មនុស្សមាន IQ ខ្ពស់ក៏អាចឆោតល្ងង់ដែរ ឲ្យតែវង្វេងភ័ន្តច្រឡំថាខ្លួនឯងចេះអស់ហើយ​



វា​ប្រសើរ​ជាជាង​ប្រសិន​ជា​អ្នក​ឆោតល្ងង់​មិន​ដឹង​អ្វី​ទាល់តែ​សោះ តែ​យល់​ច្រឡំ​ថា​ខ្លួនឯង​ចេះ​ដឹង​ច្បាស់​អស់​ហើយ ព្រោះ​ចំណេះដឹង​ដែល​ខុសឆ្គង​មាន​គ្រោះថ្នាក់​ជាង​ភាព​ល្ងង់ខ្លៅ​មិន​ដឹង​អ្វី​ទៅ​ទៀត។

នៅ​ក្នុង​ជីវិត​ជាក់ស្ដែង អ្នក​នឹង​ចាប់ផ្ដើម​រៀន​សូត្រ​ដឹង​ថា គ្រាន់តែ​មាន​កម្រិត​ប្រាជ្ញា IQ​ខ្ពស់​តែ​ម្យ៉ាង​មិន​អាច​តំណាង​ឲ្យ​រូបភាព​ពេញលេញ​បាន​នោះ​ឡើយ ព្រោះ​មាន​របស់​ម្យ៉ាង​ទៀត​ដែល​មាន​មនុស្ស​តិចតួច​ណាស់​មើល​ឃើញ​ពី​សារសំខាន់​របស់​វា​និង​បណ្ដុះ​គ្រាប់​ពូជ​របស់​វា​មក​ប្រើប្រាស់​នៅ​ក្នុង​ជីវិត​បាន​ជោគជ័យ ដែល​នោះ​គឺជា​សមត្ថភាព​រិះគិត​វិភាគ​នេះ​តែ​ម្ដង។

មនុស្ស​ឆោតល្ងង់ ពុំ​មែន​ជា​មនុស្ស​ដែល​មិន​ចេះ​អក្សរ​ឬ​មិន​ដែល​ទទួល​បាន​ការ​អប់រំ​ខ្ពស់​នៅ​ក្នុង​សាលា​នោះ​ឡើយ ព្រោះ​ថា​មនុស្ស​ដែល​ទទួល​បាន​ការ​បង្ហាត់​ណែនាំ​ពី​សាកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​កំពូល​ជាង​គេ​នៅ​លើ​លោក​ក៏​ដោយ ក៏​អាច​ក្លាយ​ជា​មនុស្ស​ឆោតល្ងង់​ដែរ ដរាប​ណា​មនុស្ស​នេះ​មិន​ទទួល​ស្គាល់​ពី​ភាព​ឆោតល្ងង់​របស់​ខ្លួនឯង។ មនុស្ស​ឆោតល្ងង់​យ៉ាង​ពិត​ប្រាកដ​នៅ​លើ​លោក​នេះ​គឺជា​មនុស្ស​ដែល​យល់​ច្រឡំ​ថា​ខ្លួនឯង​ចេះ​អស់​ហើយ ហើយ​ការ​ភ័ន្ត​ច្រឡំ​ធំ​នេះ​ឯង​ដែល​ធ្វើឲ្យ​ពួកគេ​មិន​ខុស​គ្នា​អ្វី​ពី​មនុស្ស​កាល​ពី​សម័យ​បុរាណ​ដែល​មាន​ជំនឿ​ខ្វាក់​ភ្នែក​ទៅលើ​ការ​អះអាង​ដែល​ថា​ព្រះអាទិត្យ​វិល​ជុំវិញ​ភព​ផែនដី​ហើយ​ក៏​មិន​ស្ថិត​នៅ​ចំ​កណ្ដាល​ប្រព័ន្ធ​ព្រះអាទិត្យ​នោះ​ដែរ បើ​ទោះជា​ភស្តុតាង​ពី​ការ​បកស្រាយ​តាម​បែប​វិទ្យាសាស្ត្រ​បាន​បង្ហាញ​រួច​មក​ហើយ​ក្ដី។

