គោលដៅនៃការស្វែងរកចំណេះដឹងពិត គឺជាផ្លូវបញ្ច្រាសពីភាពប្រាកដប្រជានឹងចំណេះខ្លួនឯង​



សង្គម​តែងតែ​លើក​តម្កើង​នូវ​ភាព​ប្រាកដប្រជា​ថា​ជា​ចំណេះដឹង និង​បង្អាប់​ចោល​នូវ​ការ​មាន​មន្ទិល​សង្ស័យ​និង​សួរ​សំណួរ​ឆ្ងល់​ច្រើន​ថា​ជា​ភាព​ល្ងង់ខ្លៅ។ ប៉ុន្តែ Bertrand Russel បាន​ពោល​ថា៖ "បញ្ហា​ដ៏​ចម្បង​នៅ​ក្នុង​ពិភពលោក​នេះ កើតឡើង​នៅ​ពេល​ដែល​មនុស្ស​ល្ងង់ខ្លៅ​ពោរពេញ​ទៅ​ដោយ​ភាព​ប្រាកដប្រជា​នឹង​ខ្លួនឯង រីឯ​មនុស្ស​ចេះ​ដឹង​បែរ​ជា​មាន​ភាព​មន្ទិល​សង្ស័យ​ទៅវិញ"។

នៅ​ពេល​មនុស្ស​មាន​ភាព​ប្រាកដប្រជា​ទៅលើ​អ្វីមួយ មានន័យ​ថា​ពួកគេ​មាន​ជំនឿ​ជឿជាក់​ចំពោះ​អ្វីមួយ​នោះ​ហើយ។ តើ​អ្នក​មាន​ដឹង​ទេ​ថា គោលដៅ​នៃ​ការ​ស្វែងរក​ចំណេះដឹង​ពិត​ពុំ​មែន​ជា​ភាព​ប្រាកដប្រជា​នោះ​ឡើយ តែ​ជា​ភាព​មន្ទិល​សង្ស័យ​ទៅវិញ ?

តើ​អ្នក​មាន​ដឹង​ទេ​ថា មនុស្ស​ដែល​ងាយ​ឆបោក​បំផុត​គឺជា​មនុស្ស​ប្រភេទ​បែប​ណា ? នោះ​គឺជា​មនុស្ស​ដែល​ឆាប់​ជឿ​នេះ​ឯង។ ហេតុអ្វី ? ពី​ព្រោះ​បើ​កាលណា​មនុស្ស​មាន​ជំនឿ​ជឿជាក់​ងប់ងុល​ខ្លាំង​ទៅលើ​អ្វីមួយ ដោយ​ខ្វះ​វិចារណញ្ញាណ​មក​រិះគិត នោះ​ពួកគេ​បាន​គូស​ខ្សែ​បន្ទាត់​បិទ​ជិត​ចំណេះដឹង​របស់​ពួកគេ​ត្រឹម​នោះ​ហើយ។ ភាព​ប្រាកដប្រជា​ដែល​នាំ​ទៅ​រក​ជំនឿ​នេះ មិន​អាច​នាំ​អ្នក​ឲ្យ​រក​ឃើញ​ការ​ពិត​ពី​ចំណេះដឹង​បាន​ឡើយ ផ្ទុយទៅវិញ​វា​គឺជា​ភាព​មន្ទិល​សង្ស័យ ងឿងឆ្ងល់​ច្រើន និង​សួរ​នាំ​ច្រើន​ទៅវិញ​ទេ ទើប​នាំ​អ្នក​ឲ្យ​រក​ឃើញ​ឫសគល់​អំពី​បញ្ហា​អ្វីមួយ​ពិត​ប្រាកដ​បាន។ ភាព​ប្រាកដប្រជា​នឹង​នាំ​មនុស្ស​ឲ្យ​មាន​អំនួត​ក្អេងក្អាង​ទៅលើ​អ្វី​ដែល​ពួកគេ​បាន​រៀន​ចេះដឹង​កន្លង​មក ប៉ុន្តែ​ការ​ដែល​មិន​ស្គាល់​ថា​ខ្លួនឯង​ល្ងង់ខ្លៅ នោះ​ហើយ​គឺជា​ភាព​ល្ងង់ខ្លៅ​ពិត​ប្រាកដ​ដែល​មនុស្ស​ប្រភេទ​នេះ​មាន។

