ហេតុអ្វីការការផ្ចង់ស្មារតីលើការងារតែមួយ អាចនាំអ្នកចូលទៅដល់ជម្រៅនៃគុណភាពការងារ?
ចូរប្រុងប្រយ័ត្នភាពឥតខ្លឹមសាររបស់ជីវិតដែលមមាញឹក។ ភាពមមាញឹកមិនមែនមានន័យថាជីវិតរបស់អ្នកមានគុណភាពដែរនោះទេ។ នៅពេលអ្នករវល់មមាញឹកចំពោះកិច្ចការងារច្រើន អ្នកនឹងមិនមានពេលគ្រប់គ្រាន់សម្រាប់ទុកចន្លោះឲ្យការគិតរបស់អ្នកមុជចូលទៅជម្រៅដ៏ជ្រៅនិងគិតស្រមៃបានវែងឆ្ងាយនោះឡើយ។ រីឯការងារដែលផលិតបានច្រើន មិនប្រាកដថាលទ្ធផលរបស់វាមានគុណភាពនោះដែរ។
នៅពេលអ្នកអាចធ្វើការងារច្រើនក្នុងពេលតែមួយ ថ្វីត្បិតតែអ្នកអាចឆាប់បញ្ចប់ការងារទាំងនោះដោយប្រើប្រាស់រយៈពេលខ្លី ដែលមានន័យដូចគ្នាថាអ្នកមានផលិតភាពខ្ពស់ ប៉ុន្តែបើនិយាយពីប្រសិទ្ធភាពវិញ គឺវាជារឿង២ដែលមិនអាចជំនួសគ្នាបានឡើយ។ អ្នកអាចបញ្ចប់ការងារបានរហ័ស ប៉ុន្តែអ្នកមិនអាចមុជចូលទៅដល់ជម្រៅរបស់បញ្ហានិងយល់អំពីវាបានច្បាស់នោះទេ។ រូបភាពដែលអ្នកឃើញត្រឹមតែជាស្រទាប់ខាងលើរបស់បញ្ហាប៉ុណ្ណោះ។
យ៉ាងណាមិញ នៅពេលអ្នកផ្ចង់ស្មារតីយកចិត្តទុកដាក់ទៅលើកិច្ចការតែមួយក្នុងពេលតែមួយ ដោយមិនអនុញ្ញាតឲ្យមានការរំខានពីខាងក្រៅ នោះអ្នកនឹងបានសិក្សាស៊ីជម្រៅពីបញ្ហាមួយនោះ ដែលវានឹងបើកចំហការគិតរបស់អ្នកចូលកាន់តែជ្រៅទៅៗ ហើយអ្នកក៏មើលឃើញទំនាក់ទំនងរវាងគំនិតមួយទៅនឹងគំនិតដទៃផ្សេងទៀត ដែលពេលធម្មតាអ្នកមិនធ្លាប់ដែលមើលឃើញដល់។
នៅពេលអ្នកសិក្សាស៊ីជម្រៅ អ្នកនឹងចាប់ផ្ដើមមើលឃើញរឿងជាច្រើនដែលចំណេះដឹងរបស់ខ្លួនមិនទាន់ទៅដល់ ដែលជំរុញឲ្យមានការស្រាវជ្រាវបន្តបន្ទាប់។ អ្នកក៏ឃើញទំនាក់ទំនងពីមួយទៅមួយ ដែលប្រទាក់ក្រឡាគ្នាជាច្រវាក់ខ្សែវេញត្របាញ់តជាប់គ្នា។ នៅពេលនេះហើយ ដែលអ្នកហាក់ដូចជាកំពុងស្ថិតក្នុងពិភពនៃការស្រមើស្រមៃរបស់ខ្លួន ការគិតរបស់អ្នកធ្វើដំណើរមកបន្តកន្ទុយគ្នាដូចជាទឹកដែលហូរមកតាមខ្សែលំហូររបស់វាដូច្នោះដែរ។
ប៉ុន្តែមានមនុស្សជាច្រើនដែលមិនធ្លាប់ចូលទៅដល់ដំណាក់កាលដែលស្ងប់ស្ងៀមនិងមានសន្តិភាពបែបនេះ ក៏ព្រោះតែពួកគេអនុញ្ញាតឲ្យការគិតរបស់ពួកគេមមាញឹកនឹងការងារច្រើនយ៉ាងក្នុងពេលជាមួយគ្នា ដូច្នេះវាមិនបានបើកចំហសម្រាប់ការគិតរបស់ពួកគេចូលទៅដល់ជម្រៅរបស់វានោះឡើយ។ ពេលខ្លះពួកគេធ្វើវាដោយមិនដឹងខ្លួន ដូចជាបើកសំឡេងរបស់សារទូរស័ព្ទពេលកំពុងផ្ចង់អារម្មណ៍ធ្វើការជាដើម។ ប៉ុន្តែសមត្ថភាពមួយនេះនៅពេលអ្នកកំពុងផ្ចង់អារម្មណ៍ដូច្នេះបានហើយ វាប្រៀបដូចជាអ្នកកំពុងតែតាំងសមាធិដូច្នោះដែរ។ អារម្មណ៍របស់អ្នកស្ងប់ ឯការគិតរបស់អ្នកហូរចូលមកក្នុងខួរក្បាលដូចខ្សែទឹក។
តើអ្នកដឹងទេថាហេតុអ្វីស្ថាបនិក Apple លោក ស្ទីវចប អាចនឹកឃើញដល់គំនិតដ៏ច្នៃប្រឌិតក្នុងការបង្កើតផលិតផលរបស់គាត់ឲ្យឈានមុខគេជានិច្ចបាន ? គឺជាការផ្ចង់អារម្មណ៍យ៉ាងងប់ងុលនឹងការងាររបស់គាត់តែម្យ៉ាងនេះឯង។ ភាពយឺតយ៉ាវនិងសន្សឹមៗមួយៗនេះឯងដែលបង្កើតនូវភាពល្អឥតខ្ចោះនៅក្នុងផលិតផលរបស់គាត់។
ថ្វីត្បិតតែដំណើរយឺតយ៉ាវមួយៗនេះបានធ្វើឲ្យអ្នកគ្រប់គ្រងដទៃទៀតជាច្រើនខឹងនឹងគាត់ក៏ដោយ ប៉ុន្តែវាក៏បានបង្កើតនូវភាពជោគជ័យដ៏អស្ចារ្យធំមួយមកឲ្យក្រុមហ៊ុន Apple ដែលក្នុងចន្លោះឆ្នាំ១៩៧៧ដល់១៩៨០ ចំណូលពីការលក់របស់ពួកគេទទួលបានជាង១១៨ពាន់លានដុល្លារឯណោះ៕
ដោយ៖ ស្រីពៅ