មនុស្ស​ដែល​អួតអាង​ពី​ប្រាជ្ញា​ឈ្លាសវៃ​របស់​ខ្លួន​ទើប​ជា​មនុស្ស​ល្ងង់ខ្លៅ​ពិត​ប្រាកដ ព្រោះ​បណ្ឌិត​មិន​ដក​លុយ​របស់​ពួកគេ​ទាំងអស់​ពី​ហោប៉ៅ​ទៅ​វិនិយោគ​ទៅលើ​ជំនឿ​អះអាង​នៅ​លើ​លោក​នេះ​ទេ មិន​ខ្វល់​ថា​ជំនឿ​អះអាង​នោះ​មាន​ការ​បកស្រាយ​ពី​បណ្ឌិត​ពី​ណា​ក៏​ដោយ។ ពួកគេ​គ្រាន់តែ​ដក​លុយ​របស់​ពួកគេ​ចំណែក​តិចតួច​ប៉ុណ្ណោះ​ទៅលើ​ការ​បកស្រាយ​ទាំងនោះ។ ប៉ុន្តែ​ហេតុអ្វី​បុគ្គល​ប្រភេទ​នេះ​គឺជា​បណ្ឌិត​ទៅវិញ ? នេះ​ក៏​ព្រោះ​តែ​ពួកគេ​មិន​ងាយ​នឹង​ជឿ​ទៅលើ​អ្វី​មួយ​នៅ​លើ​លោក​នេះ​ឡើយ ពួកគេ​បន្ត​សង្ស័យ​ជីក​ឫស​ជីក​គល់​ដល់​ជម្រៅ​ដែល​បង្កប់​នូវ​ការ​ពិត​យ៉ាង​ពិត​ប្រាកដ ដែល​ត្រង់​ចំណុច​នេះ​ឯង​គឺជា​គុណ​តម្លៃ​ជា​បណ្ឌិត​របស់​បុគ្គល​ប្រភេទ​នេះ។ នៅ​ក្នុង​ចក្រវាល​ដ៏​ធំធេង​ហួស​ពី​ការ​ស្រមៃ​នេះ អ្វីៗ​ក៏​អាច​កើតឡើង​ហួស​ពី​ការ​រំពឹង​ទុក​របស់​សមត្ថភាព​គិត​របស់​មនុស្ស​ដែរ។ បើ​អ្នក​នៅ​តែ​ជឿ​ថា​ផែនដី​មាន​ផ្ទៃ​រាប​ស្មើ​ឬ​ក៏​ស្ថិត​នៅ​ចំ​កណ្ដាល​ប្រព័ន្ធ​ព្រះអាទិត្យ​ទៀត នោះ​អ្នក​នឹង​ស្លាប់​មិន​ខាន។

ចុងក្រោយ​គឺ​មនុស្ស​ដែល​មិន​បាន​យក​ខួរក្បាល​ដែល​អាច​ហ្វឹកហាត់​ឈាន​ដល់​សមត្ថភាព​ខ្ពស់​របស់​មនុស្ស​មក​ប្រើប្រាស់​នេះ តែ​បិទ​ជិត​ចំណេះដឹង​របស់​គេ​ជាមួយ​នឹង​ជំនឿ​អះអាង​អ្វី​មួយ​មិន​លែង​សោះ គឺ​មនុស្ស​ប្រភេទ​នេះ​ឯង​ដែល​ល្ងង់ខ្លៅ បើ​ទោះ​ជា​ពួកគេ​បញ្ចប់​ការ​សិក្សា​ពី​សាលា​ដ៏​មាន​កិត្យានុភាព​លំដាប់​ពិភពលោក​ក៏​ដោយ។ មនុស្ស​ដែល​ងាយស្រួល​ឆបោក​បំផុត​គឺជា​មនុស្ស​ដែល​ឆាប់​ជឿ​និង​មិន​បាន​យក​ខួរក្បាល​ដើម្បី​មក​គិត​វិភាគ​ជីក​ឫស​ជីក​គល់ និង​សួរ​ដេញដោល​ច្រើន​នេះ​តែ​ម្ដង។ កុំ​ច្រឡំ​ថា​ឲ្យ​តែ​ការ​ស្រាវជ្រាវ​ទាំងឡាយ​ណា​ដែល​ភ្ជាប់​មក​ជាមួយ​នឹង​ទិន្នន័យ​ជា​ក្រាប រូបមន្ត​គណនា​លេខ​ដ៏​ស្មុគស្មាញ ឬ​សូម្បី​តែ​ជា​ឯកសារ​យោង​ដែល​មាន​ឈ្មោះ​របស់​បណ្ឌិត​ឯណា​ក៏​ដោយ សុទ្ធតែ​ត្រឹមត្រូវ​ប្រាកដ​ហើយ​នោះ។

