មានអ្វីទៅនៅក្នុងអាគុយ ដែលផ្ដល់ថាមពលដល់យានជំនិះរបស់អ្នកឲ្យទៅមុខបាន ?​



តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ទេ​ថា តើ​មាន​អ្វី​ខ្លះ​នៅ​ក្នុង​អាគុយ​ដែល​អាច​ដំណើរការណ៍​ម៉ូតូ​ឬ​រថយន្ត​របស់​អ្នក​បាន ? បើ​ចូល​ដល់​ខាងក្នុង​របស់​អាគុយ តើ​មាន​ទំនាក់ទំនង​អ្វីខ្លះ​ដែល​កើតឡើង​ដើម្បី​ផ្ដល់​ថាមពល​ដល់​យានជំនិះ​របស់​អ្នក​ឲ្យ​ទៅ​មុខ​បាន ? នេះ​គ្រាន់តែ​ជា​បាតុភូត​ធម្មជាតិ​របស់​ម៉ូលេគុល​អាតូម​តូចៗ​ដែល​មើល​មិន​ឃើញ​នឹង​ភ្នែក​មនុស្ស ដែល​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ទាញ​យក​ប្រយោជន៍​ពី​បាតុភូត​ធម្មជាតិ​នេះ​យក​មក​ប្រើប្រាស់ ដើម្បី​ផ្ដល់​កំណើត​ដល់​ឧបករណ៍​អេឡិចត្រូនិក​ទាំងអស់​នៅ​លើ​សកលលោក​នេះ​តែ​ប៉ុណ្ណោះ​ឯង។

នៅ​ក្នុង​ខ្លួន​អ្នក​ក៏​ដោយ វត្ថុ​អ្វី​ក៏​ដោយ ពោល​គឺ​គ្រប់​យ៉ាង​ទាំងអស់​សុទ្ធតែ​បង្ក​ឡើង​ពី​អាតូម។ រាល់​អាតូម​ទាំងអស់​សុទ្ធតែ​មាន​បន្ទុក​វិជ្ជមាន និង​បន្ទុក​អវិជ្ជមាន​សមាមាត្រ​នឹង​គ្នា ឬ​ចំនួន​បន្ទុក+​ស្មើគ្នា​នឹង​បន្ទុក-​ក្នុង​អាតូម​នីមួយៗ។ បន្ទុក​វិជ្ជមាន​និង​បន្ទុក​ណឺត​តែងតែ​នៅ​ជាមួយ​គ្នា​បង្ក​ជា​ណ្វៃយ៉ូ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​អាតូម និង​មាន​បន្ទុក​អវិជ្ជមាន​វិល​ជុំវិញ​ណ្វៃយ៉ូ​របស់​អាតូម។ ចំនួន​បន្ទុក​វិជ្ជមាន​ដែល​អាតូម​មួយ​មាន កំណត់​ទៅលើ​លក្ខណៈ​គីមី​របស់​អាតូម​នេះ។ ក៏​ដោយសារ​តែ​ដឹង​ពី​ចំនួន​បន្ទុក​វិជ្ជមាន​របស់​អាតូម​នីមួយៗ​នេះ ទើប​គេ​អាច​បែងចែក​ដាច់​ពី​គ្នា​បាន​ថា​អាតូម​នេះ​ជា​អាតូម​ទង់ដែង ឬ​ក៏​អាតូម​អ៊ីដ្រូហ្សែន ឬ​ដែក​ជា​ដើម។

ប៉ុន្តែ បន្ទុក​វិជ្ជមាន​របស់​អាតូម មិន​មាន​សមត្ថភាព​អាច​ធ្វើ​អ្វី​បាន​នោះ​ឡើយ ដោយសារ​តែ​កម្លាំង​ដ៏​ខ្លាំង​របស់​ដែល​ទាញ​បន្ទុក​វិជ្ជមាន​ឲ្យ​ជាប់​គ្នា​ជាមួយ​បន្ទុក​ណឺត​នៅ​ក្នុង​ណ្វៃយ៉ូ​មិន​អាច​ផ្ដាច់​ចេញ​ពី​គ្នា​ទៅ​ណា​បាន។ បន្ទុក​អវិជ្ជមាន​ក៏​រង​កម្លាំង​ពី​បន្ទុក​វិជ្ជមាន​ដែល​ទាញ​វា​ឲ្យ​វិល​ជុំវិញ​ណ្វៃយ៉ូ​របស់​អាតូម​ដែរ ប៉ុន្តែ​បន្ទុក​អវិជ្ជមាន​ទាំងអស់​មិន​ផ្ដុំ​គ្នា​នៅ​តែ​មួយ​ស្រទាប់​ជុំវិញ​ណ្វៃយ៉ូ​នោះ​ទេ ក៏​មិន​ខុស​គ្នា​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​ដែល​មាន​គន្លង​ជាច្រើន​ដែល​ភព​នីមួយៗ​វិល​ជុំវិញ​ព្រះអាទិត្យ​ដែល​នៅ​ចំ​កណ្ដាល​នោះ​ដែរ។

