់​មក​លើ​ដី​ហើយ នេះ​គឺជា​ធម្មជាតិ​របស់​វា​នោះ​ទេ។ ប៉ុន្តែ​តើ​មាន​នរណា​ដឹង​ថា​អ្វី​ទៅ​ដែល​ធ្វើឲ្យ​ផ្លែ​ប៉ោម​នេះ​គោរព​ទៅ​តាម​ច្បាប់​ធម្មជាតិ​នេះ ? តើ​ច្បាប់​ធម្មជាតិ​នេះ​ជា​អ្វី ? គ្មាន​នរណា​ចាប់​អារម្មណ៍​រឿង​ឆ្កួត​លីលា​នេះ​ឡើយ រហូត​ទាល់តែ​អ្នក​ប្រាជ្ញ អ៊ីសាក់ ញូតុន ងឿងឆ្ងល់​អំពី​ដំណើរការណ៍​ធម្មជាតិ​នៅ​លើ​ភព​ផែនដី​នេះ។ ចាប់ផ្ដើម​ចេញ​ពី​ការ​សួរ​សំណួរ​ដ៏​ឈ្លាសវៃ សំណួរ​ដែល​ដុត​បញ្ឆេះ​ដោយ​ការ​ងឿងឆ្ងល់​នេះ​ក៏​បាន​ផ្លាស់ប្ដូរ​ប្រវត្តិសាស្ត្រ​មនុស្សលោក​អំពី​ការ​យល់​ឃើញ​ចំពោះ​ទំនាញ​សកល។

មនុស្ស​ដែល​អាច​សួរ​សំណួរ​ដ៏​ឈ្លាសវៃ​បាន លុះត្រាតែ​មនុស្ស​នោះ​បាន​សង្កេត សិក្សា និង​ស្រាវជ្រាវ​យ៉ាង​លម្អិត​និង​ស៊ីជម្រៅ។ ពួកគេ​ប្រើប្រាស់​សមត្ថភាព​ក្នុង​ការ​គិត​វិភាគ​របស់​ពួកគេ​ក្នុង​ការ​ស្វែងរក​ចម្លើយ​ទៅ​កាន់​សំណួរ​នេះ។ សំណួរ​ដ៏​ឈ្លាសវៃ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​វា​នឹង​នាំ​ទៅ​រក​ឃើញ​ការ​ពិត​ដែល​លាក់​បង្កប់​នៅ​ពី​ក្រោយ​ដំណើរការណ៍​នៃ​អ្វីៗ​ទាំងឡាយ ដែល​មនុស្ស​ធម្មតា​មិន​ដែល​ចាប់​អារម្មណ៍។ បើ​អ្នក​បញ្ឈប់​សួរ​ត្រឹម​ណា ចំណេះដឹង​អ្នក​នឹង​បញ្ចប់​នៅ​ត្រឹម​នោះ។ អត្ថន័យ​នេះ​ក៏​ចង់​បង្ហាញ​ពី​ការ​ប្រើប្រាស់​ការ​រិះគិត​វិភាគ​អំឡុង​ពេល​ស្រាវជ្រាវ​ស្វែងរក​ចម្លើយ​ផង​ដែរ។ បើ​អ្នក​បញ្ឈប់​សួរ នោះ​មានន័យ​ថា​អ្នក​បាន​ជឿជាក់​ទាំងស្រុង​ទៅលើ​អ្វី​ដែល​អ្នក​កំពុង​តែ​រក​ឃើញ​នេះ​ហើយ ពោល​គឺ​សមត្ថភាព​ក្នុង​ការ​គិត​វិភាគ​របស់​អ្នក​ត្រូវ​បាន​រួម​តូច​ដោយ​ជំនឿ​បិទ​ជិត។

នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ដំណើរការណ៍​នៃ​ការ​ស្រាវជ្រាវ​រក​ការ​ពិត​គ្មាន​ទី​បញ្ចប់​នោះ​ឡើយ។ អ្វី​ដែល​អ្នក​កំពុង​ជឿ​នៅ​ថ្ងៃ​នេះ នឹង​ត្រូវ​បាន​អ្នក​ផ្សេង​ទៀត​រក​ឃើញ​ភស្តុតាង​បញ្ជាក់​ថា​វា​មិន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ខាង​មុខ។ ហេតុនេះ ចូរ​បន្ត​ស្រាវជ្រាវ​ជានិច្ច ប្រើ​ការ​គិត​របស់​អ្នក​ដើម្បី​វិភាគ​រក​ថា​ត្រឹមត្រូវ​ឬ​អត់​មុន​នឹង​ទទួល​ជឿ ហើយ​បើ​ទោះ​ជា​អ្នក​ជឿ​ថា​ត្រឹមត្រូវ​ក៏​ដោយ ក៏​មិន​ត្រូវ​យក​ស៊ុត​ដែល​អ្នក​មាន​ទាំងអស់​ដាក់​ក្នុង​កន្ត្រក​តែ​មួយ​នោះ​ដែរ អ្នក​ត្រូវ​បើក​ចំហ​ទទួល​យក​គំនិត​ថ្មីៗ​ទៀត​សម្រាប់​យក​មក​វិភាគ​វិនិច្ឆ័យ​បន្ត​ទៀត។ ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​សម័យ​នេះ​បាន​បម្រើ​ប្រយោជន៍​ច្រើន​អនេក​សម្រាប់​ដំណើរការណ៍​សិក្សា​ស្រាវជ្រាវ​របស់​អ្នក ដែល​គេ​តែង​ចំណាំ​និយាយ​ថា​មហាសមុទ្រ​នៃ​ទិន្នន័យ ដែល​សំដៅ​លើ​អ៊ីនធឺណិត​នេះ​ឯង។

ប៉ុន្តែ​ភាព​ងាយស្រួល​នៅ​នឹង​ដៃ​នេះ​ក៏​អាច​អូសទាញ​អ្នក​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ការ​អះអាង​បោក​បញ្ឆោត​ផង​ដែរ។ នៅ​ពេល​នេះ​ឯង​ដែល​ការ​បើក​ចំហ​គំនិត​ទុក​សម្រាប់​ការ​សង្ស័យ សួរ​សំណួរ ស្រាវជ្រាវ សិក្សា និង​រិះគិត​ថ្លឹងថ្លែង​នឹង​ជួយ​អ្នក​មិន​ឲ្យ​ធ្លាក់​ចូល​ក្នុង​អន្លង់​របស់​មហាសមុទ្រ​នៃ​ទិន្នន័យ​នេះ​ឡើយ។ ដែន​កំណត់​តែ​មួយ​គត់​ដែល​រារាំង​អ្នក​មិន​អាច​រៀន​សូត្រ​ឬ​សម្រេច​អ្វី​បាន នោះ​គឺជា​ដែន​កំណត់​របស់​អ្នក​នៅ​ក្នុង​ការ​ងឿងឆ្ងល់ ការ​ស្រមើស្រមៃ និង​ឆន្ទៈ​ថា​អ្នក​ចង់​បាន​វា​ខ្លាំង​ប៉ុណ្ណា៕

ដោយ៖ ស្រីពៅ

X
5s