ដូច Amos Branson Alcott ពោល​ថា៖ "ល្ងង់ខ្លៅ​ចំពោះ​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួនឯង គឺជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​របស់​មនុស្ស​ល្ងង់ខ្លៅ"។ នៅ​ត្រង់​ចំណុច​ណា​ដែល​អ្នក​បញ្ឈប់​ការ​ជជីក​សួរ​នាំ​ហើយ ត្រង់​ចំណុច​នោះ​ឯង​ដែល​អ្នក​បាន​គូស​ខ្សែ​បន្ទាត់​កំណត់​ព្រំដែន​ឲ្យ​ចំណេះដឹង​របស់​ខ្លួនឯង​ឲ្យ​ចប់​នៅ​ត្រឹម​ហ្នឹង។ បើ​អ្នក​រំដោះ​ខ្លួនឯង​ចេញ​ពី​ជំនឿ​ដែល​ខ្វាក់​ភ្នែក​ទាំងនោះ ហើយ​ដាក់​គោលដៅ​ស្វែងរក​ការ​ពិត​អំពី​ចំណេះដឹង នោះ​អ្នក​នឹង​រក​ឃើញ​ថា​វា​ប្រៀប​ដូចជា​ដំណើរ​ផ្សងព្រេង​មួយ​ដែល​មិន​ចេះ​ចប់​ដូច្នោះ។ កាន់តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត អ្នក​នឹង​ដឹង​ថា បើ​អ្នក​ដឹង​កាន់តែ​ច្រើន​ប៉ុណ្ណា នោះ​អ្នក​នឹង​ដឹង​ថា​ខ្លួនឯង​កាន់តែ​ល្ងង់​ប៉ុន​នោះ។ ភាព​ជោគជ័យ​នៅ​ក្នុង​សាលា​របស់​បុគ្គល​ម្នាក់​គឺជា​ភាព​ប្រាកដប្រជា​របស់​គេ​ទៅលើ​ចំណេះដឹង​របស់​ខ្លួនឯង។ តេស្ត​ប្រឡង​ដែល​ធ្វើការ​វាស់​សមត្ថភាព​ចំណេះដឹង បាន​ដាក់​ជម្រើស​មក​ឲ្យ​គេ​ថា បើ A ត្រូវ​ហើយ នោះ B មិន​អាច​ត្រឹមត្រូវ​នោះ​ឡើយ។ ខួរក្បាល​របស់​ក្មេង​ដែល​បាន​បណ្ដុះ​និង​ហ្វឹកហាត់​តម្រង់​ឲ្យ​គិត​ក្នុង​របៀប​ណា នោះ​ពួកគេ​នឹង​មាន​ទម្លាប់​គិត​របៀប​នោះ​នៅ​ពេល​ពេញវ័យ។

ក្មេង​ត្រូវ​តែ​ទទួល​បាន​ការ​បង្រៀន​ទៅលើ​ថា​តើ​ត្រូវ​គិត​របៀប​ណា ពុំ​មែន​បង្គាប់​ពី​អ្វី​ដែល​ត្រូវ​គិត​នោះ​ឡើយ។ មនុស្ស​តែងតែ​ឲ្យ​តម្លៃ​ទៅលើ​លទ្ធផល​ពី​សាលា​របស់​បុគ្គល ហួសហេតុ​ពេក​រហូត​សម្ពាធ​មួយ​នេះ​បាន​បង្គាប់​ឲ្យ​មនុស្ស​មាន​ផ្នត់​គំនិត​មួយ​ថា បើ​ពួកគេ​បរាជ័យ​នៅ​ក្នុង​សាលា នោះ​ពួកគេ​ក៏​មិន​អាច​ជោគជ័យ​នៅ​ក្នុង​ជីវិត​ឡើយ។ បើ A ត្រូវ​ហើយ នោះ B គ្មាន​ផ្លូវ​នោះ​ឡើយ​ដែល​អាច​ត្រឹមត្រូវ​បាន​នោះ។ ក្នុង​ឆាក​ជីវិត​ពិត វា​ពុំ​មែន​ជា​អ្វី​ដែល​ត្រូវ​គិត​នោះ​ឡើយ​ដែល​សំខាន់ តែ​គឺជា​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​គិត។ បើ​ផ្លូវ A បរាជ័យ អ្នក​នៅ​មាន​ផ្លូវ B បើ​ផ្លូវ B មិន​អាច​ទៅ​រួច​ទៀត ដូច្នេះ​បង្កើត​ផ្លូវ​ដើរ​ដោយ​ខ្លួនឯង​ទៅ។ ផ្លូវ​ដែល​គេ​ដើរ​ច្រើន​មិន​ទៀង​ថា​ជា​ផ្លូវ​ត្រឹមត្រូវ​រហូត​នោះ​ទេ។