កុំ​ឆាប់​ជះ​លុយ​របស់​អ្នក​ទាំងអស់​ទៅលើ​ជំនឿ​អះអាង​ទាំងឡាយ តែ​អ្វី​ដែល​អ្នក​ត្រូវ​តែ​មាន​នោះ​គឺ​ត្រូវ​សង្ស័យ​ជានិច្ច។ គោលដៅ​ដ៏​ចម្បង​ក្នុង​តួនាទី​របស់​អ្នក​វិទ្យាសាស្ត្រ​គឺជា​ការ​ស្វែងរក​ការ​ពិត ប៉ុន្តែ​បើ​ទោះ​ជា​អ្នក​វិទ្យាសាស្ត្រ​ក៏​ដោយ​ក៏​មិនមែន​ពួកគេ​ទាំងអស់​នោះ​ដែរ ដែល​បាន​ក្លាយ​ជា​អ្នក​វិទ្យាសាស្ត្រ​ពិត​ប្រាកដ។ ការ​គិត​របស់​មនុស្ស​យើង​គ្រប់​គ្នា​សុទ្ធតែ​មាន​ភាព​លម្អៀង លម្អៀង​នៅ​ត្រង់​ថា​ពួក​យើង​មិន​ចូលចិត្ត​ស្ដាប់​គំនិត​ណា​ដែល​ផ្ទុយ​ពី​គំនិត​របស់​ខ្លួនឯង​នោះ​ទេ រីឯ​ការ​ស្រាវជ្រាវ​ក៏​ដូច​គ្នា​ដែរ​ដែល​ធ្វើឲ្យ​មនុស្ស​តម្រង់​រក​តែ​ការ​ស្រាវជ្រាវ​ណា​ដែល​ស្រប​គ្នា​ជាមួយ​នឹង​គំនិត​បច្ចុប្បន្ន​របស់​ខ្លួន។ ចំណេះដឹង​ដែល​អ្នក​មាន​បច្ចុប្បន្ន​នេះ ក៏​មិន​ខុស​គ្នា​ពី​ផ្ទះ​ដែល​សង់​ឡើង​មួយ​ជាន់ៗ​តៗ​គ្នា​ដែល​មាន​គ្រឹះ​បុក​នៅ​ខាងក្រោម​នោះ​ដែរ។

