តើអ្នកដឹងទេថាការទុកឧបករណ៍អេឡិចត្រូនិកក្បែរខ្លួនពេលគេងផ្ដល់ផលប៉ះពាល់អ្វីខ្លះ ?​



ការ​រស់នៅ​របស់​មនុស្ស​ក្នុង​សម័យ​បច្ចេកវិទ្យា​បច្ចុប្បន្ន​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​យើង​មិន​អាច​រស់នៅ​ដោយ​ខ្វះ​ឧបករណ៍​អេឡិចត្រូនិក​ទាំងនោះ​បាន​ឡើយ។ ដូច្នេះ​វា​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​សិក្សា​ជាច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ស្វែងរក​ថា​តើ​ការ​គេង​ដោយ​មាន​ឧបករណ៍​អេឡិចត្រូនិក​នៅ​ក្បែរ​ខ្លួន​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ដូចម្ដេច​ខ្លះ​ចំពោះ​សុខភាព​របស់​ពួកគេ។ ថ្វីត្បិតតែ​ការ​សិក្សា​ទាំងអស់​មិន​ទាន់​ឈាន​ដល់​សេចក្ដី​សន្និដ្ឋាន​ចុងក្រោយ​ជាក់លាក់​មួយ​ពី​ផល​ប៉ះពាល់​ក៏​ដោយ ប៉ុន្តែ​ក្នុង​នោះ​មាន​ចំណុច​មួយ​ចំនួន​ដែល​អ្នក​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ទាំងអស់​គួរ​ពិចារណា។

ទូរស័ព្ទ​ដៃ​របស់​អ្នក​មិនមែន​បិទ​មុខងារ​លែង​ដំណើរការណ៍​អ្វី​ទាំងអស់​នោះ​ទេ បើ​ទោះ​ជា​អ្នក​ឈប់​ប្រើប្រាស់​វា​ហើយ​ក្ដី ព្រោះ​ទូរស័ព្ទ​អ្នក​ដែល​ប្រើប្រាស់​រលក​វិទ្យុ​សម្រាប់​ប្រាស្រ័យ​ទាក់ទង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​នេះ នៅ​តែ​បន្ត​ទំនាក់ទំនង​ជាមួយ​នឹង​ស្ថានីយ​រលក​វិទ្យុ​ជានិច្ច។ រលក​វិទ្យុ​ស្ថិត​នៅ​ក្នុង​ចំណោម​កាំរស្មី​អេឡិចត្រូម៉ាញេទិច​ជាមួយ​គ្នា​នឹង​ប្រភេទ​កាំរស្មីX និង​កាំរស្មី​ហ្កាម៉ា ប៉ុន្តែ​បើ​ទោះ​ជា​រលក​វិទ្យុ​គឺជា​ប្រភេទ​កាំរស្មី​ដែល​មាន​ថាមពល​ខ្សោយ​ជាង​គេ​បំផុត​ស្ទើរតែ​មិន​គួរ​ឲ្យ​ព្រួយបារម្ភ​អ្វី​ពី​ផល​ប៉ះពាល់​ចំពោះ​សុខភាព ក៏​ការណ៍​ដែល​ទុក​ទូរស័ព្ទ​ក្បែរ​ខ្លួន​ពេល​កំពុង​គេង​បែប​នេះ មាន​ឱកាស​ខ្ពស់​ក្នុង​ការ​បង្ក​ជា​រោគ​សញ្ញា​ឈឺក្បាល​ធេងធោង វិល​មុខ ក្អួត​ចង្អោរ និង​បណ្ដាល​ឲ្យ​ការ​គេង​ប្រព្រឹត្ត​ទៅ​មិន​ប្រក្រតី ជាពិសេស​កម្រិត​នៃ​ផល​ប៉ះពាល់​នឹង​មាន​កាន់តែ​ខ្លាំង​បើ​សិន​ជា​អ្នក​បើក​អ៊ីនធឺណិត​ឬWifi​ចោល។

