តើអ្វីទៅគឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មឲ្យពិតប្រាកដ ?​



កន្លង​មក​យើង​តែងតែ​ធ្លាប់​ឮ​គេ​ថា ទទួលទាន​ប្រភេទ​បន្លែ​និង​ផ្លែឈើ​មួយ​ចំនួន​ជួយ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​នៅ​ក្នុង​រាងកាយ​របស់​អ្នក ដើម្បី​ទប់ស្កាត់​នឹង​ភាព​ចាស់​ជ្រីវជ្រួញ​និង​ការ​បង្ក​ជំងឺ​កាច​សាហាវ​ផ្សេងៗ។ ប៉ុន្តែ តើ​អ្វី​ទៅ​គឺជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ឲ្យ​ពិត​ប្រាកដ ? តើ​សារធាតុ​ទាំងនោះ​មាន​សកម្មភាព​យ៉ាង​ដូចម្ដេច ដើម្បី​ទៅ​ទប់ស្កាត់​អ្នក​ពី​អ្វី​ដែល​អ្នក​មិន​ចង់​បាន​ទាំងនោះ ?

ប្រភព​ដែល​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​គឺជា​បន្លែ​និង​ផ្លែឈើ គ្រាប់​ធញ្ញជាតិ វីតាមីនA,C និងE។ តាមរយៈ​ការ​ស្រូប​យក​ខ្យល់​បំពុល និង​ការ​ជក់​បារី អ្នក​អាច​ស្រូប​មក​ជាមួយ​នឹង​សមាសធាតុ​ម្យ៉ាង​ដែល​គេ​ហៅថា រ៉ាឌីកាល់​សេរី សេរី​ក៏​ព្រោះ​តែ​សមាសធាតុ​ទាំងនោះ​បើ​កាលណា​ចូល​ដល់​កោសិកា​របស់​អ្នក​ហើយ វា​ងាយ​នឹង​មាន​ប្រតិកម្ម​ដោយ​ភ្ជាប់​ខ្លួន​វា​ជាមួយ​នឹង​កោសិកា​រស់​របស់​អ្នក និង​បំផ្លាញ​កោសិកា​ទាំងនោះ ជាហេតុ​នាំឲ្យ​វិវត្ត​ជា​ជំងឺ​មហារីក។

តាម​ពិត​ទៅ​នៅ​ក្នុង​រាងកាយ​របស់​អ្នក ក៏​មាន​ប្រព័ន្ធ​សម្រាប់​ទប់ទល់​ជាមួយ​នឹង​ពពួក​រ៉ាឌីកាល់​សេរី​ទាំងនោះ​ដែរ ប៉ុន្តែ​វា​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​នោះ​ឡើយ ហេតុនេះ​ហើយ​ទើប​បាន​ជា​អ្នក​ត្រូវការ​កម្លាំង​ជំនួយ​បន្ថែម​ដើម្បី​ទប់ទល់​និង​កម្ចាត់​ចេញ​នូវ​កាកសំណល់​ទាំងនោះ។ ដូច្នេះ​ភារកិច្ច​នេះ​ក៏​ត្រូវ​ប្រគល់​ឲ្យ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​នេះ​ឯង ព្រោះ​នៅ​ពេល​អ្នក​ទទួលទាន​សារធាតុ​ទាំងនេះ​ពី​បន្លែ និង​ផ្លែឈើ​ដែល​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​នេះ វា​នឹង​ទៅ​ភ្ជាប់​ខ្លួន​វា​ជាមួយ​នឹង​រ៉ាឌីកាល់​សេរី។

នៅ​ពេល​នោះ រ៉ាឌីកាល់​សេរី​នឹង​មិន​អាច​សេរី​តទៅ​ទៀត ដើម្បី​ទៅ​បំផ្លាញ​កោសិកា​អ្នក​ឲ្យ​ងាប់​និង​វិវត្ត​ជា​ជំងឺ​បាន​នោះ​ឡើយ។ កាហ្វេ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​បង្ការ​អ្នក​ពី​មហារីក​ថ្លើម​បាន។ ក្រៅ​ពី​នេះ អាហារ​ដែល​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​នៅ​មាន​ក្នុង​ប្រភេទ​បន្លែ​និង​ផ្លែឈើ​ដូចជា ប៉េងប៉ោះ ការ៉ុត ប៉ោម ដំឡូង ស្ពៃ គ្រាប់​ធញ្ញជាតិ សណ្ដែក ក្រូច ទំពាំងបាយជូរ ស្ត្រប៊ឺរី ផ្កា​ខាត់ណា (broccoli) និង​មាន​នៅ​ក្នុង​តែ​បៃតង​និង​ស្រា​ក្រហម​ផង​ដែរ។

អាហារ​ប្រភេទ​នេះ​មិន​ត្រឹមតែ​មាន​ប្រយោជន៍​នៅ​ត្រង់​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​វា​មាន​នោះ​ទេ តែ​ថែម​ទាំង​សារធាតុ​ខនិជ ប្រូតេអ៊ីន ជាតិ​ទឹក ដែល​ជួយ​ដល់​សុខភាព​អ្នក​ក្នុង​ផ្នែក​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ។ ដើម្បី​ទទួល​បាន​ប្រយោជន៍​ពី​សារធាតុ​បំប៉ន​ទាំងនោះ​កាន់តែ​មាន​ប្រសិទ្ធភាព ជាការប្រសើរ​បំផុត​ដែល​អ្នក​គួរ​តែ​ទទួលទាន​អាហារ​ចម្រុះ​ពណ៌​ពី​ប្រភព​អាហារ​ចម្រុះ​គ្នា​ឲ្យ​បាន​ច្រើន៕

ដោយ៖ ស្រីពៅ

X
5s