ដូចនេះ បើ​ភព​ណា​វិល​កាន់តែ​ឆ្ងាយ​ពី​ព្រះអាទិត្យ កម្លាំង​ដែល​ទទួល​រង​ពី​ព្រះអាទិត្យ​ក៏​កាន់តែ​ខ្សោយ​ជាង​ភព​ដែល​នៅ​ជិត​ព្រះអាទិត្យ​ជាង​គេ​ដែរ។ រីឯ​ណ្វៃយ៉ូ​របស់​អាតូម​វិញ ចំពោះ​បន្ទុក​អវិជ្ជមាន​ដែល​នៅ​ស្រទាប់​ក្រៅ​គេ​បង្អស់​នឹង​ទទួល​រង​កម្លាំង​តិច​ពី​វា ដូចនេះ​ពួក​វា​ងាយ​នឹង​ហោះហើរ​ចេញ​ដោយ​សេរី​ពី​ណ្វៃយ៉ូ​អាតូម​របស់​វា ដោយ​គ្រាន់តែ​មាន​កម្លាំង​ពី​ខាងក្រៅ​ជំរុញ​ប៉ុណ្ណោះ។ បាតុភូត​ធម្មជាតិ​នេះ​ឯង​ដែល​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ផលិត​ឧបករណ៍​ទាំងអស់​ទាញ​យក​ប្រយោជន៍​ដើម្បី​បង្កើត​ជា​ចរន្ត​អគ្គិសនី​ឡើង។

ច្បាប់​របស់​អាតូម គឺ​ចំនួន​បន្ទុក​វិជ្ជមាន​និង​អវិជ្ជមាន​ត្រូវ​តែ​ស្មើគ្នា​ជានិច្ច។ ដូច្នេះ ដោយ​គ្រាន់តែ​ធ្វើឲ្យ​វា​មិន​ស្មើគ្នា​នោះ​យើង​អាច​បង្កើត​ចរន្ត​អគ្គិសនី​បាន​ហើយ។ ប៉ុន្តែ មិនមែន​បន្ទុក​អវិជ្ជមាន​ស្រទាប់​ក្រៅ​នៅ​ក្នុង​គ្រប់​ប្រភេទ​អាតូម​ទាំងអស់ សុទ្ធតែ​ងាយ​នឹង​ហោះហើរ​ចេញ​ពី​ណ្វៃយ៉ូ​របស់​វា​នោះ​ឡើយ មានន័យ​ថា​វា​ក៏​មិន​ងាយ​នឹង​ចម្លង​ចរន្ត​អគ្គិសនី​ដែរ ដែល​នេះ​ហើយ​គឺជា​លក្ខណៈ​ដែល​អ៊ីសូឡង់​មាន។ ផ្ទុយទៅវិញ​ចំពោះ​ប្រភេទ​អាតូម​ដូចជា​ទង់ដែង ប្រាក់ អាលុយមីញ៉ូម​ជាដើម បន្ទុក​អវិជ្ជមាន​ស្រទាប់​ក្រៅ​របស់​អាតូម​ទាំងនេះ​សុទ្ធតែ​ងាយ​នឹង​ហោះហើរ​ចេញ​ពី​ណ្វៃយ៉ូ​របស់​វា។ ហេតុនេះ​ហើយ​ទើប​គេ​តែងតែ​ប្រើប្រាស់​វត្ថុ​ទាំងនេះ​ជា​ខ្សែភ្លើង ឬ​ក្នុង​គោលដៅ​ផ្សេង​ៗ​សម្រាប់​ចម្លង​ចរន្ត។

ដូច​បាន​រៀបរាប់​ខាងលើ យើង​ដឹង​ហើយ​ថា​អាតូម​ដែល​មាន​បន្ទុក​អវិជ្ជមាន​ស្រទាប់​ក្រៅ​ដែល​ងាយ​នឹង​ហើរ​ចេញ​ពី​ណ្វៃយ៉ូ នឹង​កាន់តែ​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ចរន្ត​អគ្គិសនី ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ចំនួន​បន្ទុក​វិជ្ជមាន​និង​អវិជ្ជមាន​មិន​ស្មើគ្នា ពោល​គឺ​ត្រូវ​ប្រើប្រាស់​កម្លាំង​ណាមួយ​ដើម្បី​ទាក់ទាញ​បន្ទុក​អវិជ្ជមាន​របស់​វា​ឲ្យ​ចេញ​ពី​ណ្វៃយ៉ូ នោះ​អាតូម​របស់​វា​នឹង​ខ្វះ​បន្ទុក- ហើយ​កើន​បន្ទុក+ វិញ។ នៅ​ពេល​វា​មិន​ស្មើគ្នា តាម​ច្បាប់​របស់​អាតូម​ខ្លួន​វា វា​នឹង​ព្យាយាម​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ចំនួន​បន្ទុក​ទាំងពីរ​មាន​តុល្យភាព​នឹង​គ្នា​ក្នុង​អាតូម។