ការ​គេង​ដែល​ប្រកប​ដោយ​គុណភាព​ឬ​នៅ​ពេល​អ្នក​គេង​ដោយ​ស្កប់ស្កល់​មិន​មាន​ការ​រំខាន​អ្វី​ពី​ខាងក្រៅ និង​គ្រប់​ម៉ោង​កំណត់​របស់​វា នោះ​នៅ​ពេល​អ្នក​ភ្ញាក់​ពី​គេង​ពេល​ព្រឹក អ្នក​នឹង​ទទួល​បាន​ថាមពល​ពេញលេញ ប្រៀប​ដូចជា​ទូរស័ព្ទ​ដែល​បាន​សាក​ថ្ម​ពេញ​ដូច្នោះ​ដែរ ហើយ​អ្នក​នឹង​ទទួល​អារម្មណ៍​ស្រស់ថ្លា រួចរាល់​សម្រាប់​ការ​ប្រើប្រាស់​ខួរក្បាល​ពេញ​ទំហឹង​សម្រាប់​បំពេញ​ការងារ​យ៉ាង​មាន​ប្រសិទ្ធភាព។ យ៉ាងណាមិញ អ្នក​នឹង​រារាំង​ខ្លួនឯង​មិន​ឲ្យ​ខួរក្បាល​របស់​អ្នក​បញ្ចេញ​អស់​នូវ​សក្ដានុពល​របស់​វា​នោះ​ទេ បើ​សិន​ជា​ការ​គេង​របស់​អ្នក​ត្រូវ​បាន​រំខាន​ដោយ​សំឡេង​សារ​ឥត​ប្រយោជន៍​ទាំងនោះ​លោត​ឡើង​មក​ដាស់​អ្នក។

នៅ​ពេល​អ្នក​កំពុង​គេង ស្រាប់តែ​សំឡេង​សារ​លោត​ឡើង​ដោយ​ឥត​រំពឹង​ទុក​បែប​នេះ នោះ​អ្នក​នឹង​ភ្ញាក់​មក​ទាំង​កម្រោល ហើយ​វា​ក៏​មិន​ខុស​អ្វី​ពី​ការណ៍​ដែល​អ្នក​ទៅ​រំខាន​ដំណេក​របស់​ខ្លួន​នោះ​ដែរ។ នៅ​ពេល​ភ្ញាក់​មក​ដោយ​កម្រោល​ហើយ អ្នក​នឹង​ពិបាក​ក្នុង​ការ​សម្ងំ​គេង​លក់​វិញ។ បើ​ហេតុការណ៍​នេះ​ចេះតែ​កើតឡើង​ដោយ​មិន​រក​វិធីសាស្ត្រ​បញ្ឈប់ នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​ឆាប់​មាន​អារម្មណ៍​ច្រាស់ច្រាល់​ក្រហល់ក្រហាយ​ក្នុង​ខ្លួន និង​វិវត្ត​ទៅ​ជា​រោគ​គេង​មិន​លក់។ បើ​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​តាម​ចំនួន​កំណត់​ជា​រៀងរាល់​យប់​នោះ​ទេ បញ្ហា​សុខភាព​កាន់តែ​ធ្ងន់ធ្ងរ​នឹង​ចេះ​តែ​មក​បន្ត​បន្ទាប់​គ្នា ដោយ​ចេញ​មក​ពី​រឿង​តូចតាច​មួយ​ប៉ុណ្ណោះ។

ម្យ៉ាងទៀត​យ៉ាង​ហោច​ណាស់​រយៈពេល​២​ទៅ​៣​ម៉ោង​មុន​ពេល​ចូល​គេង អ្នក​មិន​គួរ​សម្លឹង​អេក្រង់​ទូរស័ព្ទ​នោះ​ឡើយ ព្រោះ​ពន្លឺ​ដែល​បញ្ចេញ​មក​ពី​ទូរស័ព្ទ​នឹង​ធ្វើឲ្យ​ប្រព័ន្ធ​ជីវសាស្ត្រ​របស់​អ្នក​ឬ​ជា​វដ្ដ​គេង​របស់​អ្នក​ច្រឡំ​ថា​ជា​ពេល​ថ្ងៃ ហេតុនេះ​ក៏​ដាស់​អ្នក​មិន​ឲ្យ​ងងុយ​គេង។ ដូច្នេះ​ពេល​គេង អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​គ្មាន​រឿង​អ្វី​ត្រូវ​រំខាន​ឲ្យ​គិត​នោះ​ឡើយ។ មុន​ពេល​ចូល​គេង​២​ទៅ​៣​ម៉ោង​មិន​ត្រូវ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ទាំងឡាយ និង​បិទ​អ៊ីនធឺណិត​របស់​អ្នក ហើយ​ទុក​ទូរស័ព្ទ​ឬ​គ្រប់​ឧបករណ៍​អេឡិចត្រូនិក​ទាំងអស់​ឲ្យ​បាន​ឆ្ងាយ​ពី​ខ្លួន ដើម្បី​ធានា​ពី​សុវត្ថិភាព​របស់​អ្នក​ទាំងមូល៕

ដោយ៖ ស្រីពៅ

X
5s