ហេតុអ្វីរន្ទះបាញ់ ផ្គរលាន់ និងភ្លៀងធ្លាក់ តែងមកជាមួយគ្នាដូចជានៅក្នុងកញ្ចប់តែមួយដូច្នោះ ?
ហេតុការណ៍ដ៏សាមញ្ញដែលអ្នកតែងជួបប្រទះជាញឹកញាប់នៅក្នុងជីវិត ដូចជានៅពេលឃើញរន្ទះបាញ់ មួយសន្ទុះក្រោយនឹងមានសំឡេងផ្គរលាន់អមដំណើរមកជាមួយគ្នា មិនយូរប៉ុន្មានដំណក់ទឹកភ្លៀងក៏ធ្លាក់មកដូចនឹងអ្វីដែលអ្នកបានរំពឹងទុកនៅក្នុងការគិតរួចមកហើយមែន។ ប៉ុន្តែ តើអ្វីទៅដែលបណ្ដាលឲ្យមានហេតុការណ៍មួយនេះកើតឡើងនៅលើភពផែនដីយើង ? ម្យ៉ាងទៀត ហេតុអ្វីក៏រន្ទះបាញ់ ផ្គរលាន់ និងភ្លៀងធ្លាក់ កើតឡើងព្រមៗគ្នាប្រៀបដូចជាក្នុងកញ្ចប់តែមួយដូច្នោះ ? តើវាមានទំនាក់ទំនងរវាងគ្នាយ៉ាងដូចម្ដេច ?
ប្រភពរូប៖ pixabay
អ្វីៗចាប់ផ្ដើមចេញមកពីព្រះអាទិត្យដំបូងគេបង្អស់ ប៉ុន្តែបើមានតែកម្ដៅព្រះអាទិត្យ ហើយមិនមានទឹក នោះក៏មិនមានទំនាក់ទំនង ដែលអាចបង្កើតជារឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍បន្តបន្ទាប់មកទៀតនោះដែរ។ អ្នកអាចសាកស្រមៃនៅពេលអ្នកដាំទឹក ទឹកត្រូវកម្ដៅនឹងរំភាយចេញនូវចំហាយឧស្ម័នរបស់ទឹកចេញមកតាមមាត់កំសៀវ។ ដូចគ្នាដែរនៅពេលព្រះអាទិត្យរះចាំងចំកន្លែងដែលមានទឹកដូចជាទឹកសមុទ្រ ទឹកស្ទឹង និងទឹកក្រោមដីជាដើម ម៉ូលេគុលទឹកមួយចំនួននឹងរំហួតជាឧស្ម័ន។ ដោយសារតែឧស្ម័នឬចំហាយទឹកនេះមានទម្ងន់ស្រាល ដូចនេះវានឹងងាយហោះឡើងទៅលើខ្ពស់ក្នុងបរិយាកាស។ បរិយាកាសកាន់តែខ្ពស់ផុតពីដីទៅ សីតុណ្ហភាពក៏នឹងកាន់តែចុះត្រជាក់ដែរ ជាហេតុនាំឲ្យចំហាយទឹកដែលធ្វើដំណើរទៅកាន់ទីខ្ពស់បម្លែងទៅជាដំណក់ទឹកតូចៗវិញ។
ប្រភពរូប៖ pixabay
នៅពេលមានខ្យល់ខ្លាំងនៅផ្នែកខាងលើដីរបស់ផែនដី ខ្យល់នេះនឹងពាំនាំយកទៅជាមួយវានូវភាគល្អិតតូចៗដូចជាធូលី ឬកម្ទេចកម្ទីតូចល្អិតផ្សេងទៀតទៅខ្ពស់ក្នុងបរិយាកាស។ ខ្យល់ខ្លាំងនឹងជំរុញឲ្យដំណក់ទឹកនិងភាគល្អិតតូចៗទាំងនេះរួមបញ្ចូលគ្នា ក៏បង្កើតជាពពក។កម្លាំងរបស់ខ្យល់ដែលបោកបក់ខ្លាំង ព្រមទាំងកម្លាំងទំនាញផែនដី បង្កជាភាពរញ៉េរញ៉ៃដល់ភាគល្អិតដែលនាំឲ្យវាបំបែកខ្លួនចេញម្ខាងម្នាក់នៅក្នុងពពកតែមួយ ដែលភាគល្អិតតូចជាងស្ថិតនៅផ្នែកខាងលើ រីឯកម្លាំងទំនាញផែនដីរុញភាគល្អិតធំជាងស្ថិតនៅផ្នែកខាងក្រោមនៃពពកវិញ។ អ្នកវិទ្យាសាស្ត្រនៅតែមិនទាន់មានចម្លើយសមស្របនៅឡើយចំពោះមូលហេតុដែលនាំឲ្យភាគល្អិតតូចជាងតែងមានទំនោរមានបន្ទុកវិជ្ជមាន ចំណែកឯភាគល្អិតធំជាងមានទំនោរមានបន្ទុកអវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដំណើរការណ៍នេះចេះតែកើតឡើង វានឹងនាំឲ្យភាពមិនស្មើគ្នាឬអតុល្យភាពរវាងបន្ទុកវិជ្ជមាននិងអវិជ្ជមានមានកាន់តែខ្លាំង ដែលអាចបង្កើតចរន្តអគ្គិសនីប្រមាណរាប់លានតង់ស្យុងឯណោះនៅក្នុងពពក។
បន្ទុកវិជ្ជមាននិងបន្ទុកអវិជ្ជមានតែងតែព្យាយាមធ្វើយ៉ាងណាដើម្បីឲ្យវាមានតុល្យភាព ហេតុនេះហើយផ្នែកខាងក្រោមនៃពពកដែលមានបន្ទុកអវិជ្ជមាន នឹងរសាត់រកទីកន្លែងណានៅលើដីដែលមានបន្ទុកវិជ្ជមានច្រើន។ បន្ទុកវិជ្ជមាននិងអវិជ្ជមានរត់រកគ្នា ដូចគ្នានឹងប៉ូលខាងជើងនិងប៉ូលខាងត្បូងរបស់មេដែកដែលឆក់ទាញគ្នាដូច្នោះដែរ។ ដូចនេះនៅពេលបន្ទុកវិជ្ជមាននិងអវិជ្ជមានគ្រប់ចំនួនឬមានតុល្យភាពហើយ លទ្ធផលគឺជាពន្លឺភ្លើងដែលភ្លឺចិញ្ចាចមួយពព្រិចភ្នែកដូចដែលអ្នកឃើញនិងហៅវាថា រន្ទះបាញ់នេះឯង។ ដោយសារតែកម្ដៅដែលរន្ទះបាញ់អាចបង្កើតបានមានរហូតដល់ទៅ២៧,៧៦០អង្សា ខ្យល់ដ៏ក្ដៅមហិមានេះនឹងឆាប់រីកមាឌ ហើយក៏បង្កើតបានជារលកសំឡេងដែលយើងតែងឮក្រោយពីមានរន្ទះបាញ់ ដែលជាសំឡេងផ្គរលាន់នេះឯង។
នៅពេលមានភ្លៀងធ្លាក់មក ទឹកនឹងបង្កើតឡើងជាថ្មី ហើយដំណើរនេះនឹងប្រព្រឹត្តទៅជាបន្តបន្ទាប់រហូត ដែលអាចទ្រទ្រង់ជីវិតសត្វលោកឲ្យមានជីវិតរស់រានបាន ដែលគេឲ្យឈ្មោះថា វដ្ដនៃទឹក៕
ដោយ៖ ស្រីពៅ