អតុល្យភាព​នេះ​ហើយ​ដែល​បង្ក​ជា​កម្លាំង​ឲ្យ​បន្ទុក​អវិជ្ជមាន​ព្យាយាម​ស្វែងរក​តុល្យភាព ដែល​ចលនា​នេះ​បង្កើត​ជា​ចរន្ត​អគ្គិសនី​នៅ​ក្នុង​ខ្សែភ្លើង។ អាតូម​ដែល​ទទួល​រង​កម្លាំង​ធ្វើឲ្យ​បន្ទុក​អវិជ្ជមាន​ចេញ​ពី​ណ្វៃយ៉ូ នឹង​មាន​ចំនួន​បន្ទុក​វិជ្ជមាន​លើស​បន្ទុក​អវិជ្ជមាន ដូចនេះ​វា​នឹង​ក្លាយ​ជា​អ៊ីយ៉ុង គឺជា​អ៊ីយ៉ុង​វិជ្ជមាន។ ចំណែក​ឯ​អាតូម​ដែល​បាន​ទាញ​យក​បន្ទុក​អវិជ្ជមាន​ពី​គេ ហើយ​កើន​ចំនួន​បន្ទុក​អវិជ្ជមាន​ជាហេតុ​នាំឲ្យ​ខ្វះ​ចំនួន​បន្ទុក​វិជ្ជមាន ដូចនេះ​វា​នឹង​ក្លាយ​ជា​អ៊ីយ៉ុង​អវិជ្ជមាន។ កម្លាំង​ដែល​យើង​អាច​ប្រើប្រាស់​ដើម្បី​ជំរុញ​អតុល្យភាព​នេះ​ឡើង អាច​ជា​កម្លាំង​កកិត ដូចជា​ក្នុង​រដូវ​រងា​ពេល​អ្នក​ដោះ​អាវ​ដែល​ធ្វើ​ឡើង​ពី​កប្បាស​ចេញ អ្នក​នឹង​សង្កេត​ឃើញ​មាន​ផ្កា​ភ្លើង​ព្រាកៗ​ចេញ​មក ដែល​នេះ​កើត​ឡើង​ដោយសារ​ការ​បន្ទេរ​បន្ទុក​គ្នា​ទៅវិញ​ទៅមក​រវាង​អាតូម​ដែល​បង្ក​អ្នក​និង​អាតូម​របស់​ក្រណាត់​កប្បាស ដោយសារ​តែ​មាន​បន្ទេរ​មានន័យ​ថា​អាតូម​នៅ​ម្ខាង​នឹង​ទាញ​យក​បន្ទុក​អវិជ្ជមាន​ពី​អាតូម​ម្ខាង​ទៀត ដូចនេះ​អតុល្យភាព​នេះ​ក៏​បង្ក​ជា​ចរន្ត​អគ្គិសនី​ជា​ផ្កា​ភ្លើង​ព្រាកៗ​នេះ​ឯង។

លើស​ពី​នេះ​កម្លាំង​អាច​ជា​ការ​ដុត​កម្ដៅ និង​អាច​ជា​ប្រតិកម្ម​គីមី ដែល​ជា​គំនិត​មូលដ្ឋាន​នៅ​ពី​ក្រោយ​ដំណើរការណ៍​របស់​អាគុយ។ នៅ​ក្នុង​អាគុយ ធ្វើ​ឡើង​ពី​អេឡិចត្រូត​លោហៈ​នៅ​សង​ខាង ដែល​សម្រាប់​អាគុយ​ខ្លះ​ម្ខាង​អាច​ជា​សំណ (ព្រោះ​វា​ចម្លង​ចរន្ត) និង​ម្ខាង​ទៀត​អាច​ជា​សំណ​ឌីអុកស៊ីត ដែល​ចម្លង​ចរន្ត​ដូច​គ្នា​ដែរ ហើយ​ដាក់​លោហៈ​ចម្លង​ចរន្ត​ទាំងពីរ​នេះ​ជ្រមុជ​នៅ​ក្នុង​អាស៊ីដ​ស៊ុលផួរិច​ខាប់។ គឺ​ទំនាក់ទំនង ឬ​ប្រតិកម្ម​អគ្គិសនី​គីមី​រវាង​ពួក​វា​នេះ​ហើយ​ជា​អ្នក​ជំរុញ​ឲ្យ​មាន​ដំណើរការណ៍​បង្កើត​ចរន្ត​អគ្គិសនី​នៅ​ក្នុង​អាគុយ៕

ដោយ៖ ស្រីពៅ

X
5s