ចំណេះដឹង​របស់​អ្នក​កកើត​ចេញ​ពី​ការ​ភ្ជាប់​ទំនាក់ទំនង​គ្នា​រវាង​បទពិសោធន៍​ក្នុង​ជីវិត ស្ថានភាព​ផ្ទាល់ខ្លួន និង​ការ​សិក្សា​របស់​អ្នក​រៀង​ខ្លួន ដូច្នេះ​ចំណេះដឹង​របស់​មនុស្ស​ម្នាក់ៗ​មិន​ដូច​គ្នា​នោះ​ទេ មានន័យ​ថា​ការ​យល់​ឃើញ​របស់​មនុស្ស​ម្នាក់ៗ​ទៅលើ​រឿង​មួយ​ក៏​មិន​ដូច​គ្នា​ដែរ នេះ​ជា​រឿង​ធម្មតា​នោះ​ទេ​ប៉ុន្តែ​អ្វី​ដែល​សំខាន់ បើ​សិន​ជា​ផ្ទះ​របស់​អ្នក​មិន​មាន​គ្រឹះ​រឹងមាំ តើ​វា​នឹង​ក្លាយ​ជា​បែប​ណា​ទៅវិញ ? ត្រង់​ចំណុច​នេះ​ឯង​ដែល​ចង់​បង្ហាញ​ពី​ការ​ភ័ន្ត​ច្រឡំ​ថា​ខ្លួនឯង​ចេះ​អស់​ហើយ។ អ្នក​នឹង​ចាប់ផ្ដើម​យល់​ថា​ហេតុអ្វី​ការ​សង្ស័យ​និង​ការ​សួរ​សំណួរ​ជា​រឿង​សំខាន់​បំផុត ជាពិសេស​បើ​អ្នក​ចេះ​សួរ​សំណួរ​ត្រឹមត្រូវ​ទៀត នោះ​សំណួរ​ត្រឹមត្រូវ​នេះ​នឹង​នាំ​អ្នក​រក​ឃើញ​ការ​ពិត​មិនខាន។

មុន​នឹង​ជឿជាក់​លើ​ការ​ស្រាវជ្រាវ​អះអាង​អ្វីមួយ វា​មិន​សំខាន់​នៅ​ត្រង់​ថា​ជា​នរណា​ជា​អ្នក​អះអាង គេ​មាន​តួនាទី​ជា​អ្វី ភស្តុតាង​ជា​លេខ​ឬ​ក្រាប ឬ​រូបមន្ត​គណនា​ស្មុគស្មាញ​អ្វី​ក៏​ដោយ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​សួរ​បន្ត​ថា​តើ​គេ​ប្រើប្រាស់​វិធីសាស្ត្រ​របៀប​ណា​ដើម្បី​ទទួល​បាន​ទិន្នន័យ​បែប​នោះ​មក។ ម្យ៉ាងទៀត​អ្នក​មិន​ត្រូវ​បញ្ឈប់​ត្រឹម​នេះ​នោះ​ទេ បើ​ទោះ​ជា​វិធីសាស្ត្រ​របស់​ពួកគេ​ស្រប​តាម​ស្តង់ដា​គួរឲ្យ​ទុកចិត្ត​ក៏ដោយ តែ​ត្រូវ​បន្ត​ស្រាវជ្រាវ​រក​ពី​ប្រភព​ស្រាវជ្រាវ​ផ្សេង​ទៀត​ថា​តើ​គេ​មាន​អ្វី​ផ្សេង​ខុស​ពី​នេះ​ទេ ? ទោះជាយ៉ាងណាក៏ដោយ អ្វី​ដែល​អ្នក​ត្រូវ​តែ​មាន​នោះ​គឺជា​ការ​សង្ស័យ​និង​បន្ត​ជជីក​សួរ​ជានិច្ច។

អ្នក​មិន​ត្រូវ​បិទ​ជិត​ចំណេះដឹង​ខ្លួនឯង​ជាមួយ​នឹង​ជំនឿ​ណាមួយ​នោះ​ឡើយ បើ​អ្នក​បញ្ឈប់​សួរ​ត្រឹម​ណា អ្វី​ដែល​អ្នក​ទទួល​បាន​គឺ​ប៉ុណ្ណឹង​ឯង ពោល​គឺ​ចំណេះដឹង​របស់​អ្នក​មាន​ដែន​កំណត់​បញ្ចប់​ត្រឹម​នោះ​ឯង៕

ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ ឫសគល់៤​យ៉ាង​ ដែល​​ធ្វើ​​ឲ្យ​មនុស្ស​​សឹង​គ្រប់គ្នា​មាន​ការ​គិត​លម្អៀង ​ដោយ​មិន​ដឹង​ខ្លួន

X
5s