ប៉ុន្តែ​ហេតុអ្វី​បុគ្គល​ដែល​ទទួល​បាន​និទ្ទេសA​ក្នុង​សាលា តែងតែ​ពូកែ​តែ​ក្នុង​សាលា តែ​បរាជ័យ​នៅ​ក្នុង​ជីវិត​សង្គម​ដូច្នោះ ? នេះ​គឺ​មក​ពី​ពួកគេ​ត្រូវ​បាន​បង្រៀន​ឲ្យ​គិត​របៀប​នេះ ជា​របៀប​នៃ​ការ​គិត​ដែល​តូច​ចង្អៀត​បំផុត។ អ្នក​នឹង​កត់សម្គាល់​ឃើញ​ថា អ្នក​ពូកែ​ក្នុង​សាលា​ភាគច្រើន ពូកែ​តែ​ចំណេះដឹង​ដែល​មាន​នៅ​ក្នុង​សៀវភៅ​និង​ក្នុង​ថ្នាក់​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​ពួកគេ​គ្មាន​គំនិត​អ្វី​នោះ​ឡើយ។ ជាថ្មី​ម្ដង​ទៀត គោលដៅ​នៃ​ការ​ស្វែងរក​ចំណេះដឹង​ពិត ពុំ​មែន​ជា​ភាព​ប្រាកដប្រជា​ទៅលើ​អ្វី​ដែល​ខ្លួនឯង​ចេះ​នោះ​ទេ តែ​គឺជា​ភាព​ងឿងឆ្ងល់​និង​មាន​មន្ទិល​សង្ស័យ។

នៅ​ពេល​ពួកគេ​យល់​ពី​ចំណុច​នេះ ពួកគេ​មិន​គូស​ដែន​កំណត់​ចំណេះដឹង​ខ្លួនឯង​ត្រឹម​សាលា​នោះ​ទេ ពួកគេ​នឹង​ពង្រីក​ដែន​កំណត់​ចំណេះដឹង​នេះ​រហូត​ដល់​ដង្ហើម​ចុងក្រោយ។ ពួកគេ​នឹង​មាន​គំនិត​ច្រើន យល់​ពី​បញ្ហា​សង្គម បញ្ហា​ជីវិត វិទ្យាសាស្ត្រ បច្ចេកវិទ្យា ប្រវត្តិសាស្ត្រ​ជាដើម ដែល​ចំណេះដឹង​ទូលំទូលាយ​ទាំងនេះ​នឹង​បណ្ដុះ​នូវ​សមត្ថភាព​ក្នុង​ការ​រិះគិត​វិភាគ និង​ថ្លឹងថ្លែង​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​ពេល​មាន​បញ្ហា​កើតឡើង ហេតុនេះ​ពួកគេ​មិន​ចេះ​ទាល់​នោះ​ឡើយ។ យ៉ាងណាមិញ នៅ​ពេល​ចំណេះដឹង​របស់​បុគ្គល​ម្នាក់​បាន​ផ្ដេកផ្ដួល​ទៅលើ​កិត្តិយស​ដែល​បញ្ជាក់​ពី​និទ្ទេស​ល្អ​ក្នុង​សាលា​និង​សញ្ញាប័ត្រ ពួកគេ​នឹង​បញ្ឈប់​ចំណេះដឹង​របស់​ខ្លួន​ត្រឹម​សាលា​នេះ​ឯង។

ពួកគេ​ឈប់​ឆ្ងល់ ឈប់​សួរ ឈប់​អាន ឈប់​ស្ដាប់ ឈប់​ស្រាវជ្រាវ ហើយ​ចាក់​សោ​ខ្លួនឯង​នៅ​ក្នុង​ជំនឿ​ដែល​ជឿ​ថា​ខ្លួនឯង​ចេះ​អស់​ហើយ។ ឡៅជឺ ធ្លាប់​ពោល​ថា៖ "ដើម្បី​បង្កើន​ចំណេះដឹង អ្នក​ត្រូវ​បន្ថែម​ទិន្នន័យ​ជា​រៀងរាល់​ថ្ងៃ។ តែ​ដើម្បី​បង្កើន​គតិបណ្ឌិត អ្នក​ត្រូវ​ដក​ចេញ​នូវ​ទិន្នន័យ​ជា​រៀងរាល់​ថ្ងៃ​វិញ" ដែល​សំដៅ​ទៅលើ​ការ​ជជីក​ឆ្ងល់​សួរ​នេះ​ឯង៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ តើចំណេះដឹងបញ្ចប់ត្រឹមណា ? មនុស្ស​ចាស់​តែង​​​ព្យាយាម​​​​ធ្វើ​​ឲ្យ​ក្មេង​ពូកែ​​ ​តែ​​​​មាន​ដឹង​​ទេ​ថា ខ្លួន​កំពុង​ប្រើប្រាស់​វិធី​ត្រូវ​ឬ​ខុស​?

X
5s